ខេត្តក្រចេះ ៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមានជាច្រើនប្រភេទ ត្រូវបានក្រុមមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ចុះស្រាវជ្រាវរកឃើញកំពុងតែដាក់លក់នៅក្នុងផ្សារស្នួល ដែលជាផ្សារជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតក្នុងស្រុកស្នួល និងនៅក្នុងផ្សារមួយកន្លែងទៀតនៅ ស្រុកចិត្របុរី។
នេះជាការរកឃើញថ្មីមួយទៀត ពីក្រុមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ក្រោមការដឹកនាំចុះត្រួតពិនិត្យពីលោក យាង បាក់ ប្រធានសាខាកាំកុងត្រូលទៅលើទីតាំងលក់ទំនិញ ធំៗជាច្រើនកន្លែងនៅក្នុងផ្សារនៅស្រុកស្នួល និងផ្សានៅស្រុកចិត្របុរី នៅថ្ងៃទី២៤ ឧសភា ។
ប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ លោក យាង បាក់ បានថ្លែងប្រាប់ឲ្យដឹងថា មុខ ទំនិញជាច្រើនប្រភេទសុទ្ឋសឹងជាគ្រឿងបរិភោគ ដែលកំពុងតែដាក់លក់នៅក្នុងផ្សារស្នួល ត្រូវបានអាជ្ញាធរជំនាញរកឃើញមានផ្ទុកសារធាតុគីមីមួយប្រភេទឈ្មោះសូល្យូម ហ៊ីដ្រូសូវិត (Sodium Hydrosulfite)។ សាធាតុគីមីនេះត្រូវបានលោកអះអាងថា បង្កឲ្យប៉ះពាល់សុខភាពដល់អ្នកទទួលទានជាខ្លាំង ដូចជា ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ រាគរូស និងអាចធ្វើឲ្យមនុស្សស្លាប់បាន។
ក្រុមមន្ត្រីកាំកុងត្រូលដែលចុះប្រតិបត្តិការខាងលើបានបញ្ជាក់ថា មន្ត្រីជំនាញបានបន្តសកម្មភាពមក ត្រួតពិនិត្យលើមុខទំនិញផ្សេងទៀត នៅតាមតូបលក់ទំនិញនានានៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី និងក៏បានរកឃើញនូវគ្រឿងភេសជ្ជៈជិត២០កេស ដែលសុទ្ឋសឹងផុតកំណត់ការប្រើប្រាស់។
ក្រុមមន្ត្រីកាំកុងត្រូលបានអះអាងថា រាល់មុខទំនិញដែលបានស្រាវជ្រាវរកឃើញទាំងពីរផ្សារមានដូចជាគ្រឿងបរិភោគ និងគ្រឿងភេសជ្ជៈ គឺត្រូវអាជ្ញាធរសម្រេចធ្វើការរឹបអូសនាំយករក្សាទុក ដើម្បីកម្ទេចចោល ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ