ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហង្ស ម៉ា​រិ​នី​៖ លក់​សៀវភៅ​ពិបាកតែ​ខ្ញុំ​នៅ​បន្ត​លក់ ព្រោះ​បំណង​មិនមែន​រឿង​ប្រាក់​ចំណេញ

4 ឆ្នាំ មុន

តារា​ស្រី​ល្បី​ខាង Live លក់​អន​ឡាញ គ្រឿងសម្អិតសម្អាង​កាយ​លើក​សម្រស់​ៗ​ស្រី​ៗ ហង្ស ម៉ា​រិ​នី ទទួលស្គាល់​ថា របរ​លក់ដូរ​អន​ឡាញ​របស់​នាង កំពុង​ដើរទៅ​រលូន ប៉ុន្តែ​បន្ទាប់​ពី…

តារា​ស្រី​ល្បី​ខាង Live លក់​អន​ឡាញ គ្រឿងសម្អិតសម្អាង​កាយ​លើក​សម្រស់​ៗ​ស្រី​ៗ ហង្ស ម៉ា​រិ​នី ទទួលស្គាល់​ថា របរ​លក់ដូរ​អន​ឡាញ​របស់​នាង កំពុង​ដើរទៅ​រលូន ប៉ុន្តែ​បន្ទាប់​ពី សាកល្បង​លក់​សៀវភៅ «​អាគម​បរព្រៃ​» របស់​តម្រា ទោះជា​លក់ដាច់ តែបើ​ធៀប​នឹង​គ្រឿងសម្អាង​នាង​វិញ​ឃើញ​ថា ពិបាក​លក់ ហើយ​ចំណេញ​តិច​មែនទែន ។ ចុះ​ហេតុ​អ្វី​បានជា ម៉ា​រិ​នី នៅ​ឈ្មុសឈ្មុល បន្ត​ធ្វើ​ជា​តំណាង​ចែកចាយ សៀវភៅ​ទី​២ «​ពេលវេលា​» របស់​តម្រា​ទៀត?

ទើបតែ​ប្រារព្ធ​ខួបកំណើត​វ័យ​២៧​ឆ្នាំ​របស់​ខ្លួន​ពាក់កណ្ដាល​ខែឧសភា​នេះ​ដោយ​ចំណាយពេល​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង​ទៅ​ចែក​អំណោយ​ដល់​ចាស់​ៗ និង​ក្មេង​កំព្រា​នៅ​ខេត្តតាកែវ ពី​ប្រាក់​ចំណេញ​បាន​ពី​ការ​លក់​សៀវភៅ «​អាគម​បរព្រៃ​» មា​រិ​នី ប្រកាន់​ជំហរ​ថា ទោះ​លក់​សៀវភៅ លំបាក តែ​សម្រាប់​សៀវភៅ​ទី​២ មាន​ចំណងជើង​ថា «​ពេលវេលា​» នាង​នៅ​តែ​បន្ត​លក់ ហើយ​មិន​យក​ប្រាក់​ចំណេញ​ដាក់​ហោប៉ៅ ។

ប្រកាន់​ជំហរ​ដូច្នេះ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា «​និយាយ​ត្រង់​ហ្មង​ទៅ​បង រឿង​លក់​សៀវភៅ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​ក្លាយជា​អ្នកមាន​ទេ ចំណេញ​តិច​ហើយ​ពិបាក​លក់​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​ក្ដី​ប្រាថ្នា​៣​ដើម្បី​ជួយ​ខ្លួនឯង​សង្គម​យើង ។ ទី​១-​លើកតម្កើង​ការ​អាន​ហើយ​ខ្ញុំ​ក៏​អាន​ខ្លួនឯង​ដែរ ដូច​តម្រា និង​អ្នកនិពន្ធ ម្ចាស់​សៀវភៅ​ផ្សេង​ទៀត ។ ទី​២-​បណ្ដុះ​ផ្នត់គំនិត ព្រោះ​បើ​អាន​សៀវភៅ​ល្អ​ៗ​កាន់តែ​ច្រើន យើង​ក៏​ចេះ​ដឹង​ច្រើន​តាម​ហ្នឹង​ដែរ​។ ទី​៣-​ឥឡូវ​ខ្ញុំ​មានកូន ហើយ​ពេល​ធំ​ឡើង ខ្ញុំ​ចង់​ឲ្យ​កូន ស្រឡាញ់​សៀវភៅ នៅ​ជាមួយ​សៀវភៅ​តាំងពី​តូច​ឲ្យ​ដឹង​ថា សៀវភៅ​វា​សំខាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង និង​សង្គម​ជាតិ​ទៅ​ថ្ងៃ​មុខ​»​។

ក្រៅពី​បំណងប្រាថ្នា​ទាំងនេះ​ជជែក​ដល់​រឿង​ប្រាក់​ចំណេញ ម៉ា​រិ​នី សង្កត់ធ្ងន់​ថា «​ខ្ញុំ​អត់​យក​លុយ​ចំណេញ​មក​ដាក់​ហោប៉ៅ​ទេ​បង​។ លុយ​នេះ ខ្ញុំ​នៅ​តែ ជួយ​ចាស់​ៗ ដែល​គាត់​ក្រខ្សត់​លំបាក​ៗ និង​សម្រាប់​ក្រុមការងារ ដូចដែល​ខ្ញុំ​ធ្វើ​កាលពី​សៀវភៅ​មុន​ចឹ​ង​» ។ តារា​កូន​មួយ​រូប​នេះ បញ្ជាក់​ថា របរ​នាង​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ហើយ ។

ចំពោះ​សៀវភៅ «​ពេលវេលា​» ម៉ា​រិ​នី​ថា ពេលវេលា​សំខាន់​ណាស់​ហើយ​នាង​សង្ឃឹមថា ការ​រួមចំណែក (​លក់​) របស់​នាង នឹង​ជួយ​បង្កើន​គុណភាព​ជីវិត​របស់​យុវជន ឲ្យ​ស្រឡាញ់​ការ​អាន​កាន់តែ​ច្រើន ហើយ​ប្រើ​ពេលវេលា​ដែល​ខ្លួន​មាន​ឲ្យ​បាន​ល្អ​បំផុត ។

ម៉ា​រិ​នី បន្សល់​មួយ​សំណួរ​ថា «​ហេតុ​អី បានជា​អ្នកខ្លះ ១​ម៉ោង គេ​រកបាន រាប់​ម៉ឺន​ដុល្លារ​។ ចុះ​យើង?​» ។

សៀវភៅ «​ពេលវេលា​» មាន​តម្លៃ ៦​ដុល្លារ ឬ ២៥ ០០០៛ នឹង​ចេញពី​រោង​ពុម្ព ហើយ​ដល់​ដៃ​មិត្ត​អ្នក​អាន ថ្ងៃ ២៩ ឧសភា​នេះ​ហើយ​។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ជាវដុំ​យក​លក់​បន្ត សូម​ទាក់ទង តាម​រយៈ 012 472 003 ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ