ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​បង្ហាញ​ការ​ព្រួយបារម្ភ ខណៈ​ជ្រូក​ខ្មែរ​មាន​ហាង ឆេ​ង​ខ្ពស់​ទោះបីជា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ជាយ​ដែន​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ផ្ទុះ​ជំងឺ​ប៉េ​ស្ត្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី ក៏​ដោយ តែ​តម្លៃ​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​រក្សា​បាន​ស្ថាន​ភាពល្អ​ប្រសើរ​ដដែល​។ ជាក់ស្ដែង​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ តម្លៃ​ជ្រូក​ជា​មធ្យម​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ជ្រូក​រស់ ខ្ពស់​ជាង​អ្វី​ដែល​កសិករ​កាល​មុន​ចង់បាន​ត្រឹមតែ​ជាង ៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏​អាច​រក​ប្រាក់​ចំណេញ​បាន​ដែរ​នោះ​។ ក៏​ប៉ុន្តែ​កសិករ​ចិញ្ចឹម​ជ្រូក​ហាក់​មិន​ទាន់​រសាយចិត្ត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ផ្ទុះ​ជំងឺ​ប៉េ​ស្ត្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី ក៏​ដោយ តែ​តម្លៃ​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​រក្សា​បាន​ស្ថាន​ភាពល្អ​ប្រសើរ​ដដែល​។ ជាក់ស្ដែង​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ តម្លៃ​ជ្រូក​ជា​មធ្យម​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ជ្រូក​រស់ ខ្ពស់​ជាង​អ្វី​ដែល​កសិករ​កាល​មុន​ចង់បាន​ត្រឹមតែ​ជាង ៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏​អាច​រក​ប្រាក់​ចំណេញ​បាន​ដែរ​នោះ​។

ក៏​ប៉ុន្តែ​កសិករ​ចិញ្ចឹម​ជ្រូក​ហាក់​មិន​ទាន់​រសាយចិត្ត​នោះ​ទេ បើ​ទោះបីជា​តម្លៃ​ជ្រូក​ហាក់​មាន​សន្ទុះ​កើន​គួរ​ឲ្យ​គាប់ចិត្ត​នោះ ព្រោះ​កសិករ​បារម្ភ​ថា​បើសិនជា​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី មិន​អាច​គ្រប់គ្រង​បាន​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រូវការ​ជ្រូក​និង​អាច​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ត្រូវ​ធ្លាក់​ចុះ​ជា​ថ្មី​ម្តងទៀត​ដូច​ជា​បទ​ពិសោធន៍​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ជ្រូក​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ។

បើ​យោង​តាម​របាយការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា តម្លៃ​ជ្រូក​រស់នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ កម្រិត​មួយ​ខ្ពស់​គួរសម​ក្នុង​នោះ ខេត្តកណ្ដាល​មាន​តម្លៃ​ខ្ពស់​ជាងគេ ដែល​ក្នុង​របាយការណ៍​បង្ហាញ​ថា​មាន​តម្លៃ​រហូត​ដល់ ១១៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ខេត្ត​រតនគីរី ដែល​ជា​ខេត្ត​ផ្ទុះ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏​មាន​តម្លៃ ១០៦០០​រៀល​ដែរ​ក្នុង​មួយ​គីឡូក្រាម ដូច្នេះ​មាន​ន័យ​ថា​ជ្រូក​រស់​ក្នុងស្រុក នៅ​តែ​មាន​ហាងឆេង​ខ្ពស់​បើ​ធៀប​នឹង​ពេល​ដែល​បាន​ធ្លាក់​ចុះ កាលពី​ឆ្នាំ​មុន ។

បើ​តាម​កសិករ​ចិញ្ចឹម​ជ្រូក​ជា​ច្រើន បាន​លើក​ឡើង​ថា ពួក​ក៏​មានការ​ព្រួយបារម្ភ​ដែរ ចំពោះ​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគីរី ខណៈ​ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​សាហាវ​និង​អាច​សម្លាប់​ជ្រូក​តែ​ក្នុង​មួយ​ប៉​ព្រិ​ក​ភ្នែក​ប៉ុណ្ណោះ បើ​ពុំ​មាន​វិធានការ​ការពារ​ត្រឹមត្រូវ ។ តែ​យ៉ាងណា​ក៏​ដោយ​កសិករ អះអាង​ថា​ខ្លួន​នឹង​អនុវត្តន៍​តាម​វិធានការ​ណែនាំ​របស់​ក្រសួងកសិកម្ម និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដើម្បី​ការពារ​ជ្រូក​របស់​ពួក​គាត់​ជៀស​ផុត​ពី​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​។

លោក គុ​ជ សុខ​គ្រុយ អ្នក​ចិញ្ចឹម​ជ្រូក​មួយ​រូប​នៅ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​រតនគីរី ខាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​ដូច​ជា​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​រក​វិធី​ទប់ស្កាត់​ជា​ច្រើន​មិន​អោយ​រាលដាល​ដល់​តំបន់​ផ្សេង​ទៀត ហើយ​ជា​ការ​កត់សម្គាល់​រហូត​មក​ដល់​ពេល​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ទាន់​បាន​រាលដាល​ទៅ​តំបន់​ណា​ផ្សេង​ក្រៅពី​តំបន់​ដែល​ផ្ទុះ​ជំងឺ​ដំបូង​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ជ្រូក​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ។ កសិករ​ចិញ្ចឹម​ជ្រូក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «​ដោយសារ​តែ​កម្ពុជា​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម​ក៏​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មុន និង​រាលដាល​ធំ​ជាង​កម្ពុជា​ទៅ​ទៀត តែ​ការ​នាំ​ចូល​ជា​លក្ខណៈ​លួចលាក់​ក៏​នៅ​តែ​មាន​ដដែល ។ នេះ​ក៏​ជា​ក្ដី​កង្វល់​មួយ​របស់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក​ផង​ដែរ » ។ លោក​បន្ត​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ តម្លៃ​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​នៅ​មាន​ភាពល្អ​ប្រសើរ ដែល​លោក​និង​អ្នក​ចិញ្ចឹម​ដទៃ​ទៀត​ក៏​អាច​រក​ប្រាក់​ចំណេញ​បាន​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​ព្រួយបារម្ភ​នោះ បើសិនជា ការ​គ្រប់គ្រង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​បាន​នោះ វា​នឹង​បង្ក​បញ្ហា​ធ្វើ​អោយ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​វិញ ដូច​កាលពី​១​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ​អ​ញ្ចឹ​ង ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា តម្លៃ​ជ្រូក​អាច​រក្សា​ស្ថេ​រ​ភាព​មក​នៅ​សព្វ​ថ្ងៃនេះ ដោយសារ​តែ​ជ្រូក​នៅ​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​មាន​លក្ខណៈ​ធំ​ជាង​កម្ពុជា ដូច្នេះ​ហើយ​អាជ្ញាធរ ក៏​បាន​ប្រកាស​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​អោយ​ឈ្មួញ​ងាក​ទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ តែ​ជ្រូក​មក​ពី​ថៃ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​វៀតណាម អ​ញ្ចឹ​ង​ហើយ​ទើប​ធ្វើ​អោយ​ជ្រូក​ក្នុងស្រុក​យើង​ក៏​មាន​តម្លៃ​ខ្ពស់​ដដែល បើ​ទោះបីជា​ជ្រូក​កម្ពុជា​កំពុង​ផ្ទុះ​ជំងឺ​នៅ​ខេត្ត​រតនគីរី ក៏​ដោយ ។ លោក​បាន​បន្ត​ទៀត​ថា «​ជ្រូក​ក្នុងស្រុក​សព្វថ្ងៃ​នេះ មិន​អាច​ផ្គត់ផ្គង់​គ្រប់​តាម​តម្រូវការ​អ្នក​បរិភោគ​នៅឡើយ ដូច្នេះ​ហើយ​កម្ពុជា ត្រូវការ​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​ដើម្បី​បំពេញ​តាម​តម្រូវការ ដែល​កាលពីមុន​ឈ្មួញ ភាគច្រើន​សម្រុក​នាំ​ចូល​ពី​វៀតណាម មក​ផ្គត់​ផ្គត់ តែ​បន្ទាប់​ពី​ជ្រូក​វៀតណាម​ផ្ទុះ​ជំងឺ ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​ទប់ស្កាត់​និង​រឹត​បន្តឹង​ការ​នាំ​ចូល​ពី​វៀតណាម ដូច្នេះ​ឈ្មួញ​ក៏​នាំ​ពី​ថៃ​មក​វិញ ដែល​ជ្រូក​ថៃ​មាន​តម្លៃ​ខ្ពស់​ជាង​វៀតណាម​» ។

ចំណែក លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា វៀតណាម​បាន​ផ្ទុះ​ជំងឺ ក្រសួង​ពាក់ព័ន្ធ បាន​ដាក់​បញ្ជា​ទប់ស្កាត់​អោយ​បានការ​នាំ​ចូល​ពី​វៀតណាម និង​ឈាន​ដល់​ការ​ដាក់​ពិន័យ​មន្ត្រី​រូប​ណា​ដែល​អនុញ្ញាតិ​អោយ​ចូល​ដោយ​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ ។ តែ​បញ្ហា​នេះ​នៅ​ចន្លោះ​ប្រហោង​ដោយ​ជំងឺ​នេះ នៅ​តែ​ឆ្លង​មក​កាន់​ជ្រូក​កម្ពុជា ដោយសារ​ការ​ដឹក​សាច់​ជ្រូក​ពី​វៀតណាម​ចូល​មក​លក់​នៅ​លើ​ទឹកដី​កម្ពុជា ។ លោក​បាន​បន្ត​ថា «​ក្រោយ​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​នៅ​ស្រុក​មួយ ក្នុង​ខេត្ត​រតនគីរី ក្រសួង​ក៏​បាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​ទប់ស្កាត់ មិន​អោយ​កើតឡើង​នៅ​តំបន់​ផ្សេង​ទៀត »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ដែរ វេជ្ជបណ្ឌិត​ជំនាញ​សត្វ មក​ពី​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​ប្រទេស​ថៃ​បាន​លើក​ឡើង​ផង​ដែរ​ថា បើ​ពិនិត្យ​ទៅ​មើល​ស្ថានភាព​ជំងឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ថា​អាច​គ្រប់គ្រង​បាន ហើយ​មិនយូរ​ទេ ជំងឺ​នេះ​នឹង​ត្រូវ​លុប​បំបាត់​ទាំង​ស្រុក​តែ​ម្ដង​នៅ​ក្នុង​រយៈពេល​ប្រមាណ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ខណៈ ប្រទេស​ចិន និង​វៀតណាម​ត្រូវការ​ពេល​យូរ​ជាង​នេះ ដោយសារ​តែ​ស្ថានភាព​ផ្ទុះ​ជំងឺ​មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ