កម្ពុជា​- ជប៉ុន​នឹង​ចុះ​កិច្ចព្រមព្រៀង​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​លើ​គម្រោង​ចំនួន​ពីរ


រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ជប៉ុន​នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចំនួន​ពីរ​គម្រោង ដែល​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ ។ ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ខណៈ​ដែល​សម្តេច​តេ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចការ និង​អញ្ជើញ​ចូលរួម​ក្នុង សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​អនាគត​របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ។

បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹះ​មួយ​លើ​មូលបទ «​ការ​ស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាព​វឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈវិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន ចក្ខុវិស័យ​នា​ពេល​អនាគត មាគ៌ា​ឆ្ពោះទៅ​មុខ និង​ការ​ប្តេជ្ញា​ចិត្ត និង​រួមចំណែក​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ភាព​សុខដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក និង​ក្នុង​ពិភពលោក ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ អា​បេ ហើយ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២​រួម​មាន​ទី​១-​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែល​មាន​ទឹកប្រាក់​២០០​លាន​យ៉េន​ជប៉ុន ទី​២- ការ​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​មាន​ទឹកប្រាក់​៣៣៩​លាន​យ៉េន​ជប៉ុន ។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជួប​ជាមួយ​ឥស្សរៈជន​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​ទៀត ហើយ​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho) ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ