នាំ​គ្នា​ទៅ​សែន​នៅ​វាលស្រែ​មុន​ចុះ​ព្រោះស្រូវ តែ​គ្រោះ​ធម្មជាតិ​មិន​ប្រណី​ប្រល័យ​សង្ខារ


ខេត្តសៀមរាប ៖ មុន​ចុះ​ព្រោះស្រូវ បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​បាន​នាំ​គ្នា​ទៅ​សែនព្រេន​តាម​ទំ​លៀម​ទំលាប់​ប្រពៃណី​ពី​ដូនតា​នៅ​វាលស្រែ​ពី​ខាងកើត​ភូមិ​ចំងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ខណៈនោះ​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ​លាយឡំ​នឹង​ខ្យល់ ស្រាប់តែ​មាន​រន្ទះ​បាន​បាញ់​មក​ចំ​ជន​រង​គ្រោះ​ទាំង​៣​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ជន​រង​គ្រោះ​មក​កប់​ដី ដើម្បី​សង្គ្រោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​វាល​ត្រពាំង​រាំង ក្នុងភូមិ​ឱ​ម៉ា​ល់ ឃុំ​សំបួរ ស្រុក​​ក្រឡាញ់​ ខេត្តសៀមរាប​។

តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ជី បេង ជន អធិការ​ស្រុក​ក្រឡាញ់ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ ម៉ូត ផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​​ក្រឡាញ់​ ខេត្តសៀមរាប បាន​ស្លាប់ ២-​ឈ្មោះ ម៉ូត ហ៊ីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ត្រូវជា​ប្តី​) មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ ស្រុក​​ក្រឡាញ់​ ខេត្តសៀមរាប បាន​រង​របួស​សន្លប់ និង​៣-​ឈ្មោះ លី​ន កូន​នាង ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​) មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ ស្រុក​​ក្រឡាញ់​ ខេត្តសៀមរាប បាន​រង​របួស​សន្លប់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​ចុះ​សាបព្រោះ​ស្រូវ ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​គ្នា​យក​ផ្លែ​ឈើ នំ ស្រា និង​បាយ​សម្ល​ ទៀន ធូប​ទៅ​សែន​នៅ​វាលស្រែ ដែល​ជា​ទំនៀមទំលាប់​ប្រពៃណី​តាំងពី​ដូនតា​​ ស្រប​ពេល​នោះ​ភ្លៀង​ធ្លាក់​ស្រិច​ៗ​លាយឡំ​នឹង​ខ្យល់ ស្រាប់តែ​មាន​រន្ទះបាញ់​ត្រូវ​ចំ​ជន​រង​គ្រោះ​ទាំង​៣​នាក់ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ប្តី​ប្រពន្ធ​២​នាក់​ទៀត​រង​របួស​សន្លប់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី ។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ