ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​មាន​កម្លាំង​ពលកម្ម​ទម្រង់​ពាក់កណ្តាល​ពីរ៉ាមីត​សម្រាប់​ឆ្លើយ​តប​នឹង​ពិភព​ការងារ​កំពុង​ផ្លាស់​ប្តូរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្រប​តាម​បដិវត្ត​ឧស្សាហកម្ម​ទី​៤ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ទម្រង់​ពាក់កណ្តាល​ពីរ៉ាមីត​ដើម្បី​ឆ្លើយ​តប​នឹង​ពិភព​កា​ងារ​ដែល​កំពុង​ផ្លាស់​ប្តូរ ។​នេះ​បើ តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ថ្លែង​បិទ​បញ្ចប់​កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ស្តី​ពី​អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា​លោក ហេង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្រប​តាម​បដិវត្ត​ឧស្សាហកម្ម​ទី​៤ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ទម្រង់​ពាក់កណ្តាល​ពីរ៉ាមីត​ដើម្បី​ឆ្លើយ​តប​នឹង​ពិភព​កា​ងារ​ដែល​កំពុង​ផ្លាស់​ប្តូរ ។​នេះ​បើ តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ថ្លែង​បិទ​បញ្ចប់​កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ស្តី​ពី​អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា​លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា បានឱ្យ​ដឹង​ថា កម្លាំង​ពលកម្ម​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ក្រុម​ធំ​ៗ​រាង​ដូច​ពីរ៉ាមីត ដើម្បី​ឱ្យ​ពួក​គេ​អាច​វិ​វត្ត​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​ប​ដិ វត្ត​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់​ប្តូរ ។

លោក​បាន​បង្ហាញ​ពីរ៉ាមីត​នៃ​កម្លាំង​ពលកម្ម​សំខាន់​ៗ​ដោយ​សង្ខេប​យ៉ាង​ដូច្នេះ​ថា ទី​១-​ផ្នែក​កំពូល​ពីរ៉ាមីត គឺ​ក្រុម​មនុស្ស​ដែល​ជា​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា អ្នក​វិទ្យាសាស្ត្រ អ្នក​បង្កើត​គ្រឿងយន្ត និង​ឧបករណ៍​ប្រើប្រាស់​ជាដើម​ដែល​ក្រុម​នេះ​មាន​ចំនួន​តិច​ជាង​ក្រុម​ដទៃ ។ នៅ​ពេល​ក្រុម​នេះ​ផលិត​របស់​អ្វីមួយ​បាន​ហើយ គឺ​ដល់​វេន​ក្រុម​មនុស្ស​ដែល​នៅ​ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត​ម្ដង ។ ទី​២- ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត គឺជា​ក្រុមការងារ​ជំនាញ​ដែល​អាច​ប្រើប្រាស់​ផលិត​ផ ល​របស់​អ្នក​វិទ្យាសាស្ត្រ ។ ក្រុម​នេះ​អា​ចប​ម្លែ​ង​ពី​ការ​ប្រើប្រាស់​ពី​ភាព​ស្មុគស្មាញ​មក​ធ្វើ​ឱ្យ​មាន ភាព​ងាយស្រួល​សម្រាប់​ក្រុម​មួយទៀត​អនុវត្ត ។ ទី​៣- ផ្នែក​ខាងក្រោម​នៃ​ពីរ៉ាមីត គឺជា​ក្រុម​មនុស្ស​ភាគច្រើន​បំផុត​ដែល​ទទួល​បានការ​អប់រំ​បណ្ដុះបណ្ដាល​តិចតួច​ដូច​ជា កម្មករនិយោជិត បុគ្គលិក​ការងារ​ជាដើម ។

ក្រុម​អ្នក​ទទួល​បានការ​បណ្ដុះបណ្ដាល​អំពី​ការ​ប្រើប្រាស់​គ្រឿងយន្ត ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ណាមួយ​ពី​ក្រុមការងារ​ជំនាញ (​ស្ថិត​ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត​) ហើយ​ត្រូ​តែ​ចេះ​ចាំ​ស្ទាត់​ក្នុង​ការ​ប្រើប្រាស់​របស់​ទាំងនោះ ដើម្បី​ឱ្យ​ដំណើរការ​ផលិតកម្ម​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ ។ បើ​តាម​ការ​បង្ហាញ​ពីរ៉ាមីត​នេះ​ត្រូវ​បាន​លោក​ហេង សួរ បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​រួម​គ្នា​បង្កើន​ធនធានមនុស្ស​ដែល​នៅ​ស្រទាប់​កណ្ដាល​នៃ​ពីរ៉ាមីត​ពីព្រោះ ឧបករណ៍​អ្វី​ម្យ៉ាង​យើង​អាច​ទិញ​ពី​ប្រទេស​ក្រៅ​បាន ប៉ុន្តែ​ត្រូវ​តែ​មាន​អ្នកចេះ​ប្រើប្រាស់​វា ហើយ​អាច​បណ្ដុះបណ្ដាល​បង្រៀន​អ្នក​ដទៃ​ទៀត​ឱ្យ​ចេះ​ប្រើប្រាស់​បាន​ដែរ ។

លោក​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ក៏​បាន​បន្ត​ថា កម្ពុជា​ពុំគួរ​រំពឹង​ខ្ពស់​ហួសហេតុ​ពេក​ក្នុង​ការ​ចង់​ប្រែក្លាយ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​ជា​អ្នក​វិទ្យាសាស្ត្រ​នោះ​ទេ កម្ពុជា​ត្រូវការ​មនុស្ស​មួយ​ចំនួន​ជា​អ្នក​វិទ្យាសាស្ត្រ​ជា​អ្នក​ស្រាវជ្រាវ បច្ចេកវិទ្យា​ជាដើម ដែល​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ក៏​ត្រូវការ​មនុស្ស​ច្រើន​ជាង​នេះ​បន្ត​ទៀត ដើម្បី​ប្រែក្លាយ​បច្ចេកវិទ្យា​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ។ លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រៅពី​នេះ​កម្មករនិយោជិត​ដែល​មានការ​ងារ​ធ្វើ​ត្រូវ​តែ​ត្រៀមខ្លួន​ត្រឹមតែ​ជា​អ្នកចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ល្អ​មួយ ខ្ញុំ​គិត​ថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៥-១០​ឆ្នាំ ចុង​ក្រោយ​នេះ​ហើយ​ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ដ៏​ល្អ​កូនចៅ​របស់​យើង ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត​នឹង​ធ្វើ​បាន​ល្អ​ជាង​យើង​» ។

គួរ​ឮ​កថា កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ស្តី​ពី​អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​បង្កើត​ជា​វេទិកា​មួយ​សម្រាប់​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​អ្នក​រៀបចំ​គោលនយោបាយ តំណាង​កម្មករនិយោជិត តំណាង​និយោជក និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់​ប្តូរ ។ កិច្ច​សន្ទនា​មានការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ ដូច​ខាង​តំណាង​រាជរដ្ឋាភិបាល តំណាង​សហជីព តំណាង​និយោជក អង្គការ ILO និង​អង្ក​ការ​UN ជាដើម ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ