ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ធ្វើការ​បាន​២​ថ្ងៃ​បែកគំនិត​លួច​រថយន្ត តែ​មានអី​ប៉ះ​ចំ​របស់ទំនើប …​ចុងក្រោយទឹកភ្នែក(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ និង​នគរបាល​ស្រុក​ត្រាំកក់ នៃ​ខេត្តតាកែវ​ធ្វើការ​តាម​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ពី​កា​រ៉ា​ស់លាង​ឡាន និង​ផ្ញើ​រថយន្ត​មួយ​កន្លែង​យីហោ «​មាតា » ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ និង​នគរបាល​ស្រុក​ត្រាំកក់ នៃ​ខេត្តតាកែវ​ធ្វើការ​តាម​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ពី​កា​រ៉ា​ស់លាង​ឡាន និង​ផ្ញើ​រថយន្ត​មួយ​កន្លែង​យីហោ «​មាតា » ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រំលង​ទាប​ភ្លឺ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​មានឈ្មោះ ហុ​ក រ៉ា​វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ។ ជនសង្ស័យ​រូប​នេះ​ទើបតែ​ចូល​ធ្វើការ​ជា​អ្នក​លាង​រថយន្ត​នៅ​កា​រ៉ា​ស់​ខាងលើ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ម្ចាស់​កា​រ៉ា​ស់ស​ម្រេច​អោយ​រូបគេ​សម្រាក​នៅ​ក្នុង​កា​រ៉ា​ស់ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ម្ចាស់​រថយន្ត​ព្រូស​ខាងលើ​បាន​យក​រថយន្ត​ទៅ​ផ្ញើ​នៅ​កា​រ៉ា​ស់​ខាងលើ ដែលរថយន្ត​មាន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-7042 ដោយ​យក​ទៅ​ផ្ញើ​នោះ គឺ​ជនសង្ស័យ​ខាងលើ​ជា​អ្នក​ទទួល និង​បាន​យក​សោ​រថយន្ត​ពី​ម្ចាស់​រថយន្ត​ខាងលើ​ផង​ដែរ ។ ប្រភព​បន្ត​ថា នៅ​យប់​ថ្ងៃខែ​ដដែល​ដោយសារ​អ្នកគ្រប់គ្រង​កា​រ៉ា​ស់​ជាប់រវល់​ក៏​បាន​ផ្ញើ​សោ​ទ្វារ​កា​រ៉ា​ស់​ទៅ​ជនសង្ស័យ​ខាងលើ​រហូត​វេលា​ទាប​ភ្លឺ ដោយ​ឃើញ​ឱកាសល្អ ណាមួយ​ជនសង្ស័យ​មាន​ទាំង​សោ​រថយន្ត និង​សោ​ទ្វារ​កា​រ៉ា​ស់​ក៏​ធ្វើ​អោយ​រូបគេ​សម្រេច​ធ្វើ​សកម្មភាព​លួច​រថយន្ត​ព្រូស​ខាងលើ ហើយ​ជិះ​រត់គេច​តែ​ម្តង​ទៅ ។

រហូត​មក​ទល់​ហ្នឹង​វេលា​ព្រឹក​ថ្ងៃខែ​ដដែល ម្ចាស់​រថយន្ត និង​ម្ចាស់​កា​រ៉ា​ស់បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​រថយន្ត​ព្រូស​ដែល​ត្រូវ​ជនសង្ស័យ​លួច​ទៅ​នោះ គឺ​មាន​ជាប់​ប្រព័ន្ធ GPS ដូច្នេះ​ហើយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​ម្ចាស់​រថយន្ត ឈាន​ទៅ​ស្វែ​ករក​ចាប់ខ្លួន​ជនសង្ស័យ​រហូត​ដល់​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវ​លេខ​៤១ ។ ពេល​នោះ​នគរបាល​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ស្ទាក់​ព័ទ្ធ​ចាប់​ជនសង្ស័យ​រូប​នោះ តាម​រយៈ​ប្រព័ន្ធ GPS រហូត​ស្វែ​ករក​ឃើញ ប៉ុន្តែ​ជនសង្ស័យ​បាន​ព្យាយាម​បើក​រត់គេច​ពី​សមត្ថកិច្ច រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជនសង្ស័យ​បាន​បើករថយន្ត​បុក​គ្នា​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់​បាន​ទាំង​មនុស្ស និង​រថយន្ត​តែ​ម្តង​ទៅ ។

ក្រោយ​ការ​ឃាត់​បាន​ហើយ​នោះ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​ធ្វើ​សំណុំ​ឯកសារ​ប្រគល់​ជនសង្ស័យ និង​រថយន្ត​ជូន​ទៅ​នគរបាល​ខណ្ឌមានជ័យ ដែល​ជា​ម្ចាស់​ករណី ក្នុង​ការ​បន្ត​នីតិវិធី​ច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​រថយន្ត​ព្រូស​ដែល​ជនសង្ស័យ​លួច សមត្ថកិច្ច​តម្រូវ​អោយ​ម្ចាស់​រថយន្ត​យក​ឯកសារ​មក​ផ្ទៀត​ផ្ទាត់ និង​ប្រគល់​ជូន​យក​ទៅ​ប្រើប្រាស់​វិញ ៕ (កែសម្រួលដោយ​៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ