កូនស្រី​«​ពុក​ៗ​បើ​ពុក​មិន​ទៅ​ហូប​ការ​ទេ​ឲ្យ​ខ្ញុំ​ទៅ​វិញ​»…​ចុង​ក្រោយ​ឪពុក​បាន​ត្រឹម​ឱប​សព​កូន


រាជធានី​ភ្ន​ពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​សុំ​ឪពុក​ទៅ​ហូប​ការ​សាច់ញាតិ ខណៈនោះ​ឪពុក​បាន​អនុញ្ញាត​ឲ្យ​ទៅ​នាង​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​២​នាក់​បងប្អូន​ទៅ​កាន់​ផ្សារ​ទួល​ពង្រ ដើម្បី​ផាត់មុខ និង​ធ្វើ​សក់ ។ តែ​ជា​អកុសល​ពេល​ជិះ​ដល់​ពាក់កណ្ដាល​ផ្លូវ​មេឃ​បាន​ធ្លាក់​ភ្លៀង​ធ្វើ​ឲ្យ​ផ្លូវ​មាន​ស្ថានភាព​រអិល ព្រោះតែ​ផ្លូវ​នោះ​មាន​រថយន្ត​ដឹក​ដី​បើក​ឆ្លងកាត់​រាល់ថ្ងៃ ហើយ​គ្មាន​ការ​លាង​សម្អាត ទើប​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ចេញពី​ផ្លូវ​ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​បែប​ដឹក​បើកបរ​ក្នុង​ល្បឿន​លឿន​ស្របគ្នា​ទៅ​ពីក្រោយ​រអិល​ក្រឡាប់​សង្កត់​នាង​បណ្ដាល​ឲ្យ​ស្លាប់​ជាប់​ក្រោម​រថយន្ត​គួរ​ឲ្យ​សង្វេគ​បំផុត ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ជិត​វត្ត​ធម្ម​ត្រ័យ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ​រិ​ទ្ធ ធីតា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​ស្ពានថ្ម រាជធានី​ភ្នំពេញ ។ នាង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-4828 ដោយ​បងប្អូន​ជា​អ្នក​ឌុ​ប ។ ប៉ុ​ន្ត​អ្នក​ឌុ​ប​មិន​បាន​រង​របួស​នោះ​ឡើយ និង​ក្រោក​រត់​ចេញ​ទាន់ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 01-3-3447 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​សុំ​ឪពុក​ទៅ​ហូប​ការ​សាច់ញាតិ ដោយ​សួរ​ថា «​ពុក​ៗ បើ​ពុក​មិន​ទៅ​ហូប​ការ​ទេ​ឲ្យ​ខ្ញុំ​ទៅ​វិញ​» ពេល​នោះ​បុរស​ជា​ឪពុក​បាន​អនុញ្ញាត​ឲ្យ​នាង​ទៅ ។ ក្រោយ​ពី​ឪពុក​ឲ្យ​ទៅ​នាង​ត្រេកអរ​ណាស់ និង​បាន​ជិះ​ម៉ូតូ​ចាក​ចេញពីផ្ទះ​ឆ្ពោះទៅ​កាន់​ផ្សារ​ទួល​ពង្រ ដើម្បី​ផាត់មុខ និង​ធ្វើ​សក់​មុន​ពេល​ទៅ​ហូប​ការ ។

ពេល​នោះ​នាង​ជិះ​ពីក្រោយ និង​មាន​បងប្អូន​ម្នាក់​ទៀត​ជា​អ្នក​ឌុ​ប ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​មេឃ​បាន​ធ្លាក់​ភ្លៀង​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ដែល​ជាប់​ដី​ប្រឡាក់​ពី​កង់​រថយន្ត​ដឹក​ដី​ធំ​ៗ​បើក​ឆ្លងកាត់​រាល់ថ្ងៃ​នោះ មាន​ស្ថានភាព​រអិលខ្លាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រអិល​ដួល​ខ្ទាត​ចេញពី​ផ្លូវ ហើយ​បងប្អូន​ម្នាក់​ដែល​ជា​អ្នក​ឌុ​ប​បាន​ស្ទុះ​ក្រោក​រត់​ចេញ ចំណែក​នាង​ក្រោក​មិន​រួច ហើយ​ស្រប​ពេល​នោះ​រថយន្ត​បង្ក​ខាងលើ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​ជាន់​ហ្វ្រាំង​យ៉ាង​ប្រថុចញ៉ុច​ពេក ក៏​ក្រឡាប់​សង្កត់​លើ​នាង​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ៖ សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ