ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាទ​ភ្នំ​បាខែង​ជាទីពេញនិយម​សម្រាប់ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរ​ជាតិ​ទស្សនា​ថ្ងៃ​អស្តង្គត

13 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​បាន​ថ្លែង​ថា​ប្រាសាទភ្នំបាខែង​ដែល​ជាទី​កន្លែង​ខ្ពស់​ជាងគេ​នៃ​រមណីយដ្ឋាន​វប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​បេតិកភណ្ឌ​ពិភពលោក​បាន​ក្លាយទៅជា​តំបន់​​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​សំរាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ទស្សនា​ព្រះអាទិត្យ​អស្ដ​​ង្គត ។ យោង​តាម​របាយ​ការណ៍​ស្ដី​ពី​ចំនួន​ភ្ញៀវ​ទេស​ចរ​នៅ​ប្រាសាទភ្នំ​បាខែងដែល​ភ្នាក់ងារ​ផ្នែក​ស្ថិតិ និង​ផែនការទេសចរណ៍​របស់​នាយកដ្ឋាន​អភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​អង្គរ នៃ​អគ្គនាយកដ្ឋាន​អា​ជា្ញ​ធរ​អប្សរា

ខេត្តសៀមរាប ៖ មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​បាន​ថ្លែង​ថា​ប្រាសាទភ្នំបាខែង​ដែល​ជាទី​កន្លែង​ខ្ពស់​ជាងគេ​នៃ​រមណីយដ្ឋាន​វប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​បេតិកភណ្ឌ​ពិភពលោក​បាន​ក្លាយទៅជា​តំបន់​​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​សំរាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ទស្សនា​ព្រះអាទិត្យ​អស្ដ​​ង្គត ។

យោង​តាម​របាយ​ការណ៍​ស្ដី​ពី​ចំនួន​ភ្ញៀវ​ទេស​ចរ​នៅ​ប្រាសាទភ្នំ​បាខែងដែល​ភ្នាក់ងារ​ផ្នែក​ស្ថិតិ និង​ផែនការទេសចរណ៍​របស់​នាយកដ្ឋាន​អភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​អង្គរ នៃ​អគ្គនាយកដ្ឋាន​អា​ជា្ញ​ធរ​អប្សរា ដែល​បាន​ស្រង់​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី២៥ មក​រា ឆ្នាំ២០១១ បង្ហាញ​ឱ្យ​ឃើញថា ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​២.៤៣៩នាក់​ទៅ​ទស្សនា​ប្រាសាទ​បាខែង ជា​ពិសេស​នៅ​ពេល​ល្ងាច ដើម្បី​មើល​ព្រះអាទិត្យ​អស្ដ​ង្គត ។ នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​នោះ​​មាន​ភ្ញៀវ​ខ្មែរ​ចំនួន១៧០នាក់ ភ្ញៀវ​ជប៉ុន​ចំនួន២៨៥​នាក់ ​ចិនចំនួន៧៦៣នាក់ កូរ៉េចំនួន ៤៥៤នាក់ ភ្ញៀវ​អាស៊ីផ្សេង​ៗ​ចំនួន២៩៥នាក់ និង​ភ្ញៀវ​ប​ស្ចិម​ប្រទេសចំនួន៤៧២​នាក់ ។

នា​ពេល​ល្ងាច​ព្រះអាទិត្យ​មាន​រាង​ជា​រង្វង់​មូល​ដូច​កង់រទេះគោ​បញ្ចេញ​​ព​ណ៌​ក្រហមឆ្អៅ​ដែល​រៀប​លិច​ចូល​ទៅ​ក្នុង​ផ្នែក​ម្ខាង​នៃ​ភព​ផែនដី ។ ភ្ញៀវ​ទេសចរ​បាន​តំរង់​ខ្សែភ្នែក​រាប់​ពាន់គូ និងម៉ាស៊ីនថតរូបសំដៅ​ទៅ​រក​ព្រះ​អាទិត្យ​ដោយ​លាយឡំ​នឹង​សំឡេង​ហ៊ោ​កញ្ជ្រៀវហាក់ដូចជា​កំពុង​ស្ថិត​ក្នុងពិធីបួងសួង​សច្ចាផ្សង​សុំ​អ្វីមួយ​ពី​ព្រះ ហើយ​បន្ដិច​ក្រោយមក​ភាព​ងងឹត​បាន​គ្រប​មក​លើ​ភព​ផែនដី ។

តាម​រយៈ​​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ភ្ញៀវ​ទេស​ចរ​ជនជាតិ​កូរ៉េ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​កុះករ​ចូល​ទស្សនា​ប្រាសាទភ្នំបាខែង កាល​ពី​ល្ងាច​ថ្ងៃទី១៥ ខែ​មីនា ​បាន​បង្ហាញ​ពី​អារម្មណ៍ ​របស់​ខ្លួន​ថា ​ភ្នំ​បាខែងពិតជា​មាន​ភាព​ទាក់​ទាញ​​​យ៉ាង​ពិសេស​សំរាប់​រូប​គាត់ដោយសារ​តែ​វា​មាន​ខ្យល់បរិសុទ្ធ​ត្រជាក់​ល្អ និង​អាច​ទស្សនា​ព្រះ​អាទិត្យ​អស្តង្គតចោល​ពន្លឺ​រស្មី​ច្រាល​ឆ្អៅ រំលេច​ពី​លើ​​ផ្ទៃ​ទឹក​បារាយណ៍ស្ទើ​រតែ​មិន​អាច​បំភ្លេច​បាន​នូវ​ទេសភាព​ដ៏កម្រ​នេះ ។

ស្រ​ដៀង​គ្នា​ដែរ​ភ្ញៀវ​ទេសចរម្នាក់​ទៀត​មក​ពី​ប​ស្ចិម​ប្រទេស​ដែល​ក្នុង​ដៃ​របស់​គាត់​មាន​កាន់​ម៉ាស៊ីនថតរូប​មួយ​គ្រឿង​បាន​បង្ហាញ​ពីអារម្មណ៍ភ​របស់​ខ្លួន​ថា អស្ចារ្យ​ណាស់​សំរាប់​ប្រទេស​កម្ពុជា​ដែល​មាន​ប្រា​សាទ​ថ្ម​បុរាណ​ដ៏​សំបូរ​បែប ហើយ​ទី​នេះជា​កន្លែង​ដ៏ពិសិ​ដ្ឋសំរាប់​ក្រុម​អ្នក​និយម​ទស្សនា​ព្រះ​អាទិត្យ​ហៀប​អស្ដ​ង្គត ។ ទី​នេះ​ក៏​ជា​កន្លែង​មួយ​មានកំ​ពស់​ខ្ពស់​ជាងគេ​ដែល​អាច​នាំ​ខ្សែភ្នែក​ភ្ញៀវ​ទេសចរ​ទាំងអស់​ទស្សនា​តំបន់​ឆ្ងាយ​ជិត​បាន​​សព្វទិសទី ។

បើ​យើង​ឈរ​នៅ​លើ​កំពូលភ្នំ​បាខែង​នៅ​ពេល​ល្ងាច​ នៅ​ទិស​ខាងលិច​អាច​មើល​បារាយណ៍​ទឹកថ្លា​និង​ព្រះអាទិត្យអស្ដ​ង្គត  ។ នៅ​ទិស​ខាង​កើត​អាច​មើលឃើញ​កំពូល​ច្រូងច្រាង​ខ្ពស់​ធំ​ស្កឹមស្កៃ​នៃ​ប្រាសាទអង្គរវត្ដ ។ នៅទិស​ខាង​ត្បូង​អាច​មើល​ឃើញ​ក្រុង​សៀមរាប​ទាំងមូល រួម​ទាំង​បឹង​ទន្លេសាប ។ ចំណែក​ទិស​ខាងជើងអាច​មើល​ទៅ​ឆ្ងាយ​បែកផ្សែង​ផុត​ចុង​ព្រឹក្សាបង្ហួស​ទៅ​ភ្នំ​គូ​លែ​ន ភ្នំ​បូក ព្រមទាំង​ជួរ​ភ្នំ​ដងរែក ​។

ភ្នំ​បាខែង​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ​ទៅ​កាន់​នគរធំ​ដែល​អម​ដោយ​ព្រៃ​ព្រឹក្សា​ធំ​មាន​ម្លប់​ត្រជាក់​ត្រឈៃ​នៅ​ចំងាយ​៤០០​ម៉ែត្រ​ពីមុខ​គោ​បុ​រៈ​នៃ​នគរធំ​ក្នុង​ឧទ្យាន​វប្ប​ធម៌​ប្រវ​ត្ដិ​សាស្ដ្រ​អង្គរ​ដ៏​ល្បាញ​ល្បី​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោកនៅ​ឆ្នាំ១៩៩២ មាន​ផ្ទៃដី​តំបន់ទ្រនាប់ ទំហំ៤០១គីឡូ​ម៉ែត្រការ៉េ គ្របដណ្ដប់​ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ស្រុក​-​ក្រុង​ចំនួន​ប្រាំ និង​ឃុំ​ចំនួន២១ ភូមិប្រមាណ​១១២របស់​ខេត្ដសៀម​រាប ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ការពារ ​និង​អភិ​រក្ស​ដោយ​អា​ជា្ញធរជាតិអប្សរា ។

ឧទ្យាន​វប្បធ​ម៌​​ប្រវ​ត្ដិ​សាស្ដ្រ​អង្គរ​ត្រូវ​បាន​ជ្រើសជា​កន្លែង​ដ៏​ពេញ​និយម​ជាងគេ​បំផុត​នៅ​ក្នុងពិភពលោក​។ នេះ​បើ​ផ្អែក​តាម​លទ្ធ​ផល​ស្ទង់​មតិ​របស់​អង្គការ «ទ្រី​ប​អាត​វៃ​ស័រ» សហការ​ជាមួយ​អង្គការ​យូ​ណេ​ស្កូដែល​បាន​​ស្ទង់​មតិតាម​ប្រ​ព័ន្ធ​អ៊ីន​ធើរ​ណេតទៅលើភ្ញៀវ​ទេសចរ​​ចំនួន​២៤៥.០០០​នាក់ ជុំវិញ​ចំណាប់​អារ​ម្ម​ណ៍​លើ​ឧទ្យាន​ចំនួន ៧៨៩ នៃ​បេតិកភណ្ឌ​ពិភព​លោក​ទាំង៩៩១ ។ តាម​សិលាចារឹក​និយាយ​ថា ​ប្រាសាទ​បាខែង​នេះ​ព្រះបាទ​យ​សោវរ្ម័ន​ទី​១កសាង​ក្នុង​សត​វត្សទី១៥នៃ​ពុទ្ធសករាជ «​១៤៣៣»​ទុកជា​គោល ឬ​ទង់​ជ​យ័នៃ​នគរធំ​ក្នុង​សម័យ​នោះ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ ទើប​គេ​ហៅ​ភ្នំ​បាខែង​នេះ​ថា «យ​សោ​ធ​រេស្វរៈ» ៕​