ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ព្រៃ​រាលដាល​គំនរ​ស្តុក​កង់​ឡាន ផ្អើល​ក្រុង​សិរិ​សោភ័ណ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​គំនរ​ស្តុក​កង់​រថយន្ត​ចាស់​ៗ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ដល់ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​សរុប​ចំនួន​៣​គ្រឿង​បាន​ចេញ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ដោយ​ភ្លើង​មិន​បាន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​៣​ទៅ​៤​ខ្នង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។ ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​គំនរ​ស្តុក​កង់​រថយន្ត​ចាស់​ៗ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ដល់ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​សរុប​ចំនួន​៣​គ្រឿង​បាន​ចេញ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ដោយ​ភ្លើង​មិន​បាន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​៣​ទៅ​៤​ខ្នង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។

ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ការ​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ខាងលើ​នោះ មានការ​ដឹកនាំ​ដោយ​ស្នងការ​រង​ទទួល​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ គឺ​លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង និង​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​ដែល​កើតហេតុ គេ​ឃើញ​ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពី​ព្រៃរបោះ​នៅ​ទិស​ខាងត្បូង ហើយ​ក៏​បន្ត​រាលដាល​មក​ឆេះ​គំនរ​កង់​ឡាន​ចាស់​ៗ​ដែល​គេ​ស្តុក​ទុក​ចោល​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ដែល​មាន​ម្ចាស់​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ប្រកប​មុខរបរ​ប៉ះ​កង់​រថយន្ត បច្ចុប្បន្ន​រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា អគ្គិភ័យ​ខាងលើ​នោះ​ក៏​បម្រុង​រាលដាល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​៣​ទៅ​៤​ខ្នង​ថែម​ទៀត​ដែរ តែ​សំណាងល្អ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ចេញ​ទៅ​ទប់ស្កាត់​ទាន់​ពេលវេលា​។

ជុំវិញ​ករណី​អគ្គិភ័យ​ខាងលើ ត្រូវ​បាន​ស្នងការ​រង​ទទួល​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​ចេញ​អន្តរាគមន៍​នេះ គឺ​សមត្ថកិច្ច​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ចំនួន​៦​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​នោះ​បាន​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មូលហេតុ​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ខាងលើ​កើតឡើង គឺ​អាច​បង្ក​ឡើង​ដោយ​អ្នក​ដុត​ព្រៃ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​រាលដាល​ទៅ​ឆេះ​កង់​រថយន្ត​ចាស់​ៗ​ដែល​គេ​គរ​ទុក​ចោល​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​។

សូម​បញ្ជាក់​ថា នៅ​ចំណុច​ដី​ឡូត៍​ដែល​ស្តុក​កង់​ឡាន​ចាស់​ៗ​ខាងលើ​ធ្លាប់​រង​ការ​ឆាបឆេះ​ដោយសារ​អគ្គិភ័យ​ម្តង​រួច​មក​ហើយ កាលពី​៣​ទៅ​៤​ខែ​កន្លង​ទៅ​នេះ ហើយ​នេះ​ជា​លើក​ទី​២​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ឆេះ​គំនរ​កង់​រថយន្ត​នោះ​ម្តងទៀត​។ ការ​ឆាបឆេះ​ជា​បន្តបន្ទាប់​នៅ​គំនរ​កង់​ឡាន​ចាស់​ៗ​ស្តុក​ទុក​ចោល​នៅ​ចំ​ណុ​ដី​ឡូត៍​ខាងលើ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​។

បញ្ហា​អគ្គិភ័យ​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ចំណុច​ខាងលើ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ម្ចាស់​ដី​ឡូត៍​ស្តុក​កង់​រថយន្ត​ចាស់​ៗ​ដាក់​ការ​សង្ស័យ​ថា អាច​មាន​អ្នក​ដុត​ព្រៃ​យក​ឃ្មុំ ឬ​ក៏​រក​សត្វ​ផ្សេង​ៗ ទើប​ភ្លើង​រាលដាល​ទៅ​ឆេះ​គំនរ​កង់​រថយន្ត​បែប​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ