ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដឹក​ជញ្ជូន​យក្ស​របស់​ជប៉ុន​ទិញ​ភាគហ៊ុន​កំពង់​ផែ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា (JICA) បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​បាន​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​ទាំងអស់​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​កាន់​ក្រុមហ៊ុន Kamigumi Co….

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា (JICA) បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​បាន​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​ទាំងអស់​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​កាន់​ក្រុមហ៊ុន Kamigumi Co. , Ltd. (Kamigumi) ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​កំពង់​ផែ​នាំមុខ​របស់​ជប៉ុន នាំ​ឲ្យ​ភាគហ៊ុន​ដែល JICA ទិញ​ពី​មុន​ទាំងអស់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ពីរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ ២០១៩ របស់ JICA​។

ក៏​ប៉ុន្តែ JICA បើ​ទោះបីជា​បាន​ផ្ទេរ​ភាគហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដឹក​ជញ្ជូន​ជប៉ុន​ដ៏​ធំ​មួយ​នេះ​ក៏​ដោយ តែ «JICA និង​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់​នឹង​នៅ​តែ​បន្ត​ចែករំលែក​បទ​ពិសោធន៍​គ្រប់គ្រង​កំពង់​ផែ និង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​សម្រាប់ ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នា​ពេល​អនាគត​»​។

សូម​បញ្ជាក់​ថា JICA បាន​ទិញ​ភាគហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដាក់​លក់​ជា​សាធារណ​កាលពី​ខែមិថុនា ឆ្នាំ ២០១៧ ។ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ជិត ៩៩ ភាគរយ​នៃ​ភាគហ៊ុន​ដែល​បាន​ជួញដូរ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ កាលពី​ខែ ធ្នូ ឆ្នាំ 2018 JICA បាន​ផ្ទេរ​ភាគហ៊ុន​ខ្លះ​នៃ​ភាគហ៊ុន​របស់​ខ្លួន ទៅ​សាជីវកម្ម​កំពង់​ផែ​អន្តរជាតិ Kobe-Osaka ដែល​ជា​ក្រុមហ៊ុន​សម្រាប់​កំពង់​ផែ Hanshin ប្រទេស​ជប៉ុន​។ ជា​ថ្មី​ម្តងទៀត JICA បាន​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​របស់​ខ្លួន​ទាំងអស់ ទៅ​ឲ្យ​ក្រុមហ៊ុន Kamigumi ដែល​ជា​បច្ចេកវិទ្យា គោលនយោបាយ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​របស់​ជប៉ុន​។ ក្រោយ​ការ​ប្រកាស​ឲ្យ​សា​ធា​ណ​ជន​បានដឹង​ជា​ផ្លូវការ​នៃ​ការ​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​ទាំងអស់​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម ហ៊ុន Kamigumi Co. , Ltd ហើយ​នោះ លោក OGAWA Shigenori, អគ្គនាយក​នាយកដ្ឋាន​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ទីភ្នាក់ងារ JICA ប្រចាំ​ទីក្រុង​តូ​ក្សូ បាន​ជួប​ពិ​ភា​គ្សា​ការងារ​ជាមួយនឹង លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ពិ​ភា​គ្សា​ស្តី​ពី អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ (MoC) រវាង​ទីភ្នាក់ងារ JICA និង​កំពង់​ផែ​ក្រុង​ស្វយ័ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី ២៤ ឧសភា ផង​ដែរ ។

«​តាម​រយៈ​អនុស្សរណៈ​នេះ JICA នឹង​បន្ត​គាំទ្រ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​នូវ​រចនាសម្ព័ន្ធ​រូប​វ័​ន្ត​កំពង់​ផែ តាម​រយៈ​កម្មវិធី​សហប្រតិបត្តិការ​បច្ចេកទេស (TCP) គម្រោង​ជំនួយ​ឥត​សំណង (GA) គម្រោង​(ODA Loans)»​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ភាគី​ទាំង​ពីរ បាន​បញ្ជាក់​នូវ​គោល​ជំហរ​រួម​ហើយ​គ្រោង​នឹង​ចុះហត្ថលេខា​ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ជា​ផ្លូវការ ក្រោយ​ជំនួប​កំពូល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នៅ​ប្រទេស​ជប៉ុន​នា​ដំណាច់​ខែឧសភា ឆ្នាំ​២០១៩ នេះ ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ JICA ចុះ​ថ្ងៃ​ទី ២៤ ខែឧសភា បាន​បញ្ជាក់​ថា​ឯកសារ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ខាង​មុខ គឺ​៖ ១)- JICA នឹង​បន្ត​គាំទ្រ​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ និង​ការ​ពង្រឹងសមត្ថភាព​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​កម្ចី​ហិរញ្ញប្បទាន​។ ២)- កំពង់​ផែ​ក្រុងព្រះសីហនុ​នឹង​បន្ត​ពង្រឹង​ប្រតិបត្តិការ និង​ការ​គ្រប់គ្រង​កំពង់​ផែ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។ ទ​៣)- JICA និង​កំពង់​ផែ​ក្រុងព្រះសីហនុ​នឹង​បន្ត​ផ្លាស់​ប្តូរ​ទស្សនៈវិស័យ និង​ព័ត៌មាន​នានា​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​កំពង់​ផែ​និង​ការ​រីក​ចម្រើន​ផ្នែក​ភស្តុ​ភា​កម្ម សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា កំពង់​ផែ​ស្វយ័ត​ក្រុង ព្រះ​សីហ​នុ គឺជា​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​តែ​មួយ​គត់​របស់​កម្ពុជា​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ ។ ដើម្បី​ជម្រុញ​កម្លាំង​នៃ​ការ​អភិវឌ្ឍ JICA​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​សម្រាប់​គម្រោង​ស្តារ​ឡើង​វិញ​បន្ទាន់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​១៩៩៩ និង​គម្រោង​ពង្រីក​បន្ទាន់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ ២០០៤ ក្នុងគោលដៅ​លើកកម្ពស់​ដំណើរការ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​នេះ ។ បរិមាណ​ដឹក​ជញ្ជូន​ធុង​ប្រចាំឆ្នាំ​នៅ​កំពង់​ផែ​នេះ​បាន​កើនឡើង​ដល់​ជាង 540.000 TEU [1] ក្នុង​ឆ្នាំ 2018 ចាប់ពី 290.000 TEU នៅ​ក្នុង​ឆ្នាំ 2013 ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Kamigumi ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៦៧ នៅ​តំបន់​កូ​បេ​នៃ​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​នេះ​ផ្តល់​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ចំរុះ​ជា​អន្តរជាតិ​។ ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​កំពង់​ផែ និង​មាន​ឃ្លាំង​ស្តុក​និង​ចែកចាយ និង​ដឹក​ជញ្ជូន​តាម​រថយន្ត ដឹក​ទំនិញ​ផ្លូវអាកាស និង​ផ្លូវដែក​ព្រមទាំង​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​តាម​សមុទ្រ​ផង​ដែរ ។ ងាក​ទៅ​ប្រតិបត្តិការ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​វិញ​គឺ​នៅ​រក្សា​បាន​កំណើន​ខ្ពស់​នៃ​ចំណូល​របស់​ខ្លួន​។

ជាក់ស្តែង ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំណូល​សរុប​ចំនួន ៦៩.៦១១.៨២៨.០០០ រៀល កើន​ជាង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ប្រមាណ​ជាង ១៧.៤៥% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​ចំនួន​ជាង ៨.៦៤៦ លាន រៀល កើនឡើង​ចំនួន​ជាង ១៨.២២៧ លាន រៀល ស្មើនឹង ១៩០,២៤% ។ នា​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០១៩ នេះ​ដែរ ទ្រព្យសកម្ម​សរុប​របស់ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំនួន ជាង ១.៣២២.៨៧១ លាន​រៀល ថយ​ចុះ​ចំនួន​ជាង ៥.៣១៨.​លាន រៀល ស្មើនឹង ០,៤០% និង​មូលធន​សរុប មាន​ចំនួន ៦៦៥.៨៣៥ លាន​រៀល កើនឡើង​ចំនួន ៨.៦៤៦ លាន​រៀល ស្មើនឹង ១,៣២% ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ