ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​មានការព្រួយ​បារម្ភ​ពី​រថ​យន្ត​ធុនធំ​ដឹក​ហ្គាស​បំ​ផ្លាញ​ផ្លូវ​លំ

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ រថ​យន្ត​​ធុន​ធំ​ដឹក​ធុង​ហ្គាស​ចូលមកពីប្រទេស​សៀម​តាមច្រក​របៀង​​​មួយចំនួន​នៅ​តាមខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-សៀម​​ក្នុង​ខេត្ត​បន្ទា​យ​មានជ័យ គេឃើញ​មាន​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ធុងហ្គាស​មួយចំនួន​​ធ្វើ​សកម្ម​ភាព​យ៉ាង​គគ្រឹកគគ្រេង​ទាំង​ថ្ងៃ​​ទាំងយប់ ហើយ​​និងមានរថយន្ត​ដឹក​ធុងហ្គាស​របស់​ក្រុម​ហ៊ុនខ្លះ​ដឹក​ឆ្លង​កាត់​តាមបណ្តា​ភូមិ និងបំផ្លាញ​ផ្លូវ​លំ​មួយ​ចំនួននៅក្នុងក្រុងប៉ោយ​ប៉ែត ។

ជាក់ស្តែង​ គេឃើញ​មានរ​ថយន្ត​​​ដឹកធុង​ហ្គាស​របស់​ក្រុម​ហ៊ុន S.K និងក្រុម​ហ៊ុនស្លឹក​ចាក​ដឹក​ធុងហ្គាស​នាំចូល​មកពីប្រទេស​​សៀម​តាម​​​ច្រក​របៀង​​​ក្នុងឃុំ​អូរ​បីជាន់​ដោយឆ្លង​កាត់​តាម​បណ្តា​ភូមិ​ចូល​មកក្នុងក្រុងប៉ោយ​ប៉ែត​ ហើយ​បាន​បំផ្លាញ​​ផ្លូវ​លំមួយ​​ចំនួនផង​ដែរ ។ តាមប្រភព​ព័ត៌មានមួយបានបញ្ជាក់​ថា មាន​ក្រុម​ហ៊ុន​ដឹក​ធុងហ្គាសឈ្មោះស្លឹកចាក បាន​ដឹកធុង​ហ្គាស ដោយ​រថយន្ត​ប្រភេទ​យីឌុប​ដែលក្នុងមួយរថយន្ត​មានធុងហ្គាស​ប្រមាណ​ជាង២០០​ធុង ហើយ​​ដឹក​ពីឃុំ​អូរបីជាន់ ចូលមកក្នុង​ក្រុងប៉ោយ​ប៉ែត ​ឆ្លងកាត់​ផ្លូវ​លំជាច្រើន​ខ្សែ​ទើបមក​ដល់​កន្លែង​​ស្តុករបស់ខ្លួន​ ។

​​ទន្ទឹម​នោះ​ ពល​រដ្ឋ​នៅ​តាម​បណ្តា​ភូមិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​​​ធុនធំ​ដឹកធុងហ្គាស​របស់​ក្រុម​ហ៊ុន​បានបើក​​គគ្រឹកគគ្រេង​ទាំង​ថ្ងៃ​ទាំង​យប់ និងបើក​បរ​ក្នុង​ល្បឿន​លឿន​​ហុយ​ដីទ្រលោម​​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​​ដង្ហើម​​អ្នក​ភូមិ​ដែល​រស់​នៅ​​​តាម​ដង​ផ្លូវនោះ ។ ម្យ៉ាង​ទៀត​ ​រថ​យន្ត​ធុន​ធំ​​ដឹក​ធុង​ហ្គាសរបស់​ក្រុម​ហ៊ុន​ទាំង​អស់​នោះ មិន​បាន​​​គិត​ពីផលពិបា​ក​ក្នុងការ​រស់នៅ​​ និង​​ធ្វើ​ដំណើរ​​​របស់​ប្រជាពល​រដ្ឋ​ទេ ដោយ​រថយន្តទាំង​​នោះ​​បាន​ដឹក​ធ្ងន់​ធ្វើឱ្យ​ខូចផ្លូវ​អស់មួយចំនួន​ផង​ដែរ ហើយ​ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ក្នុង​ក្រុងប៉ោយ​ប៉ែត​​​ក៏បានខូចខាត​ដោយសារ​តែ​រថយន្ត​ធុនធំ​ដឹកធ្ងន់​ហួសការ​កំណត់​នេះ ។ ​មិនត្រឹម​ប៉ុណ្ណោះសោត​ដីនៅ​ក្រុងប៉ោយ​ប៉ែត​​​នេះ ស្អិត​ជាប់​ជើង​ ​ពេល​មានភ្លៀង​ធ្លាក់ម្តងៗ​រអិល​ធ្វើឱ្យ​​ពលរដ្ឋ​ជួប​ការ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​​ខ្លាំង​ណាស់ ។

ពលរដ្ឋ​​​បានស្នើ​ទៅអាជ្ញា​ធរ​មានសមត្ថ​កិច្ច​​ គួរ​ចាត់វិធាន​ការ​​​ចំពោះ​រថ​យន្ត​ដឹកធ្ងន់​លើ​ស​ចំណុះ​​ដែលបើកឆ្លង​កាត់តាមផ្លូវលំ​ទាំងនោះ​ផង​ពីព្រោះ​រដូវ​វស្សា​ជិត​មកដល់​ហើយ ដែល​ជាបញ្ហា​​ ធ្វើឱ្យ​ពួក​គាត់​មានការព្រួយ​បារម្ភ​ ៕