ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ធាត់​លើស​ទម្ងន់​ប្រឈម​ខ្ពស់​នឹង​ការ​ខូច​សោត​វិញ្ញាណ

10 ឆ្នាំ មុន

យោង​តាម​ការសិក្សា​ថ្មី​​មួយ​ដែល​បាន​ចុះ​ផ្សាយ​​​នៅក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​របស់​អា​មេ​រិក​បាន​ឱ្យ​ដឹង​ថា ការធាត់លើស​ទម្ងន់​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ហា​និ​ភ័យ​យ៉ាង​​ខ្ពស់​នៃ​ការ​ខូច​​សោត​វិញ្ញាណ​ ស្តាប់​អ្វី​មិន​ឮ ​។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ បុគ្គល​ដែល​មាន​​កម្រិត​​សកម្មភាព​រាង​កាយ​កាន់តែច្រើន​ត្រូវបាន​ផ្សារ​ភ្ជាប់ទៅ​នឹងការ​ថយ​ចុះ​ហានិភ័យនៃ​​ការ​ស្ដាប់​​មិន​ឮ​ ​។

យោង​តាម​ការសិក្សា​ថ្មី​​មួយ​ដែល​បាន​ចុះ​ផ្សាយ​​​នៅក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​របស់​អា​មេ​រិក​បាន​ឱ្យ​ដឹង​ថា  ការធាត់លើស​ទម្ងន់​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ហា​និ​ភ័យ​យ៉ាង​​ខ្ពស់​នៃ​ការ​ខូច​​សោត​វិញ្ញាណ​ ស្តាប់​អ្វី​មិន​ឮ ​។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ បុគ្គល​ដែល​មាន​​កម្រិត​​សកម្មភាព​រាង​កាយ​កាន់តែច្រើន​ត្រូវបាន​ផ្សារ​ភ្ជាប់ទៅ​នឹងការ​ថយ​ចុះ​ហានិភ័យនៃ​​ការ​ស្ដាប់​​មិន​ឮ​ ​។

អ្នកដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Sharon Curhan​មក​ពី​មន្ទីរ​ពេទ្យ​ Brigham & Women’s Hospital​ស្ថិត​ក្នុង​ទី​ក្រុង​បូ​ស្តុន​ រដ្ឋ​ម៉ា​សាឈូ​សេត សហរដ្ឋ​អា​មេរិក​​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖«ជារឿយៗ​ យើង​គិត​ថា បាត់បង់​ការ​​ស្តាប់​ឮ(ថ្លង់)​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​វ័យ​​ដោយ​ជៀស​មិន​រួចនោះ​ទេ​​ ។ ប៉ុន្តែ ការ​រក​ឃើញនៅ​ពេល​នេះ​​បាន​ផ្តល់នូវ​ភស្តុ​តាង​យ៉ាង​ច្បាស់​ថា កត្តាហា​និ​ភ័យ​ប្រែប្រួល​ប្រ​កប​ដោយ​សក្តានុពល តួ​យ៉ាង​ដូចជា ការ​រក្សា​បាន​នូវ​ទម្ងន់ក្នុង​កម្រិត​សុខភាពក៏​ដូច​ជា​រក្សា​ឱ្យ​រាង​កាយមាន​សកម្ម​ភាព​ជាប់​ជា​ប្រ​ចាំ​​ អាចជា​វិធី​សាស្ត្រ​​បង្ការឬ​ពន្យា​​រ​ការ​បាត់​បង់​សោត​វិញ្ញាណ ។​

សូម​បញ្ជាក់​ថា អំ​ឡុង​ការ​ពិ​សោធ​​ដែល​មាន​រយៈ​ពេល​២០​ឆ្នាំ​លើ​​ស្ត្រី​ជាង​៦​ម៉ឺន​និង​៨​ពាន់​នាក់​​ក្រុម​ស្រាវ​ជ្រាវ​បានរកឃើញ​ពី​ទំនាក់​ទំនង​​គ្នា​រវាងទំ​ហំ​រាង​កាយ​កម្រិតខ្ពស់​( Higher Body Mass Index)នឹង​ទំហំ​ចង្កេះព្រម​ទាំង​សភាព​បាត់​​បង់​ការ​ស្តាប់​ឮ ។​ ស្ត្រី​ដែល​មានលេខសន្ទស្សន៍​ BMI​ពី​ 30 ទៅ 34(បង្ហាញ​ពី​ការ​ធាត់)​មាន​ហា​និ​ភ័យ​បាត់​បង់​ការ​ស្តាប់​ឮខ្ពស់ដល់​ 17​ភាគ​រយ​​ធៀប​នឹង​ស្ត្រីដែល​មាន BMI​ទាប​ជាង 25( ទម្ងន់ធម្មតា​ត្រូវបានចង្អុល​បង្ហាញ​ដោយ​លេខ​សន្ទស្សន៍​​ BMI ពី​​ 18,5​ទៅ 24,9​ខណៈ​ដែល​កំណត់​ថា​​លើសទម្ងន់​នៅ​ពេល​ BMI​មាន​លេខ​សន្ទស្សន៍​ពី​ 25​ទៅ 29,9) ។ ចំណែក​អ្នក​ដែល​​មាន​ BMI ពី ​40​ឬខ្ពស់​ជាងនេះជួប​ហា​និភ័យ​បាត់​បង​់​សោត​វិញ្ញាណ​(​ថ្លង់)​ដល់​២៥​ភាគ​រ​យ ។
ការ​ពិ​សោធ​បាន​បង្ហាញ​ទៀត​ថា ​ស្ត្រី​ដែល​មានទំហំ​ចង្កេះ​ពី​80​ទៅ88​សង់​ទី​ម៉ែត្រ​ជួប​ហា​និ​ភ័យបាត់​បង់​ការ​ស្តាប់​ឮ​​ខ្ពស់​ជាង 11ភាគរ​យ​ ​ធៀបនឹង​ស្ត្រី​ដែល​មានទំ​ហំ​​ចង្កេះ​ក្រោម​71​សង់​ទី​ម៉ែត្រ ។ ដោយ​ឡែកក្រុម​​ស្ត្រីដែលមាន​ទំហំ​​ចង្កេះ ធំ​ជាង 88​សង់​ទី​ម៉ែត្រជួប​ហា​និភ័យ​ខ្ពស់​ជាង​​27 ភាគរយ ។

ទន្ទឹមនឹងនេះការ​ពិ​សោធ​ក៏​បាន​បង្ហាញ​ដែរ ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ហាក់ដូចជា​​កាត់​បន្ថយ បាននូវ​ហានិ​ភ័យ​បាត់បង់ការ​ស្ដាប់ឮ ។ ក្រុម​ស្ត្រី ដែល​ធ្វើ​សកម្ម​ភាព​រាង​កាយ​ច្រើនបំផុត​​គឺ​ថយ​ចុះ ​ហា​និភ័យ​ 17​ភាគ​រយធៀប​នឹង​ក្រុម​ស្ត្រី​ដែល​ធ្វើ​សកម្ម​ភាព​រាង​កាយ​តិច​តួច ។ ​​ក្រុម​​ស្រាវ​ជ្រាវ​បាន​​រក​ឃើញ​ថា ការ​ដើរចាប់​ពី​២​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​អត្រា​ប្រ​ឈម​បាត់​បង់​ការ​ស្តាប់​ឮ​បាន​ដល់​១៥​​ភាគ​រយ​ ។
គួរ​កត់​សម្គាល់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ធាត់លើស​ទម្ងន់​និង​ការ​ខូច​ប្រ​ព័ន្ធ​សោតវិញ្ញាណ។

ការ​សិក្សា​មួយ​ដែលបានចេញផ្សាយ​កាល​ពី​ដើម​​ឆ្នាំ​នេះ​​ក្នុងទិនានុប្បវត្តិ Laryngoscope បានបង្ហាញ​រួច​ហើយថា មនុស្សវ័យជំទង់​ដែល​ធាត់លើស​ទម្ងន់​ជួប​ហា​និភ័យ​បាត់​បង់​សោត​វិញ្ញាណ​ជិតទ្វេដង​ធៀប​ទៅ​នឹង​មិត្ត​ភក្ដិ​របស​់គេ ​ដែល​មានទម្ងន់ខ្លួន​ធម្មតា ។ អ្នកស្រាវជ្រាវ​នៃ​ការ​​សិក្សា​នៅ​​ពេល​​នោះ​​បាន​សន្និដ្ឋានថា មូល​ហេតុ​ដ៏​មាន​សក្តា​នុ​ពល​នៃ​ការ​ជាប​់​ពាក់​ព័ន្ធ​គ្នា​គឺ​​ការ​រលា​កបណ្តាល​មក​ពី​ការ​ធាត់​ខ្លាំង​ ខណៈ​ហេតុ​ផល​សក្តានុពល​ផ្សេង​ទៀត​រួមមាន ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ឬជំ​ងឺ​បេះ​ដូង ៕