ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ស្តាប់​រួច​…​ក៏​សម្រេច​ផ្អាក​សវន​ការ​និង​លើក​បន្ត​ទៅ​ថ្ងៃ​២០ មិថុនា វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​ស្ដាប់​សេចក្ដី​បំភ្លឺ​របស់​ឪពុក​ជន​រង​គ្រោះ និង​របាយការណ៍​ប្រ​តិ​កោ​សល្យវិច័យ​របស់​នគរ​បាល​ក្រសួងមហាផ្ទៃដែល​បាន​ធ្វើ​ឡើង​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ មាន​ភាព​ផ្ទុយពី​ថ្ងៃ​កើតហេតុ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​ស្ដាប់​សេចក្ដី​បំភ្លឺ​របស់​ឪពុក​ជន​រង​គ្រោះ និង​របាយការណ៍​ប្រ​តិ​កោ​សល្យវិច័យ​របស់​នគរ​បាល​ក្រសួងមហាផ្ទៃដែល​បាន​ធ្វើ​ឡើង​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ មាន​ភាព​ផ្ទុយពី​ថ្ងៃ​កើតហេតុ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​សវនាការ និង​លើក​ពេល​ទៅ​ថ្ងៃ​ទី​២០ មិថុនា ​ខាង​មុខ​ទៀត ។ សូមរំលឹក៖ តុលាការ​បន្ត​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ

ក្រោយ​ស្តាប់តាមសាក្សី​សំខាន់​ដែល​អង្គ​សវនាការ​បាន​សាកសួរ​នាំ ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ គឺ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ បូ​ណា អនុប្រធាន​នាយក​ដ្ឋា​ន​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ កាល​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​៣០ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោល​​គឺ​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ ។

តាម​ការ​បញ្ជាក់​របស់​លោកទិ​ត្យ បូ​ណា បង្ហាញ​ថា នៅ​ពេល​ទៅ​ដល់​ខេត្តតាកែវ ខណៈ​ករណី​បាន​ប្រមែ​ប្រមូល​ឯកសារ​ទាំងឡាយ ​ដែល​សមត្ថកិច្ច​ខេត្តតាកែវ​ បាន​ធ្វើ​រួច​ហើយ​មក​ពិនិត្យ​មើល​ឡើង​វិញ​ទាំងអស់ រួម​ទាំង​ការ​សាកសួរ​សាក្សី​មួយ​ចំនួន និង​ចុះ​ទៅ​ពិនិត្យ​នៅផ្ទះ​កើតហេតុ នា​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ។ ក្នុង​ការ​ពិនិត្យ​​នៅផ្ទះ​កើតហេតុ​ បាន​រក​ឃើញ​ថា ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ខេត្ត​មានការ​ខ្វះចន្លោះ​ធ្វេស​ប្រហែស និង​ឆាប់​ធ្វើ​សេចក្ដី​សន្និដ្ឋាន​លឿន​ពេក ដោយ​ស្ថានភាព​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​រុះរើ​ខុស​ពី​សភាព​ដើម ។

ចំណែក​ភាព​មិន​ប្រក្រតី​មាន​ដូច​ជា ៖ ទី​១-​នៅ​លើ​ធ្នឹម​បង្អួចពុំ​មាន​ធូលី​ ឬ​ស្នាមជើង​ឡើង​ជាន់​របស់​ជន​រង​គ្រោះ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឡើង​ទៅ​ចង.ក​ដោយ​ខ្លួនឯង​ទេ ។ ទី​២-​រនូត​វាំងនន​ដែល​បាញ់​វី​ស​២​គ្រាប់​ជាប់​ជញ្ជាំង ​ដែល​ចង​ព្យួរ​សព​ជន​រង​គ្រោះ​មិន​អាច​ទ្រ​ទម្ងន់​សព​ជន​រង​គ្រោះ​បាន​ទេ ។ ទី​៣-​បើសិន​ជន​រង​គ្រោះ​ចងក​ដោយ​ខ្លួនឯង យក​ខ្សែ​វាំងនន​មក​ទាក់​ក​ហើយ​លោត​ទម្លាក់​ខ្លួន​ច្បាស់​ ជា​មាន​ស្នាម​របួស​រលាក​ត្រង់​ក​ទាំង​សងខាង ប៉ុន្តែ​នេះ​ពុំ​មាន​ស្នាម​ដាច់​រលាត់​ទេ ។ ទី​៤-​គ្រែ​ពួក ខ្នើយ កម្រាល​ពួក មាន​ភាព​រញ៉េ​រញ៉ៃ ។ ទី​៥-​មាន​ទូរស័ព្ទ​២​គ្រឿង​នៅ​លើ​ពូក និង​មួយ​គ្រឿង​ទៀត​ធ្លាក់​នៅ​លើ​កម្រាល​ឥដ្ឋ នេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅ​កន្លែង​កើតហេតុ ។

សរុប​មក ការ​ស៊ើបអង្កេត​ចុង​ក្រោយ ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មាន​លទ្ធភាព​តិចតួច​បំផុត​ ដែល​ជន​រង​​គ្រោះ​ធ្វើ​អត្តឃាត តែ​អាច​ជា​ករណី​ឃាតកម្ម​ គិត​ទុក​មុន​ច្រើន​ជាង ។ គ្រប់ការ​លើក​ឡើង​របស់​មន្ត្រី​នគរ​បាល​​ក្រសួងមហាផ្ទៃ ជនជាប់ចោទ​លោក ឡាយ វណ្ណៈ បាន​បដិសេធ​ថា ​សុទ្ធតែ​ជា​រឿង​មិន​ពិត​និង​មួល​បង្កាច់ ។

ក្នុង​សវនាការ​នេះ​ដែរ លោកចេ​វ សា​រ៉េ​ន ដែល​ជា​ឪពុក​បង្កើត​របស់​​ជន​រង​គ្រោះ​ គឺ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឡើង​បំភ្លឺ​ជូន​អង្គ​សវនាការ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ ពេល​គាត់​ទៅ​ដល់​ផ្ទះ​កូន​គាត់ បាន​ពិនិត្យ​មើល​សព​កូនស្រី​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ គួរ​ឲ្យ​កត់សម្គាល់​ទេ ។ លោក​​ក៏​បាន​សុំ​យក​សព​កូនស្រី​ មក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ចាត់​ទុក​ថា អ្វី​ដែល​កើតមក​លើ​កូនស្រី​គាត់ និង​ក្រុម​គ្រួសារ​គាត់​ចាត់​ទុក​ថា ​ជា​ព្រហ្ម​លិខិត​ដែល​កំណត់​វាសនា​កូនស្រី​ត្រឹមហ្នឹង​ចុះ ហើយ​គាត់​ក៏​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​លើ​បុគ្គល​ណា​ម្នាក់ និង​ទាមទារ​សំណង​អ្វី​ដែរ ។

គួរបញ្ជាក់ថា​​ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា បាន​បន្ត​បើកសវ​នា​ការ​លើ​សំណុំ រឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម​លើ​ស្រី​កំណាន់​មេម៉ាយ​កូន​៣ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​ ។ អង្គ​សវនាការ​បានផ្ដោត​លើ​ការ​បង្ហាញ​ភ័ស្តុតាង​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដាក់បន្ទុក​លើ​លោក ឡាយ វណ្ណៈ ឲ្យ​ជាប់​ពិរុទ្ធ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត ។

គួររំលឹកទៀតថា កាលពី​ខែមេសា ឆ្នាំ​២០១៩ អង្គ​សវនាការ​បាន​ស្ដាប់​និង​ពិនិត្យ​របាយការណ៍ និង​ភ័ស្តុតាង​មួយ​ចំនួន​របស់​សមត្ថកិច្ច​ខេត្តតាកែវ ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត មិនមែន​ជា​ករណី​ឃាតកម្ម​ដូច​ការ​ចោទប្រកាន់​ទេ​។ សំណុំរឿង​នេះ សាលាដំបូង​បាន​ចោទ​ប្រ កាន់​លើ​ជនជាប់ចោទ​៤​នាក់ ៖ ១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥ឆ្នាំ និង២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ជា​បងប្រុស​របស់​លោក ឡាយ វណ្ណៈ​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​របស់​លោក ឡាយ វណ្ណ​: និង៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅផ្ទះ​ជួល​ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ
មក​រា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​នៅ​ក្នុង​បន្ទប់ដេក​របស់​នាង នៅក្នុងផ្ទះ​ជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ នៅ​ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតា​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ ។ ភ្លាម​ៗ​ករណី​នេះ​ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្ដែ​ក្រោយពី​បើក​ការ​ស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​នាយក​ដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ ថា ករណី​ខាងលើ​មិនមែន​ជា​រឿង​អត្តឃាត​ទេ ពោល​គឺជា​រឿង​ឃាតកម្ម​ទៅ​វិញ ដោយ​មាន​អ្នក បញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជន​រង​គ្រោះ ។

ក្រោយ​ពី​បើក​ការ​ស៊ើបអង្កេត សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង​៤​នាក់​ខាងលើ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​រហូត​មក​ដល់​ពេល​នេះ ។ រាល់ពេល​សវនាការ លោក ឡាយ វណ្ណៈ ដែល​ជា​ជន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា តែងតែ​ប​ដិ សេ​ធ​ថា ខ្លួន​មិនមែន​ជា​មនុស្ស​ល្ងង់ខ្លៅ​ដល់​ថ្នាក់​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​កំណាន់​នោះ​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ