រាជធានីភ្នំពេញ ៖ សេវាកម្មថត Pre-Wedding (ថតរូបអនុស្សាវរីយ៍ មុនរៀបការ ) នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រនិងពេញនិយមខ្លាំងពីសំណាក់យុវវ័យដែលត្រៀមខ្លួនរៀបការ ដែលធ្វើអោយអ្នកផ្ដល់សេវាកម្មមួយនេះ កាន់តែរីកចម្រើនឡើង ក្នុងនោះគេសង្កេតឃើញថា ការចំណាយទៅលើការថតរូបអនុស្សាវរីយ៍មុនរៀបការ ក៏មានភាពខុសគ្នាទៅតាមធនធានរបស់អ្នករៀបការផងដែរ ដែលបងប្អូនខ្លះគឺចំណាយអស់រាប់ម៉ឺនដុល្លារសម្រាប់ថតរូប Pre-wedding នៅក្រៅប្រទេសដើម្បីផ្តិតយកទេសភាពស្រស់ស្អាតៗជាច្រើនកន្លែងទៀតផង ។

ជាក់ស្តែងថ្មីៗនេះតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា មុនឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកនាងនិងកូនកម្លោះដ៏ស្រស់សង្ហានោះ ក៏បានចងក្រងនូវរូបថតនិងវីដេអូ Pre-wedding ស្រស់ស្អាតជាច្រើន ដែលបានផ្តិតយកនូវទេសភាពតាមប្រាង្គប្រាសាទបុរាណខ្មែរ យ៉ាងស្រស់ស្អាតនិងគួរឲ្យគយគន់ដកចិត្តមិនរួច ។ ជាក់ស្តែងតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានបញ្ចេញរូបថត Pre-wedding របស់អ្នកទាំងពីរនៅក្រៅប្រទេសផងដែរ
បើតាមលោកចេង ចំរើន អ្នកផ្ដល់សេវាកម្មថតរូបតាមកម្មវិធីនានា បានឲ្យដឹងថា សព្វថ្ងៃនេះ សេវាកម្មថតរូបមុនពេលរៀបការ ឃើញថាមានការពេញនិយមគួរអោយកត់សម្គាល់ ជាពិសេសសម្រាប់យុវវ័យសម័យថ្មី និងយុវជនដែលរស់នៅបែបទំនើបៗ ។ លោកចំរើន បាននិយាយថា «ការថតរូបមុនរៀបការ គឺមានអត្ថន័យមួយសម្រាប់ទុកជាអនុស្សាវរីយ៍ នៅពេលអនាគត និងចង់បង្ហាញដល់ញ្ញាតិមិត្តដែលអញ្ជើញមកចូលរួមក្នុងពិធីមង្គលការពួកគេថា ពួកគេពិតជាមានអនុស្សាវរីយ៍ច្រើន មុនពេលឈានដល់ដំណាក់ការរៀបអាពាហ៍ពិពាហ៍ ដោយសារតែរូបភាពដែលបានថតទាំងប៉ុន្មានគឺត្រូវបង្ហាញ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេ តាមរយៈផ្ទះសំពត់ស រឺLCD , LED ជាដើម ទៅតាមធនធានរបស់ពួកគេ» ។
លោកបន្តថា កាលដើមឡើយ ការថត Pre-Wedding គឺមាននៅទីក្រុងប៉ុណ្ណោះ តែក្រោយមកក៏បានពេញនិយមទៅដល់អ្នកនៅតាមបណ្ដាខេត្តនានា និងជនបទ ដែលមានទ្រព្យធនគួរសម តែពេលនេះ ដោយសារតែអ្នកផ្ដល់សេវាកម្ម ថតរូប Pre-wedding កាន់តែច្រើនធ្វើអោយតម្លៃសេវាកម្មក៏មិនខ្ពស់ប៉ុន្មានដែរ ជាក់ស្ដែងសព្វថ្ងៃនេះ អ្នកផ្ដល់សេវាកម្មថតរូបមុនរៀបការ ក៏មានតម្លៃត្រឹមតែប្រមាណ២០០ទៅ៤០០ដុល្លារអាមេរិក សម្រាប់អ្នកដែលមានធនធានតិចតួច តែចង់អោយមង្គលការខ្លួនទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួម ។ តែក៏មានអ្នកផ្ដល់សេវាថតដែលមានតម្លៃខ្ពស់ៗផងដែរ ដូចជាថតរូបសម្រាប់កូនអ្នកមានទ្រព្យធន ថតរូបសម្រាប់តារាខ្មែរជាដើម ដែលតម្លៃនេះអាចមានដល់ខ្ទង់ពាន់ដុល្លារអាមេរិកឯណោះ ។
យោងតាមបុគ្គលិកក្រុមហ៊ុនថតរូបមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្ននេះការថត រូប Pre-wedding នៅក្នុងប្រទេសកម្ពុជា មានការពេញនិយម ពីសំណាក់យុវវ័យកម្ពុជាមែន ក្នុងនោះដែរភាគច្រើនពួកគេជ្រើសរើសយកទឹកដីក្នុងប្រទេសកម្ពុជា ដើម្បីផ្ដិតយករូបភាពអនុស្សាវរីយ៍របស់ពួកគេ តែក៏មានអ្នកមានធនធានប្រមាណ៣០ភាគរយដែរ ដែលបានជ្រើសរើសយកទីតាំងក្រៅប្រទេសដើម្បីថតរូបអនុស្សាវរីយ៍របស់ខ្លួន ។ បុគ្គលិករូបនេះបានឲ្យដឹងថា សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ជាលក្ខណៈក្រុមហ៊ុនមានលំដាប់ខ្ពស់បន្តិច ក្នុងនោះតម្លៃចាប់ពី១,៦០០ ដុល្លារអាមេរិក ដល់៣,០០០ដុល្លារអាមេរិក ក្នុងមួយកម្មវិធីថតរូបអនុស្សាវរីយ៍ តែសម្រាប់កម្មវិធីមង្គលការ គឺត្រូវគិតតម្លៃផ្សេងទៀត ។
គួរបញ្ជាក់ថាសេវាកម្មថតរូប Pre Wedding គឺត្រូវបានគេដឹងថាមានប្រភពពីប្រទេសមួយនៅទ្វីបអាស៊ី ហើយការថតរូបបែបនេះត្រូវធ្វើឡើងបន្ទាប់ពីធី ភ្ជាប់ពាក្យ និងមុនថ្ងៃអាពាហ៍ពិពាហ៍ ពី៤ខែ ទៅ៦ខែ ប៉ុន្តែសម្រាប់នៅកម្ពុជាវិញ សកម្មភាពថត Pre-Wedding គឺធ្វើឡើងមុនថ្ងៃមង្គលការតែប្រមាណជាង១ខែ ឬតិចជាងនេះផង អាស្រ័យលើពេលវេលាសមស្របសម្រាប់អ្នករៀបការ ។
អ្នកនាងសុថារី ដែលបានជ្រើសរើសខេត្តសៀមរាប និងខេត្តកំពតសម្រាប់ការថតរូប Pre-wedding របស់អ្នកនាងកាលពីចុងឆ្នាំ ២០១៨ កន្លងទៅបានលើកឡើងថាការថត Pre-wedding បានក្លាយជារបស់មួយសំខាន់មិនអាចខ្វះបានសម្រាប់អនាគតគូស្វាមី-ភរិយា សម័យទំនើបមួយនេះ ព្រោះវាបានបង្កើននូវសោភ័ណ្ឌភាពនៃអាពាហ៍ពិពាហ៍របស់ពួកគេនក៏ដូចជាការបង្ហាញនូវតំបន់រមណីយដ្ឋានស្រស់ស្អាតនៅស្រុកខ្មែរផងដែរ ។ អ្នកនាង សុថារី បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញបានលើកឡើងថា «ការពិតប៉ាម៉ាក់ខ្ញុំមិនសូវជាគាំទ្រការថត Pre-wedding នេះទេដោយគាត់យល់ថាចំណាយលុយមិនចំទិសដៅ តែសម្រាប់រូបខ្ញុំផ្ទាល់និងស្វាមីយល់ឃើញថា គេនាំធ្វើថតអស់ហើយ បើមិនធ្វើតើបានរូបស្អាតៗឯណាយកទៅតាំងមុខរោងការ ជាពិសេសមានអារម្មណ៍ថាវាជួយឲ្យពួកខ្ញុំបង្កើនអនុស្សារីយ៍ល្អៗជាមួយនឹងទេសភាពស្អាតៗបានច្រើន» ៕ (កែសម្រួលដោយ ៖ សុឃាក់)
ចែករំលែកព័តមាននេះ