ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សង្គ្រាម​អា​មេ​រិ​ក​-​អុីរ៉​ង់​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ អាច​កើត​មាន​ទេ?

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ នាយសេនាធិការ​កង​ម៉ា​រី​ន​អុី​រ៉​ង់ ឧត្ដមនាវី ​HOSSEIN KHANZADI ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៣ ​ឧសភា​ថា សម្រាប់​ពេល​នេះ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ABRAHAM…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ នាយសេនាធិការ​កង​ម៉ា​រី​ន​អុី​រ៉​ង់ ឧត្ដមនាវី ​HOSSEIN KHANZADI ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៣ ​ឧសភា​ថា សម្រាប់​ពេល​នេះ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ABRAHAM LINCOLN ​ស្ថិត​នៅ​កន្លែង​មួយ ចម្ងាយ​ប្រមាណ​ជា​៧០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អុីរ៉​ង់​។ លោក​ថា ​នេះ​ជា​លើក​ដំបូង​ដែល​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង មក​កៀក​បែប​នេះ​ជា​ប្រវត្តិ​សាស្ត្រ។

ឧត្ដមនាវី​រូប​នោះ​បន្ដ​ថា មែនហើយ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​អុី​រ៉​ង់ តែ​ក្នុង​ចម្ងាយ​មួយ​ជិត​ជាង​ពេល​ណា​ៗ​ទាំងអស់ ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ពេល​ណា​ដែល​ពួក​អា​មេ​រិ​ក​ចាក​ចេញពី​ឈូង​សមុទ្រ​ពែ​រ្ស៍ នោះ​វា​បញ្ជាក់​ថា​ពួក​គេ​ខ្លាច​បណ្ដា​ឧបករណ៍​យោធា​របស់​ពួក​គេ​រង​ការ​កម្ទេច ដោយ​បណ្ដា​មី​ស៊ី​លអុី​រ៉​ង់ ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​និង​សមុទ្រ​អូ​ម៉​ង់​។ ដូច្នេះ​ពួក​គេ​ត្រូវ​គេច​ចេញ​ហើយ​ត្រូវ​ស្ដិ​ត​នៅ​កន្លែង​ឆ្ងាយ​មួយ​ពី​ព្រំដែន​របស់​យើង​។

ទោះបី​យ៉ាងណា​លោក​បណ្ឌិត​ PIERRE AZAR អ្នកជំនាញ​ការ​លី​បង់​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច បាន​បដិសេធ​សេនា​រី​យ៉ូ​នៃ​ការ​ផ្ទុះ​សង្គ្រាម​មួយ ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​រវាង​អា​មេ​រិ​ក​និង​អុីរ៉​ង់​។ លោក​យល់​ថា​ការ​ដាក់​ពង្រាយ​កង​យោធា​អា​មេ​រិ​ក​ក្នុង​តំបន់​នោះ ធ្វើ​ឡើង​ហាក់ដូចជា​ល្បិច​នយោបាយ​មួយ ខណៈ​ជិត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​។ ក្នុង​ន័យ​នេះ​ដែរ​លោក​AZAR​គូសបញ្ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ​ដឹង​ថា​លោក ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ល្អ​មួយ សម្រាប់​ឲ្យ​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​លោក​ត្រៀម​បង់​តម្លៃ​ណា​ក៏​ដោយ ដើម្បី​ឲ្យ​លោក​បាន​ជាប់​ឆ្នោត​ជា​លើក​ទី​២ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ លោក​កំ​ញ៉ែង ​អុី​រ៉​ង់​ដោយ​ដាក់​ពង្រាយ​កង​យោធា​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ចំណែក​ប្រធានាធិបតី​អុី​រ៉​ង់ លោក​ហា​សាន់​រ៉ូ​ហា​នី​អះអាង​កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ថា អុី​រ៉​ង់​នឹង​មិន​ចុះ​ញ៉ម​ការ​គាបសង្កត់​នានា​របស់​អា​មេ​រិ​ក ហើយនឹង​មិន​បោះបង់​ចោល​ដាច់ខាត បណ្ដា​ទិស​ដៅ​របស់​ខ្លួន ទោះជា​ខ្លួន​រង​ការ​វាយប្រហារ ក៏​ដោយ​។ ក្នុង​ពិធី​មួយ​រំឭក​ដល់​សង្គ្រាម​អុី​រ៉​ង់​-​អុី​រ៉ា​ក់ លោក​ហា​សាន់​រ៉ូ​ហា​នី​ថ្លែង​ថា យើង​ត្រូវ​តែ​តស៊ូ​ដើម្បី​ឲ្យ​ពួក​សត្រូវ​របស់​យើង​ដឹង​ថា ទោះជា​រង​ការ​បាញ់​ផ្លោង​ទម្លាក់​គ្រាប់បែក​លើ​ដែនដី​យើង ហើយ​កូនចៅ​យើង​ត្រូវ​ស្លាប់​និង​របួស​ឬ​ត្រូវ​ចាប់ខ្លួន ក៏​យើង​នឹង​មិន​បោះបង់​ការ​តស៊ូ​ឡើយ ដើម្បី​គោលដៅ​ឯករាជ្យ​និង​មោទនភាព​របស់​យើង​។

រីឯ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ​វិញ អះអាង​កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ថា ពិត​ណាស់​នឹង​មិន​ចាំបាច់​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា​ដូច​ការ​គ្រោង​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ឡើយ​។ មុន​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី លោក​PATRICK SHANAHAN លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​យល់​ថា​យើង​នឹង​មិន​ចាំបាច់​ត្រូវការ​បញ្ជូន​កម្លាំង​បន្ថែម​ឡើយ​។ ប្រាកដ​ណាស់​ខ្ញុំ​នឹង​បញ្ជូន​កងទ័ព​ទៅ ប្រសិនបើ​យើង​ត្រូវការ​។

មុន​នេះ​បន្តិច​លោក​ត្រាំ​អះអាង​ថា សហរដ្ឋអាមេរិក​គ្រោង​ដាក់​ពង្រាយ កងទ័ព​បន្ថែម​ទៀត ដើម្បី​ការពារ​បណ្ដា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ខណៈ​ភាព​តានតឹង​ជាមួយ​អុី​រ៉​ង់​កើនឡើង​ជាប់​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ