អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​មើល​មុខ​គ្នា​លែង​ចំ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​កាន់តែ​ខ្លាំង


សិង្ហ​បុរី ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ឧសភា កន្លង​មក​ថា តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​អង្គា​រ៍ ព្រោះតែ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ខណៈ​ដែល​មានការ​គិត​ទុក​មុន​ថា​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង OPEC នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេង​ក្នុងឆ្នាំនេះ ។ ប៉ុន្តែ​កំណើន​នេះ​ត្រូវ​បាន​ប៉ះពាល់​ពី​កង្វល់​ទាក់ទិន​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​អាច​បង្ក​ឲ្យ​មានការ​អន់​ថយ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent ស្មើ ៧២.២៤​ដុល្លារ​ក្នុង​មួយ​ធុង ឬ​កើនឡើង ០.៤% ខណៈ​ដែល​តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate វិញ​បាន​កើនឡើង ០.៤%​ដែរ​មក​ស្មើ ៦៣.៣៦​ដុល្លារ​ក្នុង​មួយ​ធុង​។

លោក Jasper Lawler ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន London Capital Group បាន​និយាយ​ថា «​ការ​តានតឹង​ឡើង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ី​រ៉​ង់ និង​មុខសញ្ញា​បង្ហាញ​ថា OPEC នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេង បាន​ជំរុញ​ដល់​តម្លៃ​ប្រេង​»​។

កាលពី​ថ្ងៃ​ចន្ទ​ កន្លង​មកលោក​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ (Donald Trump) បាន​គម្រាមកំហែង​ដល់​អ៊ី​រ៉​ង់​ថា​នឹង​ឆ្លើយ​តប​ដោយ​រឹង​មាំ និង​ធ្ងន់ធ្ងរ​ទៅ​កាន់​អ៊ឺ​រ៉​ង់​ប្រសិនបើ​ប្រទេស​នេះ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​អា​មេ​រិ​ក​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា ។ ការ​គម្រាមកំហែង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មានការ​វាយប្រហារ​កាំជ្រួច​ក្នុង​រដ្ឋធានី​អ៊ី​រ៉​ង់​ដែល​សហរដ្ឋអាមេរិក​សង្ស័យ​ថា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​យោធា​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ៊ី​រ៉​ង់ ។

អ៊ី​រ៉​ង់​បាន​និយាយ​កាលពី​ធ្ងៃ​អង្គា​រ៍ ថា​ពួក​គេ​នឹង​ប្រឆាំង​នឹង​សម្ពាធ​ពី​សហរដ្ឋអាមេរិក ។ ភាព​តានតឹង​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​ទីផ្សារ​កំពុង​តែ​តូច​ចង្អៀត​ស្រាប់​ទៅ​ហើយ​ព្រោះ OPEC និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ដូច​ជា​រុ​ស្ស៊ី​បាន​ព្យា​យាមា​កាត់​បន្ថយ​ទិន្នផល​ប្រេង​តាំងពី​ដើមឆ្នាំ​នេះ​មក​ដើម្បី​ជំរុញ​ដល់​តម្លៃ ។

យោង​ទៅ​តាម​ប្រភព​មួយ​មក​ពី OPEC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា OPEC កំពុង​តែ​ពិចារណា​ពន្យា​ពេល​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​គោលការណ៍​កាត់​បន្ថយ​ទិន្នផល​ប្រេង​ទៅ​ថ្ងៃ​ទី​៣​និង​៤​ខែកក្កដា​ខាង​មុខ​វិញ ។

គួរ​បញ្ជាក់​ដែរ​ថា កំណើន​តម្លៃ​ប្រេង​ក៏​ទទួល​រង​ការ​ប៉ះពាល់​ពី​សម្ភា​ធ​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​ដែរ​ដែល​មានការ​អន់​ថយ​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ