ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ព្រៃ​ស្ពឺដឹកសព​ចេញ​ទៅឈាបន​ដ្ឋាន​បូជា​​​តក់ក្រហល់…គ្រួសារសពឆ្ងល់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មាន​សតិ​មិនល្អ​ម្នាក់ បាន​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​សំច​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ឬ​ហៅ​ថា​ មណ្ឌល​ព្រៃ​ស្ពឺ កាលពី​ជិត​១​ឆ្នាំ​មុន ​ដើម្បី​ឲ្យ​ខាង​មណ្ឌល​នេះ​ជួយ​ថែរក្សា ប៉ុន្តែ​ពេល​នេះ​ ស្រាប់តែ​បុរស​ខាងលើ​…

រាជធានី​ភ្នំពេញ ៖ បុរស​មាន​សតិ​មិនល្អ​ម្នាក់ បាន​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​សំច​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ឬ​ហៅ​ថា​ មណ្ឌល​ព្រៃ​ស្ពឺ កាលពី​ជិត​១​ឆ្នាំ​មុន ​ដើម្បី​ឲ្យ​ខាង​មណ្ឌល​នេះ​ជួយ​ថែរក្សា ប៉ុន្តែ​ពេល​នេះ​ ស្រាប់តែ​បុរស​ខាងលើ​ បាន​ស្លាប់​បាត់បង់​ជីវិត ។ ចំណែក​ខាង​មណ្ឌល​មិន​បាន​ផ្ដល់​ដំណឹង​ពី​ការ​ស្លាប់​នេះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សព​ដឹង​ឡើយ តែ​បែរជា​ដឹក​សព​យក​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ប្ញស្សី​សាញ់ រួច​ហើយ​បូជា​យ៉ាង​តក់ក្រហល់ ដោយ​មិន​បាន​ឆ្លងកាត់​ការ​ធ្វើ​កោសល្យវិច័យ​ពី​សំណាក់​នគរបាលបច្ចេកទេស ឬ​គ្រូពេទ្យ​ផ្នែក​ពិនិត្យ​សព និង​រង់ចាំ​ក្រុម​គ្រួសារ​សព​ទៅ​ដល់​សិន​ឡើយ ។

ដោយសារ​តែ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សព​កើតទុក្ខ​មិន​សុខចិត្ត ហើយ​រាយការណ៍​ជូន​នគរបាល​សុំ​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ដោយ​ពួក​គាត់​ចាត់​ទុក​ថា​ការ​ស្លាប់​នេះ​ហាក់​មាន​អាថ៌​កំបាំង និង​សង្ស័យ​​មានរឿង​មិន​ប្រក្រតី ។ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ឧសភា នៅ​មណ្ឌល​ព្រៃ​ស្ពឺ ស្ថិត​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ស្លាប់​ឈ្មោះ នួន រ​ដ្ឋា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យខណ្ឌមានជ័យ ។ បើ​​តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ពួក​គាត់​បាន​នាំយក​បុរស​នេះ​ទៅ​ដាក់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ។ ការ​សម្រេចចិត្ត​យក​ទៅ​ដាក់​នៅ​មណ្ឌល​នេះ ពុំ​មែន​មក​ពី​ជន​រង​គ្រោះ​ញៀន​ថ្នាំ​ឡើយ គឺ​ព្រោះតែ​រូបគេ​មាន​សតិ​មិនល្អ​ប៉ុណ្ណោះ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា ស្រាប់តែ​ពួក​គាត់​ទទួល​ដំណឹង​ថា​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ពួក​គាត់​មិន​បានដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​របៀប​ណា​ទេ ព្រោះ​នៅ ខណៈនោះ​ខាង​មណ្ឌល​មិន​បាន​ប្រាប់​ពួក​គាត់​ដឹង​ឡើយ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​មរណភាព​នេះ​ភ្លាម ពួក​គាត់​មានការ​តក់ស្លុត​ខ្លាំង​ណាស់​និង​បាន​នាំ​គ្នា​ទៅ​កាន់​មណ្ឌល ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា សព​ត្រូវ​បាន​គេ​នាំ​យក​ទៅតម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ អត់​មាននៅ​ក្នុង​មណ្ឌល​ទេ ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​កាន់​វត្ត​នោះ ។ នៅ​ពេល​ទៅ​ដល់​ក៏​រឹតតែ​តក់ស្លុត​ថែម​ទៀត គឺ​សព​ត្រូវ​បាន​ខាង​មណ្ឌល​ឲ្យ​តាអា​ចារ្យ​បូជា​បាត់​ទៅ​ហើយ ទើប​ពួក​គាត់ សម្រេចចិត្ត​រាយការណ៍​ជូន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សុំ​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ ឲ្យ​បាន​ច្បាស់លាស់ ។

រឿង​ដែល​សង្វេគ​នោះ​ដែរ គឺ​ការ​បូជាសព​ដោយ​គ្មាន​ការ​ធ្វើបុណ្យ​ឡើយ ។ ប៉ុន្តែ​ទោះបីជា​សព​ត្រូវ​បាន​បូជា​ហើយ​ក្ដី ក៏​ក្រុម​គ្រួ​សារបាន​រៀបចំ​ធ្វើបុណ្យ​សព​នៅ​វត្ត​ឫស្សី​សាញ់ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ដែរ ។ ម្យ៉ាងទៀត​ពេល​នេះ​ពួក​គាត់​មិន​ទាន់​អាច​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌​មានបាន​ច្រើន​ទេ រង់ចាំ​ធ្វើ​បុណ្យសព​រួចរាល់​សិន ។សាក្សី​ម្នាក់​បាន​បំភ្លឺ​ជូន​នគរបាល​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ខែឧសភា បុរស​រង​គ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន ហើយ​គាត់​បាន​នាំ​ទៅ​ឲ្យ​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​ព្យាបាល ។

ប៉ុន្តែ​ខណៈនោះ​ជំងឺ​កាន់តែ​ធ្ងន់​មិន​បាន​ធូរស្បើយ​ឡើយ ទើប​គ្រូពេទ្យ​នៅ​ទីនោះ​ឲ្យ​គាត់​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ហើយ​គាត់​ក៏​ដឹក​ជន​រង​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​នោះ ។ លុះ​ពេល​ទៅ​ដល់គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ​ទើប​គាត់​រាយការណ៍​ប្រាប់​ប្រធាន​មណ្ឌល ហើយប្រធាន​មណ្ឌល​ប្រាប់​ឲ្យ​គាត់​ដឹក​សព​ទៅ​តម្កល់​នៅឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ ។ នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ គាត់​បាន​ចេញ​ទៅ​ហូប​បាយ លុះ​ហូប​រួច​ត្រឡប់​មក​វត្ត​វិញ​ស្រាប់តែ​ឃើញ​សព​ត្រូវ​បាន​គេ​បូជា​បាត់​ទៅ​ហើយ ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ​បាន​សម្ដែង​ការ​អាក់អន់​ស្រពន់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ប្រធាន​មណ្ឌល ដែល​មិនបាន​សហការ​ជាមួយ​នគរបាល​ក្នុង​ករណី​មាន​មនុស្ស​ស្លាប់​បែ​បន​ជ ។ នៅ​ពេល​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​សព កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ២​ចំនួន​២​ទៅ​៣​នាក់ បាន​ទៅ​កាន់​មណ្ឌល​ខាងលើ​ដើម្បី​សួរនាំ​ព័ត៌មាន ប៉ុន្តែ​ប្រធាន​មណ្ឌល​មិន​ត្រឹម តែ​មិន​សហការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​មណ្ឌល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចោទប្រកាន់​ទាំង​មិន​សម​ហេតុផល​ថា​នគរបាល​ទៅ​អុកឡុក​ព័ទ្ធ​កន្លែង​គាត់​ទៀត ទាំង​នគរបាល​មិន​បាន​ចូល​ក្នុង​ផង គឺ​បាន​ត្រឹមតែ​ឈរ​នៅ​ខាង​មុខ​មណ្ឌល​ប៉ុណ្ណោះ ។

ដោយសារ​តែ​ខាង​មណ្ឌល​មិន​និយាយ​រក ទើបកម្លាំង​នគរបាល​ដកថយ​ទៅ​កាន់​វត្ត​ឫស្សី​សាញ់ ជួប​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សព​វិញ និង​មិន​បាន​ធ្វើ​អ្វី​ដូចដែល​ប្រធាន​មណ្ឌល​ចោទប្រកាន់​ទេ ។ រឿងរ៉ាវ​នេះ​មិន​ទាន់​ចប់​ត្រឹមនេះ​ទេ ព្រោះ​គ្រួសារ​សព​ទុក​ពេល​ធ្វើបុណ្យ​សិន ឯការ​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រធាន​មណ្ឌល​ជុំវិញ​ករណី​នេះ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ