ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី និង​ប្រទេស​ឡាវ​នឹង​បើក​ការ​ហោះហើរ​ត្រង់​មក កម្ពុជា​ឡើង​វិញ ក្រោយ​ពី​មានការ​ផ្អាក​អស់​រយៈ​ជា​ច្រើន​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ខកខាន​ការ​ហោះហើរ​ត្រង់​ទាំងស្រុង​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​ជិត ៥០​ឆ្នាំ ពេល​នេះ​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី បាន​ឯកភាព​គ្នា​រៀបចំ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ជាមួយ​គ្នា​ឡើង​វិញ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ខកខាន​ការ​ហោះហើរ​ត្រង់​ទាំងស្រុង​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​ជិត ៥០​ឆ្នាំ ពេល​នេះ​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី បាន​ឯកភាព​គ្នា​រៀបចំ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ជាមួយ​គ្នា​ឡើង​វិញ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ជាមួយនឹង​ការ​រំពឹង​ទុក​ថា​នឹង​មាន​កំណើន​ទេសចរ​មក​កម្ពុជា​បន្ថែម​ទៀត ។ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ឡាវ ក៏​បាន​អះអាង​ថា​ឡាវ នឹង​បើក​ការ​ហោះហើរ​មក​កម្ពុជា​ឡើង​វិញ​នា​ខែតុលា​ខាង​មុខ គោលដៅ​សំខាន់​មាន​ភ្នំពេញ​-​សៀមរាប​-​ព្រះ​សីហ​នុ ។

ដំណឹង​ល្អ​នៃ​កា​រត​ភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ស៊ី និង​ពី​ប្រទេស​ឡាវ​មក​កាន់​កម្ពុជា​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ថ្ងៃ​ទី ២៤ និង​ថ្ងៃ​ទី ២៥ ខែឧសភា កន្លង​ទៅ​នេះ ។

លោក Heriyanto អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ថា ក្រុមហ៊ុន​អាកាសចរណ៍​របស់​ឥណ្ឌូ​នេ​ស៊ី នឹង​បើក​ការ​ហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កា​តា​មក​រាជធានី​ភ្នំពេញ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ លោក​បាន​បន្ត​ថា នៅ​ពេល​ជើងហោះហើរ​ត្រង់​ហ្សា​កា​តា​-​ភ្នំពេញ​ដំណើរការ​ទៅ​រលូន​ល្អ​ហើយ ក្រុមហ៊ុន​លោក​មុខជា​ពង្រីក​ការ​ហោះហើរ​ត្រង់ ទៅ​កាន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​ផ្សេង​ទៀត ដូច​ជា​ហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កា​តា​មក​ខេត្ត សៀមរាប​-​អង្គរ និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ឬ​ពី​កោះ​បាលី​ដែល​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ឥណ្ឌូ​នេ​ស៊ី មក​កាន់​កម្ពុជា​បន្ថែម​ផង​ដែរ​។

លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​ពិត ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើន សេដ្ឋកិច្ច​និង​ទេសចរណ៍​រវាង​ប្រទេស​ជាតិ​យើង​ទាំង​ពីរ ជា​ពិសេស​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជាតិ និង​ប្រជាជន​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត » ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់នេះ គឺជា​ចូលរួម​ចំណែក​លើ​កម្ពស់​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិ ការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥ​ណ្តូ​នេ​ស៊ី​។

លោក ថោ​ង ខុន ក៏​បាន​រំលឹក​ថា ការ​បើក​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ផ្អាក​អស់​រយៈពេល​ជិត ៥០​ឆ្នាំ កន្លង​មក ដែល​ក្នុង​អំឡុង​ទស្ស​វត្ស​ទី​៧០ ធ្លាប់​មានការ​ហោះហើរ​ត្រង់​ពី ភ្នំពេញ​-​ហ្សា​កា​តា​-​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន Royal Air Cambodge​។ លោក​បាន​បន្ត​ថា កម្ពុជា​និង​ឥ​ណ្តូ​ណេ​ស៊ី មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​យូរយារ​ណាស់​មក​ហើយ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​ហោះហើរ​ត្រង់នេះ​នឹង​ជួយ​ជំរុញ​លំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ច្រើន​។ ទេសចរ​កម្ពុជា​អាច​ទៅ​ដល់​រដ្ឋធានី​ហ្សា​កា​តា ទៅ​លេង​កោះ​បាលី តំបន់​បេតិកភណ្ឌ​ប្រាសាទ​ប៊ូ​រ៉ូ​ប៊ូ​ឌូ និង​តំបន់​ទេសចរណ៍​ដទៃ​ទៀត ហើយ​ទេសចរ​ឥណ្ឌូ​នេ​ស៊ី ក៏​អាច​មក​លេង​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា នៅ​កម្ពុជា​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ផង​ដែរ​។

រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន និង​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយ​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​នេះ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​។ជាង​នេះ​ទៅ​ទៀត លោក ថោ​ង ខុន ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ជា​ពិសេស​វិនិយោគិន​ឥណ្ឌូ​នេ​ស៊ី ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​ច្រើន​ថែម​ទៀត ព្រោះ​កម្ពុជា​មានច្បាប់​វិនិយោគ​ដែល​សាក​សម​បំផុត​សម្រាប់​វិនិយោគិន​បរទេស ជា​ពិសេស​ច្បាប់​ស្តី​ពី​ការ​បង្កើត​តំបន់​ទេសចរណ៍​ពិសេស (Prestige Tourism Zone)​។

លោក Suirman Hasseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​៤៩​ឆ្នាំ ចាប់ពី​ទស​វត្ស​ទី​៧០​មកនេះ ជា​លើក​ទី​មួយ​ហើយ​ដែល​មានការ​ហោះហើរ​ត្រង់​ភ្ជាប់​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា ដែល​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​។ ដោយឡែក ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា លោក​អាម​ផៃ គី​ន​ដា​វង្ស (Amphay Kindavong) ជា​ឱកាស​ជំនួប​ពិភាក្សា​ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ បាន​អះអាង​ថា នា​អំឡុង​ខែតុលា​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ឡាន​នឹង​ចាប់ផ្ដើម​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​ឡើង​វិញ​ក្នុង​នោះ​ឡាវ​នឹង​បើក​ការ​ហោះហើរ​ត្រង់​ដំបូង​ពី​រដ្ឋធានី​វៀងចន្ទន៍​មក​រាជធានី​ភ្នំពេញ ហើយនឹង​បើក​ការ​ហោះហើរ​មក​កាន់​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ជា​បន្តបន្ទាប់​ទៀត​។

ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ខាងលើ​ឯកឧត្តម តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ ពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក អាម​ផៃ គី​ន​ដា​វង្ស បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ពេល​ដែល​ព្រ​លាន​យន្តហោះ​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ ខេត្តកោះកុង ត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ក្រោយ​ឆ្នាំ​២០២០​ឡាវ​នឹង​បន្ត​បើក​ការ​ហោះហើរ​ត្រង់​ទៅ​កាន់​កន្លែង​នេះ​បន្ថែម​ទៀត ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តារា​សាគរ និង​តំបន់​នានា​នៅ​ខេត្ត កោះកុង​។
ត្រង់​ចំណុច​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឡាវ និង​ភ្ញៀវ​ទេសចរ​ប្រទេស​ទី​៣ (​ប្រហែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន​) ហាក់ដូចជា​ចាប់ អារម្មណ៍​ខ្លាំង ចំពោះ​តំបន់​វិស្សមកាល​ទេស ចរណ៍​តារា​សាគរ និង​តំបន់​ទេសចរណ៍​តាម​មាត់សមុទ្រ​របស់​កម្ពុជា​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឡាវ​ប្រមាណ​ជាង ៤២​ម៉ឺន​នាក់​។ ដោយឡែក ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​ឡាវ​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ឈរ​លើ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ទេសចរ​អន្តរជាតិ ១០​ប្រទេស ដែល​មក​ទស្សនា​កម្ពុជា (Top 10)​។ ប្រទេស​ឡាវ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​បេតិកភណ្ឌ ប៉ុន្តែ​ប្រទេស​ឡាវ​មិន​មាន​សមុទ្រ​នោះ​ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ