ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​ទៅ​កាន់​ប្រទេស​ជា​សមាជិក CPTPP កើន ១៥%

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៧ ខែឧសភា​កន្លង​មក​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម​ទៅ​កាន់​ប្រទេស​ជា​សមាជិក​ទាំង…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៧ ខែឧសភា​កន្លង​មក​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម​ទៅ​កាន់​ប្រទេស​ជា​សមាជិក​ទាំង ១០ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP បាន​កើនឡើង​យ៉ាង​ខ្លាំង​តាំងពី​ពេល​កិច្ចព្រមព្រៀង​ចាប់​មាន​ប្រសិទ្ធិ​ភាព​កាល​ពី​ដើម​ឆ្នាំ​នេះ​។

យោង​ទៅ​តាម​អាជ្ញាធរ​កែ​ច្នៃ​កសិផល និង​អភិវឌ្ឍន៍​ទីផ្សារ​ក្រោម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​បាន​កើនឡើង​ជិត ១៥% មក​ស្មើ ៥០២​លាន​ដុល្លារ​កាលពី​៤​ខែ​ដំបូង​នា ឆ្នាំ​នេះ​។

ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​សរុប​ស្មើ ២.៥​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​បាន ២.៤%​។ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជា​ច្រើន​ទៀត​មានការ​ធ្លាក់​ចុះ​។ ផ្ទុយ​មក​វិញ ការ​នាំ​ចេញ​ទៅ​កាន់​សមាជិក CPTPP ដូច​ជា​ម៉ិ​ក​ស៊ិ​កបាន​កើនឡើង​៣៥.៦% ម៉ា​ឡេ​ស៊ី​កើនឡើង​២២% និង​កា​ណា​ដា​កើនឡើង​ជិត ១៤%​ផង​ដែរ​។

ប្រទេស​ជប៉ុន​ដែល​ជា​សមាជិក​មួយ​ដែរ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​រក្សា​តំណែង​ជា​ប្រទេស​នាំ​ចូល​គ្រឿង​សមុទ្រ​វៀតណាម​ច្រើន​ជាងគេ​។ យោង​ទៅ​តាម​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បន្ទាប ឬ​លុប​បំបាត់​ពន្ធ​ជា​ច្រើន​សម្រាប់​គ្រឿង​សមុទ្រ​ក្រោម CPTPP បាន​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​។

សមាគម​​អ្នក​នាំ​ចេញ​និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង CPTPP នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​នាំ​ចេញ​បង្គា​ទៅ​កាន់​ទីផ្សារ​កា​ណា​ដា​ឲ្យ​មាន​ប្រៀប​ជាង​ដៃគូ​ប្រកួតប្រជែង​ដូច​ជា​ឥណ្ឌា ថៃ និង​ឥណ្ឌូ​នេ​ស៊ី ដែល​មិនមែន​ជា​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ខាងលើ​។

ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ឱកាស​ដែល​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខាងលើ ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ជា​ច្រើន​បាន​ពង្រីក​រោងចក្រ ទិញ​ម៉ាស៊ីន និង​ឧបករណ៍​ទំនើប​ៗ ព្រមទាំង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ថ្មី​ៗ​ដើម្បី​ជួបនឹង​ស្តង់ដារ​ទីផ្សារ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ