រាជធានីភ្នំពេញ៖ ក្រុមព្រះសុរិយាដែលជាក្រុមអ្នកស្រាវជ្រាវប្រវត្តិភាពយន្ត និងបទចម្រៀង ចាស់ៗនោះបានស្នើផលិតកម្មថោនឲ្យកែប្រែចំណុចខុសឆ្គងមួយចំនួនទៅលើបទ «ពុកខុសហើយកូន» ច្រៀងដោយលោកខេម។ តើអ្វីដែលក្រុមព្រះសុរិយាស្នើឲ្យកែនោះ ?
ផលិតកម្មថោនបានសរសេរថា បទ«ពុកខុសហើយកូន» ចំណងជើងដើម ៖ «កំពូលភ្នំស្រួច» សំនៀងដើម ៖ លោកគាង យុទ្ធហាន ព្រះរាជនិពន្ធទំនុកច្រៀងដើម ៖ ព្រះអង្គម្ចាស់លោកឌួង សុវណ្ណរ័ត្ន ហៅលោកតាប៉ក់ សម្រួលទំនុកច្រៀង ៖ សុផាន់ តារាជឿន សម្រួលបទភ្លេង ៖ ប៊ុន ប៉ ត្រង់ចំណុចនេះជាចំណុចខុសឆ្គងដែលក្រុមព្រះសុរិយាស្នើឲ្យផលិតកម្មថោន កែឲ្យត្រូវ ។ បើតាមការប្រកាសរបស់ក្រុមព្រះសុរិយានៅលើហ្វេសប៊ុកឲ្យដឹងថា «សូមផលិតកម្ម ថោន មេត្តាពិនិត្យ និងកែតម្រូវឡេីងវិញលេីពីរចំណុច គឺ៖
១-បទនេះមិនមែនលំនាំ«កំពូលភ្នំស្រូច»ទេ អ្នកផលិតហេតុអ្វីពុំព្រមស្រាវជ្រាវឲ្យបានត្រឹមត្រូវ ដោយកាលពីទសវត្សឆ្នាំ៨០និង៩០នោះ លោកអ្នកផលិតបទ«កំពូលភ្នំស្រូច»នេះបានយកភ្លេងពីសង្គមយកមកធ្វើទេ ។ បទដេីមគឺ«ទំនួញស្រីកម្ម» និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកកែវ ឯម ច្រៀងដោយលោកស្រីសូ សាវឿន ។
២-ត្រង់ពាក្យថាព្រះរាជនិពន្ធគឺប្រើប្រាស់ពាក្យខុស ព្រះរាជនិពន្ធប្រើសម្រាប់តែព្រះរាជា ឬអតីតព្រះរាជាទេ ក្នុងឋានៈជាព្រះញាតិវង្សមិនអាចប្រើពាក្យ «ព្រះរាជ» បានទេ គឺប្រើបាន ពាក្យថា «ព្រះ»។ សូមមេត្តាពិនិត្យ និងកែសម្រួលឡើងវិញតាមការគួរ!»។
បន្ទាប់ពីមានការស្នើសុំពីក្រុមព្រះសុរិយាមក នៅលើផេកផ្លូវការរបស់ផលិតកម្មថោន គេឃើញមានការប្រែចំណុចខុសឆ្គងនោះឡើងវិញហើយ ។
ផលិតកម្មថោនដែលបានផលិតបទ«ពុកខុសហើយកូន» នេះឡើង គឺក្នុងគោលបំណងអប់រំពីផលប៉ះពាល់ដ៏ធ្ងន់នៃការប្រើប្រាស់គ្រឿងញៀន។ បើតាមផលិតកម្មថោន អត្ថន័យនៃចំណងជើង «ពុកខុសហើយកូន»ចង់បង្ហាញពីបុរសម្នាក់បានប្រែក្លាយអត្ថន័យពាក្យថា «ឳពុក» ទៅជាសត្វតិរច្ឆាន ដោយសារតែអំពើដ៏ថោកទាបរបស់ខ្លួន សេពគ្រឿងញៀន ហើយប្រព្រឹត្តខុសរំលោភកូនស្រីខ្លួនឯង ធ្វើអោយតម្លៃនៃភាពជាឳពុក គ្មាននៅក្នុងខ្លួនគេទៀតទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ