ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ជា​មិត្ត​ដែកថែប​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ចិន​បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ជា​មិត្ត​ដែកថែប​របស់​ខ្លួន ទោះបី​មាន​បញ្ហា​អ្វី​ក៏​ដោយ ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក វ៉ាង យ៉ា​ជុន អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរ​ជាតិចិន​ជាមួយ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ចិន​បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ជា​មិត្ត​ដែកថែប​របស់​ខ្លួន ទោះបី​មាន​បញ្ហា​អ្វី​ក៏​ដោយ ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក វ៉ាង យ៉ា​ជុន អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរ​ជាតិចិន​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។

លោក វ៉ាង យ៉ា​ជុន បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​នឹង​បន្ត​ការ​ធ្វើការ​រាល់​កិច្ចការ​ទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោក​ប្រធានាធិបតី​ចិន​ស៊ីជី​ន​ពីង បាន​ចុះហត្ថលេខា​នា​ពេល​កន្លង​មក ។ លោក​បាន​បញ្ជាក់​ថា «​កម្ពុជា និង​ចិន គឺជា​មិត្ត​ដែកថែប ហើយ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នៅ​ពេល​នេះ​ស្ថិត​នៅ​លំដាប់​ល្អ​បំផុត​» ។ លោក​បាន​បន្ត​ថា ចំពោះ​ឯកសារ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា នៅ​ពេល​កន្លង​មក នៅ​ក្នុង​កិច្ចប្រជុំ​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ប្រទេស​ចិន​នានា គឺ​នឹង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​រឹង​មាំ​ថែម​ទៀត ជា​ពិសេស គឺ​នាំ​មក​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​អោយ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោក វ៉ាង យ៉ា​ជុន បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា នៅ​ពេល​ដែល​លោក​បាន​ចុះ​ពី​យន្តហោះ​មក​ដល់​រាជធានី​ភ្នំពេញ គឺ​លោក​បាន​សង្កេត​ឃើញ​រាជធានី​ភ្នំពេញ​មាន​ភាព​រស់​រវើក​ស្រស់​ស្អាត និង​មាន​សក្តានុពល​ជា​ច្រើន​ផង​ដែរ ។ ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា​លោក​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផ្សេង​ៗ ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង នៅ​ក្រុងព្រះសីហនុ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​យ៉ា​ជុន បញ្ជាក់​ថា «​ចិន​នៅ​តែ​បន្ត​ជំរុញ​ការ​វិនិយោគ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជំរុញ​ការ​បើក​ទីផ្សារ​សម្រាប់​កម្ពុជា និង​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​» ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន និង​បាន​យល់​ច្បាស់​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​របស់​លោក វ៉ាង យ៉ា​ជុន ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ផង ជាមួយនឹង​សក្តានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផង ជា​ពិសេស​ឈរ​លើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​នោះ ដែល​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​មួយ​ជោគវាសនា​មួយ ដែល​បាន​ចុះហត្ថលេខា​នៅ​ពេល​កន្លង​មក ។

សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ជា​មិត្ត​ក្នុង​ការ​ជួយ​ជំរុញ​ការ​វិនិយោគ​ចិន​អោយ​បាន​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ស្រប​ពេល​នឹង​ការ​ជួយ​ជ្រោមជ្រែង​បើកចំហរ​ទីផ្សារ​កសិផល និង​ផលិតផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ចិន​នោះ ៕ កែសម្រួលដោយ ៖​ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ