ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានបុរសម្នាក់ធ្លាក់ពីលើដើមត្នោតស្លាប់ ស្ថិតនៅចម្ងាប្រមាណ៣០០ម៉ែត្រ ខាងជើងភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ កែវ លាក់ អាយុ៥៩ឆ្នាំ មុខរបរកសិករ ឡើងត្នោត មានប្រពន្ធ មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ។ ដោយនៅក្បែរសាកសពមានបំពង់ទឹកត្នោត៣ កាំបិតត្នោត១ ខ្សែក្រវ៉ាត់សិនណារ៉ុង១ និងស្បែកជើង១គូ ។
បើតាមការបំភ្លឺពីស្ត្រីឈ្មោះ ព្រំ សំអុល អាយុ៥៦ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុអ្នកស្រីបានពឹងបងថ្លៃឲ្យជួយទៅរកមើលប្តី ព្រោះបាត់គាត់យូរពេកមិនឃើញមកផ្ទះទទួលទានបាយដូចសព្វមួយដង ។
ពេលនោះបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ ក៏បានទៅដើររកប្តីអ្នកស្រីមែន លុះមួយសន្ទុះត្រឡប់មក វិញបានប្រាប់គាត់ថា ប្តីរបស់ឯងបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ។ ពេលឮបងថ្លៃគាត់ប្រាប់យ៉ាងដូច្នេះ អ្នកស្រីបានស្ទុះរត់ទៅមើល ស្រាប់តែឃើញប្តីគាត់ដេកស្លាប់នៅក្រោមដើមត្នោត នោះសបញ្ជាក់ឲ្យកាន់តែច្បាស់ថា ប្តីអ្នកស្រីពិតជាធ្លាក់ពីលើដើមត្នោតស្លាប់មែន ។
បន្ទាប់ពីបានមកអ្នកស្រីបានទៅជំរាបមេភូមិ និងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងលើទើបកម្លាំងនគរបាលស្រុកអង្គស្នួលចុះទៅពិនិត្យ ហើយបានធ្វើការសន្និដ្ឋានថា ករណីជនរងគ្រោះធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន ។ សាកសពត្រូវបានក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
(កែសម្រួលដោយ ៖សុឃាក់)
ចែករំលែកព័តមាននេះ