ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​3…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ថ្លែង​ថា ការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង…

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ថ្លែង​ថា ការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​ការ​រាំងស្ទះ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ។

លោក​បាន​ថ្លែង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​២៦ ឧសភា គ​.​ជ​.​ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ក្នុង​ចំណោម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២០៣ មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១៩៦​ ត្រូវ​បាន​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត ខណៈ​ការិយាល័យ​ចំនួន​៧ ​មិន​ទាន់​បិទ​ការ​បោះ​ឆ្នោត ។

ការ​បញ្ចប់​ការ​បោះ​ឆ្នោត​និង​ការ​រាប់​សន្លឹក​ឆ្នោត បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៣​រសៀល​។ ការ​ប្រកាស​លទ្ធ​ផល​បឋម​បណ្តោះអាសន្ន គ​.​ជ​.​ប នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ហើយ​លទ្ធផល​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​រយៈពេល​១៤​ថ្ងៃ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បឋម​បណ្តោះអាសន្ន (​ថ្ងៃ​៨ មិថុនា​) ។

គ​.​ជ​.​ប បាន​បញ្ជាក់​ទៀត​ថា ការ​មិន​ទាន់​បិទទ្វារ​ការិយាល័យ​ ដោយសារ​មាន​អ្នក​មិន​ទាន់បាន​បោះ​ឆ្នោត​ចំនួន​១០​នាក់ ក្នុង​នោះ​ មាន​អ្នកបោះឆ្នោត​ចំនួន​១​នាក់​បាន​ទទួលមរណភាព ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​មានកា​រិយា​ល័យ​ជាង​៥០​ភាគរយ​សបាន​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត ។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើក​ទី​៣​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៧​ចូលរួម​ប្រកួតប្រជែង រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ។

សូម​ជម្រាប​ថា គណបក្ស​នយោបាយ​ទាំង នេះ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​យក​អាសនៈ​ជាសមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត សរុប​ចំនួន​៥៥៩​រូប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប​ចំនួន​៣.៥៥៥​រូប ក្នុង​ចំណោម​អង្គ​បោះ​ឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មុខ​តំណែង​បច្ចុប្បន្ន​សរុប​មាន​ចំនួន​១១.៥៧២​រូប ។

មុន​នេះ នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​មន្ត្រី គ​.​ជ​.​ប នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា បាន​បញ្ជាក់​ថា ក្នុង​សកម្មភាព​ឃោសនា​រយៈពេល៨​ថ្ងៃ ការ​ឃោសនា​ប្រព្រឹត្ត​ទៅ​បាន​រលូន គ្មាន​អំពើ​ហិង្សា និង​គ្មាន​ពាក្យ បណ្តឹង​​ណាមួយ​ដាក់​ចូល​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ខេត្ត នោះ​ទេ ។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ទីស្តីការ គ​.​ជ​.​ប ហើយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជ ធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។

លោក ឯម សូ​ផាត សមាជិក គ​.​ជ​.​ប បាន​បញ្ជាក់​ថា មាន​គណបក្ស​ចំនួន​៧​បាន​ឈរឈ្មោះ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​គណបក្ស​ចំនួន​៦​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ។ នៅ​ក្នុង​ការ​ឃា​សនា គណបក្ស​ទាំងនោះ​មិន​បាន​ហែ​ក្បួន​ធំ​ទេ ព្រោះ​នេះ​ជា​ការ​បោះ​ឆ្នោត​អ​សាកល។
គណបក្ស​ទាំងនោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្មើភាព​គ្នា ដែល​រៀបចំ​ដោយ គ​.​ជ​.​ប ដោយ​មិន​គិតថ្លៃ​នៅ​តាម​ប្រព័ន្ធ​ឃោសនា​មួយ​ចំនួន ។

ស្ថានភាព​នៃ​ការ​ឃោសនា​ប្រព្រឹត្ត​បាន​ល្អ គ្មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ។ អង្គ​បោះ​ឆ្នោត​អាច​មាន​សិទ្ធិ​មិន​បោះ​ឆ្នោត​បាន ដោយ​បញ្ជាក់​ចំពោះ​មុខមន្ត្រី គ​.​ជ​.​ប ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្ទៀងផ្ទាត់​ជាមួយ​សន្លឹក​ឆ្នោត​បោះ​រួច ។ លោក ឯម សូ​ផាត បាន​លើក​ឡើង​ថា អង្គ​បោះ​ឆ្នោត​អាច​ស្នាក់​នៅ​ប្រមូលផ្តុំ​គ្នា​បាន​នៅ​យប់ មុន​ថ្ងៃ​បោះ​ឆ្នោត តែ​ហាម​ចូលរួម​ក្នុង​ការ​ជប់លៀង​ដែល​រៀបចំ​ដោយ​គណបក្ស​នយោបាយ​ណាមួយ​ដែល​បាន​ឈរឈ្មោះ​បោះ​ឆ្នោត ។

ការ​បោះ​ឆ្នោត​នេះ ​មាន​ហិប​ឆ្នោត​ចំនួន​២​ដាច់​ដោយឡែក​ពី​គ្នា គឺ​ទី​១-​បិទ​ក្រដាស​ពណ៌​ស​សម្រាប់​ក្រុម ប្រឹក្សា​រាជធានី​-​ខេត្ត និង​ទី​២-បិទ​ក្រដាស​ពណ៌​លឿង សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​) ។ អង្គ​បោះ​ឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​មុខ​តំណែង​អាច​កាន់​សន្លឹក​ឆ្នោត​ចំនួន​២ និង​គូស​លើ​ប្រអប់​នៃ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ៕