ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែរយៈពេល២ថ្ងៃកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានក្រសោបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានជាង១០នាក់ ដែលភាគច្រើននៅក្មេងៗសោះ ។ ករណីបោសសំអាតគ្រឿងញៀនដែលធ្វើឡើងដូចភ្លៀងរលឹមរបស់នគរបាលក្រុងប៉ោយប៉ែតនេះ ត្រឹមតែរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់២៥ ឧសភានេះ នៅក្នុងសង្កាត់ប៉ោយប៉ែត ។
ជនសង្ស័យទាំង១១នាក់ សមត្ថកិច្ចប្រាប់អត្តសញ្ញាណជនសង្ស័យតែ៣នាក់ទេ ១-ឈ្មោះសៃវ៉ាន់ណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះសំណាក់មួយ ក្នុងភូមិកើតហេតុ ភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត (ជួញដូរ) ២-ឈ្មោះរឿន សារុន ហៅប៊ី (ចែកចាយ) និង៣- ឈ្មោះឆៃ កុសល ហៅម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត (ប្រើប្រាស់)។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជំហ៊ានដំបូងសមត្ថកិច្ចចុះល្បាតក្នុងភូមិសាស្ត្រភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតលុះប្រទះឃើញមុខសញ្ញាសង្ស័យដើរចូលផ្ទះសំណាក់ក៏ឃាត់ខ្លួននិងឈានទៅឆែកឆេរបន្ទប់ស្នាក់នៅ រកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន១២កូនថង់តូច និង១២កូនថង់តូចទៀតកិប និងក្រដាស់ប្រាក់១០០រៀល និងថ្នាំគ្រាប់ WY ចំនួន37គ្រាប់ /ជញ្ជីងថ្លឹងថ្នាំញៀន១ដប កែច្នៃ១ ។
ក្រៅពីនេះសមត្ថកិច្ចក្របួចបានជនសង្ស័យប្រើប្រាស់៨នាក់ផ្សេងទៀត ដែលអ្នកប្រើប្រាស់ទាំងនេះមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៤កូនថង់តូច និងដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ ។ របាយការណ៍បន្តថា លុះល្ងាចថ្ងៃដដែលសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះរឿន សារុន ហៅប៊ី នៅចំណុចផ្លូវសុខភាព ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ដកហូតបានម្សៅក្រាមពណ៌សថ្លា១កូនថង់ធំល្មម ជនសង្ស័យវេចខ្ចប់ក្នុងថង់ខ្មៅហើយគ្រវែងចោលលើស្មៅពេលសមត្ថកិច្ចដេញតាមចាប់ ។ លុះម៉ោងជាង១១ព្រឹក ថ្ងៃទី២៥ ខែឆ្នាំដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ទៀត នៅផ្ទះសំណាក់មួយក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត គឺឈ្មោះឆៃ កុសល់ ហៅម៉ៅ ។
លោកវរសេនីយ៍ឯក ធិនស៊ិន ដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមបណ្តាញសង្គមវ៉សអាប់ថា ប្រតិបត្តិការបង្ក្រាបបោសសំអាតគ្រឿងញៀននៅក្រុងប៉ោយប៉ែត គឺកម្លាំងរបស់លោកធ្វើឡើងដូចភ្លៀងរលឹម និងជាបន្តបន្ទាប់តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្ត ។ លោកបន្តថា ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ