ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំផុសគំនិត​កូន​ខ្មែរ បង្កើន​ការ​ច្នៃប្រឌិត​ផលិត ផល​ជាតិ​នឹង​ជំរុញ​តម្លៃ បន្ថែម​គាំពារ​ផលិតផល​កសិករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ផលិតផល​កសិកម្ម​កម្ពុជា នៅ​តែ​មាន​បញ្ហា​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នោះ ឧកញ៉ា​មួយ​រូប​ដែល​គេ​ស្គាល់​ជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​និង​ថ្នាំពេទ្យ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បំផុស​កូន​ខ្មែរ​អោយ​បង្កើន​ការ​ច្នៃប្រឌិត​ផលិតផល​កសិកម្ម ដែល​មាន​ស្រាប់​អោយ​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ត្នោត​មាស​ជូន​និស្សិត​ជ័យ​លា​ភី ពី​ការ​ប្រកួតប្រជែង​ច្នៃប្រឌិត…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ផលិតផល​កសិកម្ម​កម្ពុជា នៅ​តែ​មាន​បញ្ហា​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នោះ ឧកញ៉ា​មួយ​រូប​ដែល​គេ​ស្គាល់​ជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​និង​ថ្នាំពេទ្យ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បំផុស​កូន​ខ្មែរ​អោយ​បង្កើន​ការ​ច្នៃប្រឌិត​ផលិតផល​កសិកម្ម ដែល​មាន​ស្រាប់​អោយ​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ត្នោត​មាស​ជូន​និស្សិត​ជ័យ​លា​ភី ពី​ការ​ប្រកួតប្រជែង​ច្នៃប្រឌិត លោក​ឧកញ៉ា ហៃ លី​អ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​កសិកម្ម Confirel បាន​មាន​ប្រសាសន៍​ថា ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស​ច្នៃប្រឌិត​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ឡើង​នេះ លោក​តែងតែ​បង្កើត​នូវ​កម្មវិធី​ពានរង្វាន់​នានា គោលបំណង​សំខាន់​គឺ​ចង់​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត ពី​ព្រោះថា​បើសិនជា​ពួក​គាត់​មាន​តែ​ទ្រឹស្តី តែ​មិន​បាន​អនុវត្តន៍ ក៏​មិន​ប្រាកដ​ថា​ពួក​គាត់​អាច​ធ្វើ​បាន​ដែរ ។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង បាន​បន្ត​ថា «​នៅ​ពេល​ដែល​យើង​បង្កើត​កម្មវិធី​ពានរង្វាន់​នានា​របស់​យើង ឃើញ​ថា​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត ដូច្នេះ​ហើយ​ទើប​យើង​បន្ត​ជំរុញ​ឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​អោយ​ពួក​គាត់​មានគំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ពី​ផលិតផល​របស់​ខ្មែរ​យើង » ។ លោក​ឧកញ៉ា បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ផលិតផល​កសិកម្ម​របស់​ខ្មែរ មានការ​កែ​ច្នៃ​ជា​ផលិតផល​សម្រេច​នានា នោះ​វា​នឹង​ជំរុញ​តម្លៃបន្ថែម​ផលិតផល​របស់​កសិករ កាន់តែ​មាន​តម្លៃ​ហើយនឹង​មាន​ទីផ្សារ​កាន់តែ​ខ្លាំង ហើយ​វា​នឹង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ​បន្ថែម​ទៀត​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ថែម​ថា សព្វ​ថ្ងៃនេះ​ផលិត ផល​កសិកម្ម​របស់​កសិករ​ខ្មែរ គឺ​តែងតែមាន​បញ្ហា ជាក់ស្ដែង​ដូច​ជា​ស្វាយ​បន្លែស្រស់​ជាដើម បើសិនជា​វា​លក់​មិន​អស់​ក្នុង​រយៈពេល​ខ្លី វា​នឹង​រលួយ និង​ខូច​ចោល តែ​បើសិនជា​មានការ​ច្នៃប្រឌិត​ទៅ​ជា​ផលិតផល​ដែល​អាច​ទុក​បាន​យូរ និង​ឆ្ងាញ់ នោះ​វា​នឹង​ជំរុញ​កសិករ​ខិតខំ​ផលិត​បន្ថែម ដោយ​លែង​បារម្ភ​ពី​ការ​ខូចខាត​ឬ​ខ្វះ​ទីផ្សារ​សម្រាប់​លក់​តទៅ​ទៀត ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា « តែ​អ្វី​ដែល​ត្រូវធ្វើ​នោះ គឺ​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ចេះ​កែ​ច្នៃ ដោយ​ផ្ដល់​ជា​រង្វាន់​ជូន​គាត់ និង​ត្រូវ​ធានា​ពី​ការងារ​របស់​គាត់​នៅ​ពេល​ដែល​គាត់​អាច​ផលិត​អ្វី​ចេញ​ជា​រូបរាង​មួយ​ច្បាស់លាស់ និង​ទទួលស្គាល់​ពី​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ » ។

កញ្ញា និ​ច ច័ន្ទ​វិសាល យុវ​និស្សិត​ម្នាក់​ដែល​បាន​កែ​ច្នៃ​ផ្លែ​ម្នាស់​ទៅ​ជា​ផលិតផល​ផ្សេង​ទៀត​និង​ទទួល​បាន​ជោគជ័យ​នោះ បាន​ឲ្យ​ដឹងផង​ដែរ​ថា នាង​បាន​កែ​ច្នៃ​ផ្លែ​ម្នាស់​ទៅ​ជា​ផលិតផល​បី​ផ្សេង​ទៀត ដូច​ជា​សំបក​ម្នាស់​ឱ្យទៅ​ជា​ទឹកខ្មេះ សាច់​ម្នាស់​ទៅ​ជា​ម្នាស់​កំប៉ុង និង​ទឹក​ម្នាស់​ទៅ​ជា​ភេសជ្ជៈ​ម្យ៉ាង ។ កញ្ញា​បាន​និយាយ​បញ្ជាក់​ថា «​មូលហេតុ​ដែល​ក្រុម​យើង​បាន​សម្រេច​ជ្រើសរើស​យក​ផ្លែ​ម្នាស់​មក​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី របស់​ក្រុមហ៊ុន Confirel ដោយសារ​តែ​មើលឃើញ​ថា​អត្ថប្រយោជន៍​ផ្លែ​ម្នាស់​មាន​វិសាលភាព​ធំធេង ហើយ​ផ្លែ​ម្នាស់​សំបូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​តែ​វា​មិន​មាន​ទីផ្សារ​ខ្ពស់​នៅឡើយ ។ បើសិនជា​យើង​កែ​ច្នៃ​វា​បាន​ទៅ​ជា​ផលិតផល​សម្រេច​ច្រើន​យ៉ាង​ទៀត វា​នឹង​ជំរុញ​អោយ​ផលិតផល​ម្នាស់​នៅ​ក្នុងស្រុក​យើង កាន់តែ​មាន​ទីផ្សារ មាន​តម្លៃ និង​ធ្វើ​អោយ​កសិករ​មិន​ពិបាក​ស្វែងរក​ទីផ្សារ​ដូច​មុន​ទៀត​ឡើយ » ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក​វេ​ង សា​ខុន ធ្លាប់​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សក្ដានុពល​វិស័យ​កសិកម្ម​ធំធេង ហើយ​ដំណាំ​កែ​ច្នៃ​មួយ​ចំនួន ក៏​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ជំរុញ​អោយ​មានការ​វិនិយោគ និង​កែ​ច្នៃ​នៅ​នឹង​កន្លែង​មុន​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ផង​ដែរ ដូច​ជា​មៀន តា​ង៉ែ​ន ស្វាយ ម្នាស់ ចេក និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ។ លោក​ក៏​បាន​ជំរុញ​ឱ្យ​វិនិយោគិន​បរទេស​ដែល​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា សូម​ងាក​មក​ចាប់អារម្មណ៍​វិស័យ​កសិកម្ម ដើម្បី​ជួយ​ដល់​កសិករ​កម្ពុជា និង​លើក​ស្ទួយ​កម្ពស់​ជីវភាព​កសិករ​ក្នុងស្រុក​ផង​ដែរ ខណៈ​កម្ពុជា​នៅ​មាន​វិសាលភាព​ពង្រីក​វិស័យ​កសិកម្ម​ធំធេង​បន្ត​ទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ