ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​៨​.​០០០​ករណី ឆ្នាំ​២០១០ ៖ អ្នក​ស្លាប់ ១​.​៨៣៧​នាក់ របួសធ្ងន់​៦​.៨៧៤​នាក់ ស្រាល​៨​.​៩៤៧​នាក់ មិន​ច្បាស់​៥៣៨​នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅសណ្ឋាគារ​​សាន់វេ​ កាលពី​ពឹ្រក​ថ្ងៃទី​​២៩ មីនា មាន​សិក្ខា​សាលា​ថ្នាក់​ជាតិ​ផ្សព្វ​ផ្សាយ​​សុវត្ថិភាព​​​ចរាចរណ៍​​ផ្លូវ​គោក​​ក្រោម​អធិបតីភាព​​លោក​ត្រាំ អ៊ីវ​តឹក រដ្ឋ​មន្ត្រី​​ក្រសួង​សាធារណការ និងដឹកជញ្ជូន​​ និង​ជា​ប្រធានគណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​ ដោយ​មាន​ការ​ចូលរួម​​ពី​​ផ្នែក​ពាក់​ព័ន្ធ​​​ជាច្រើន​ទៀត ។

​លោក​លឹម ស៊ីដេនីន រដ្ឋ​​លេខាធិការ​​​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន​​ និង​ជាប្រធាន​​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​​​ខេត្ត-ជនបទ ​បាន​​ឱ្យ​ដឹងថា ​ដើម្បី​​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ព្រមទាំង​​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត-ជនបទ ក្រោម​កម្ចី​ថវិកា​ពីធនាគារ​​ពិភព​លោក សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​​​​ចរាចរណ៍​​ផ្លូវគោក ធ្វើ​ការ​​​រៀបចំ​នូវ​សិក្ខា​​សាលា​ផ្សព្វ​ផ្សាយ​​​បញ្ហា​​​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​​នេះឡើង ។ តាម​រយៈ​​អង្គ​សិក្ខាសាលា​​នេះ​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​អប់រំ​​​​​​​សិក្ខា​កាមបាន​យល់​ច្បាស់​​​អំពីកត្តា​​​ដែល​នាំ​ឱ្យ​​​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​កើតឡើង​ និង​ចង់​ឱ្យ​សិក្ខាកាម​ចូលរួម​ទាំងអស់​​​គ្នា​ជួយ​​​ផ្សព្វ​​ផ្សាយ​​​​​​ដល់​អ្នក​ធ្វើ​ដំណើរ​​​ និងក្នុង​​សកម្ម​ភាព​ការ​ពារ​​តាម​រយៈ​ការ​អប់រំ​សុវត្ថិភាព​​ដូចជា​ ត្រូវ​​ពាក់​មួក​​សុវត្ថិភាព ពាក់​ខ្សែក្រវាត់​​​​សុវត្ថិភាព អ្នក​បើកបរ​មិន​ត្រូវ​​ពិសាជាតិ​ស្រវឹង​ គោរព​​ស្លាក​សញ្ញា​ចរាចរណ៍ និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ។

ថ្លែង​ក្នុង​ឱកាស​​​បើក​​អង្គ​​សិក្ខា​សាលា ​​លោក​​រដ្ឋ​មន្ត្រី​ត្រាំ អ៊ីវ​តឹក បាន​ឱ្យ​ដឹងថា ការ​ស្លាប់​​ដោយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​មាន​ការកើន​ឡើង​​ជា​លំដាប់​​ជារៀងរាល់​ថ្ងៃ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ។ ជាក់​ស្តែង​​តាម​​របាយការណ៍​​បណ្តោះ​អាសន្ន​​​របស់​​គណៈ​​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅឆ្នាំ​២០១០ បាន​ឱ្យ​ដឹងថា គ្រោះ​ថ្នាក់​ចរាចរណ៍​មានចំនួន​​ប្រហែល​​​៨.០០០​​ករណី​ ជន​រងគ្រោះ​​​​សរុបចំនួន​ប្រមាណ​​​១៨.១៩៦​នាក់​​ ​ដែល​ក្នុង​នោះ​មាន​​​ជនរងគ្រោះ​​ដល់​ស្លាប់​​មាន​ចំនួន​១.៨៣៧​នាក់ រងរបួស​​ធ្ងន់​​ចំនួន​៦.៨៧៤​នាក់ និង​​របួស​ស្រាល​​៨.៩៤៧​នាក់ និង​មិន​ទាន់​ដឹង​ច្បាស់​​ថា​មាន​របួស​​​ឬមិន​មាន​របួស​៥៣៨​នាក់ ។ គ្រោះថ្នាក់​​​ចរាចរណ៍​នេះ​បាន​បន្សល់​ទុក​​នូវ​កូន​កំព្រា​​ ស្ត្រីមេម៉ាយ​ ពិការ​ភាព និង​សោក​នាដកម្ម​​គ្រប់​បែប​យ៉ាង​​មក​លើ​​ប្រជាជន​ ធ្វើ​ឱ្យ​​​​គោល​នយោបាយ​​​កាត់​បន្ថយ​​ភាព​ក្រីក្រ​​របស់​​រាជ​រដ្ឋា​ភិបាល​​មាន​ការ​លំបាក​ ។ ម្យ៉ាង​ទៀត​ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​បាន​​ទម្លាក់​បន្ទុក​​​​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​​ដល់​សមាជិក​​​គ្រួសារ​នៃជន​រងគ្រោះ​​​ដែល​​នៅរស់​ទៀត​ផង ។ ​ក្នុង​ឆ្នាំ​២០០៩​ កន្លងទៅ​​នេះ គ្រោះ​​​ថ្នាក់​​ចរាចរណ៍​​បានធ្វើ​ឱ្យ​ប្រទេស​​កម្ពុជា​យើង​ខាត​បង់​​ថវិកា​​អស់​២៤៨​លាន​​ដុល្លារ​ សហរដ្ឋ​អាមេរិក​ ដែល​ថវិកា​នេះ​បើ​សិន​ជា​គ្មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទេ​នោះ​ អាច​យក​ទៅ​សាង​សង់​​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ជា​ប្រយោជន៍​​ដល់​​សង្គម​ជាច្រើន​ដូចជា ​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន​ និងជួយទប់​ស្កាត់​ការ​ចំណាយ​នៅក្នុង​បន្ទុក​គ្រួសារ​ ។ល។

លោក​រដ្ឋ​មន្ត្រី​បន្តថា ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​​ខាង​លើ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​ក្រសួង​​ស្ថាប័ន​ និងអង្គការ​​ជាតិ​និងអន្តរជាតិ​នានា រៀបចំ​​ជាយុទ្ធនាការ​ផ្សព្វ​ផ្សាយ​​អំពី​​សុវត្ថិភាព​​​ចរាចរណ៍​ ដូចជា​កុំ​បើក​បរក្រោយពេល​ពិសា​ជាតិ​ស្រវឹង កុំ​បើក​​​បរហួស​​​ល្បឿន​កំណត់​ កុំ​ដឹក​លើសទម្ងន់​ ត្រូវពាក់ខ្សែក្រវាត់​សុវត្ថិភាព​ និង​មួក​សុវត្ថិភាព​​ក្នុងពេល​បើកបរ​ និងពេល​​រួម​ដំណើរ​​ ព្រមទាំង​​ជំរុញ​​ការរឹត​បន្តឹង​​ការ​​​អនុវត្តន៍​​​ច្បាប់​ចរាចរណ៍​ ។ ឆ្លៀត​​​ក្នុង​ឱកាស​នេះ លោក​​រដ្ឋ​មន្ត្រី​​បាន​​​ជម្រាប​ជូន​ផងដែរ តាម​រយៈ​​កិច្ច​ប្រជុំ​អន្តរ​ជាតិ​ ថ្នាក់​រដ្ឋ​មន្ត្រីក្រសួង​ដឹកជញ្ជូន​ស្តីពីបញ្ហា​សុវត្ថិ​ភាព​​​ចរាចរណ៍​ផ្លូវគោក​នៅទីក្រុង​ម៉ូស្គូ កាលពី​ខែ​វិច្ឆិកា​ ​​​ឆ្នាំ​២០០៩ កន្លងទៅ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​​យក​ឆ្នាំ​២០១១-២០២០​ ជាទសវត្ស​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក (Decade of Action for Road Safety 2011-2020 ) ដែល​មាន​ទិស​ដៅ​​កាត់បន្ថយ​ចំនួន​​អ្នក​ស្លាប់​លើ​ផ្លូវ​ថ្នល់​ឱ្យ​បាន​៥០%​នាឆ្នាំ​២០២០ ។ ទសវត្ស​​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​នេះ ​នឹង​ចាប់​​ផ្តើម​​ប្រារព្ធ​​ទិវា​ប្រកាស​ផ្តើម​ទសវត្ស​​សុវត្ថិភាព​ចរាចរណ៍នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១១ នៅគ្រប់​​ប្រទេស​​ទាំងអស់​​​នៅលើ​​សាកល​លោក ។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ នឹង​ត្រៀម​ខ្លួន​​ដើម្បី​ចូលរួម​​យ៉ាង​សកម្ម​នៅ​ក្នុង​ទសវត្ស​នេះ ​នៅខែ​ឧសភា​ ឆ្នាំ​២០១១ ខាង​មុខនេះ ។

តាម​​រយៈ​សកម្មភាព​ខាង​លើ​ គណៈកម្មា ធិការ​ជាតិ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក​ បាន​ធ្វើ​ការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សាធារណ​ការ​និង​ដឹកជញ្ជូន​ ក្រសួង​​មហាផ្ទៃ​ ក្រសួង​សុខា​ភិបាល​ ក្រសួងអប់រំ យុវជន និងកីឡា​ កាក​បាទ​ក្រហម​កម្ពុជា​ ព្រមទាំង​ក្រសួង​ស្ថាប័ន​​ពាក់ព័ន្ធ​​​មួយ​ចំនួន​ទៀត​ដែល​ជា​សមាជិក​របស់​គណៈ​កម្មាធិការ​​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ ​បន្ថែម​លើ​នេះ យើង​ក៏​បាន​​ការ​សហការ​ជាមួយ​​​អង្គការ​​អន្តរជាតិ​​នានា​ ដែល​រួម​មាន​អង្គការ​​​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក (GRSP) អង្គការ​​​សុខភាព​ពិភព​លោក ​​(WHO) សាកល​វិទ្យា​ល័យ​​ចនហូបឃីន ​(JHU) អង្គការ​ជនពិការ​អន្តរជាតិ​​បែលហ្ស៊ិក​(HIB) ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ធនាគារ​ពិភព​លោក​ មូលនិធិ​​ការពារ​រង​របួស​នៅអាស៊ី​ (AIPF) ព្រម​ទាំង​ក្រុម​ហ៊ុន​ឯកជន​​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​​នឹង​ការ​​ចូលរួម​ចំណែក​ក្នុង​បញ្ហា​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដើម្បី​រួមគ្នា​ធ្វើ​ការ​ងារ​​កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​​យើង ។ នេះ​គឺជា​កាយវិការ​មួយ​បង្ហាញ​ឱ្យ​​ឃើញ​នូវ​​ការ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ជួយដល់​​ការ​បង្ការ ទប់​ស្កាត់ កាត់​បន្ថយ​អត្រា​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅកម្ពុជា​យើង ស្របទៅ​តាម​គោល​នយោបាយ​​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា ៕