អ្នកនាំពាក្យ CPP បាន​ស្នើ​មន្ត្រី​គ្រប់​ស្ថាប័នរដ្ឋ​ត្រៀម​រៀបចំ​វាយបក​ទៅ​ក្រុម​អមិត្ត


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រៀប​រៀបចំ​វាយបក​ចំពោះ​ក្រុម​អមិត្ត ដែល​បំណង​មិនល្អ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែឧសភា​ថា ជា​ការ​តស៊ូ​ន យោ​បាយ​មួយ​សម្រាប់​មន្ត្រី​ទាំងអស់ ចំពោះ​ក្រុម​អមិត្ត​ដែល​មាន​បំណង​ប្រឆាំង និង​ចោទ​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

លោក​បាន​គូសបញ្ជាក់​ថា​«​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​នេះ​ការ​តស៊ូ​នយោបាយ​រវាង​យើង និង​កម្លាំង​អមិត្ត​មាន​លក្ខណៈ​ស្រួច​ស្រាវ​យ៉ាង​ខ្លាំង ដោយសារ​ពួក​អមិត្ត​ខិតខំ​ជាន់ពន្លិច​ការ​ពិត និង​ភាព​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ និង​ខិតខំ​ស្រង់​ខ្មោច​លង់ទឹក​នៃ​អតីត​បក្ស​ប្រឆាំង​ឲ្យ​បាន​រស់​ឡើង​វិញ​» ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​បាន​លើក​ឡើង​ថា ការ​វាយតម្លៃ​របស់​ពួក​គេ និង​មជ្ឈដ្ឋាន​អមិត្ត​ផ្សេង​ទៀត គឺ​ផ្អែក​លើ​ភាព​លំអៀង​ខាង​នយោបាយ និង​មនោគមន៍វិជ្ជា ម្យ៉ាងទៀត​អាច​ក្តាប់​សភាពការណ៍​ពិត​នៅ​កម្ពុជា​មិន​បាន​គ្រប់​ជ្រុងជ្រោយ ។

លោក​បន្ថែម​ថា ដើម្បី​ដណ្តើម​ជោគជ័យ​លើ​សមរភូមិ​នយោបាយ ទាមទារ​គ្រប់​ស្ថាប័នរដ្ឋ និង​មន្ត្រី​គណបក្ស និង​រាជរដ្ឋាភិបាល​កម្ពុជា​ឯកភាព​ជា​ធ្លុង​មួយ លើ​ខ្លឹមសារ​បកស្រាយ​វាយបក​និង​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​មជ្ឈដ្ឋាន​អមិត្ត​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​សម្លេង​តែ​មួយ​គោល​ជំហរ​តែ​មួយ​នៅ​គ្រប់​បញ្ហា​ដែល​ចោទ​ឡើង ។

លោក​សង្កត់ធ្ងន់​ថា ដើម្បី​សម្រេច​ជោគជ័យ​ជូន​បក្ស និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​របស់​យើង​គួរ​នៅ​គ្រប់ពេល​ប្រជុំ​តូច​ធំ បើ​អាច​សូម​ឲ្យ​អ្នកនាំពាក្យ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចូលរួម​ផង​ដោយ​អនុគ្រោះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​បាន​ទាមទា​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើបាប​អតីតមន្ត្រី​គណបក្សប្រឆាំង ។ ជាង​នេះ​ស្នើ​ឲ្យ​មាន​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​មិន​អាច​សេរីភាព​ចេញ​ខាងក្រៅ​បាន​៕ (កែសម្រួលដោយ៖ សុឃាក់)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ