ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​របស់លោក​កាដាហ្វី ​វាយប្រហារ​​ប្រឆាំង​មន្ទីរពេទ្យ​​​សំខាន់​មួយ

15 ឆ្នាំ មុន

កងទ័ពដែល​មានភក្តី​ភាព​ចំពោះ​​លោក​មូអា​ម៉ា កាដាហ្វី ​​នៅតែ​​ផ្គើន​​ទៀត​ដោយ​បន្តធ្វើ​​​​ឱ្យជន​ស៊ីវិល​​​មានការ​ភ័យ​រន្ធត់​​​តាមរយៈ​ការ​​វាយ​ប្រហារ​​​ប្រឆាំង​មន្ទីរពេទ្យ​​សំខាន់មួយ​ក្នុងទីក្រុង Misrata ដែលកាន់កាប់​​ដោយពួក​ឧទ្ទាម​ កាលពី​ថ្ងៃទី​​​២៣ មីនា កន្លងមក ​​ក្រោយពី​​កងទ័ព​​ប្រទេស​សម្ព័ន្ធមិត្ត​​បើកការ​វាយប្រហារ​​​​តាម​អាកាស​​​ប្រឆាំង​លោក​កាដាហ្វី៥​ថ្ងៃ​ជាប់​ៗ​គ្នា។ ​សាក្សី​​ម្នាក់និយាយ​ថា ​កងទ័ព​​របស់​លោក​កាដា​ហ្វី បានវា​យប្រហារ​​​ប្រឆាំង​មន្ទីរ​ពេទ្យ​សំខាន់​មួយ ​ដែលមាន​​មនុស្ស​​ដល់ទៅ​​៤០០​នាក់ ប្រហែល​​ពាក់​កណ្តាល​​​ជា​អ្នកជំងឺ ។​ សាក្សី​ដដែល​និយាយ​​ឱ្យ​ដឹង​ថា ​​រថក្រោះ​​ធុនធ្ងន់​​​របស់​កង​​ទ័ព​លោកកាដាហ្វី ​​បានវាយប្រហារ​​មន្ទីរ​ពេទ្យ​​​នោះ ដោយ​​គ្រាប់​ផ្លោង​ធ្លាក់​ចម្ងាយ​​​​២០​ម៉ែត្រប៉ុណ្ណោះ​ពីពួកយើង​ ។​

កាលពីថ្ងៃទី​​២៣ មីនា ​កន្លង​​មក ប្រទេស​សម្ព័ន្ធ​មិត្ត​​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ​បានបើកការ​វាយប្រហារ​​​ប្រឆាំង​លោក​កា​ដា​ហ្វី ទៀតនៅថ្ងៃទី​​​៥ នៃ​ការ​វាយប្រហារ​​តាមអាកាស​​ ។ ទីភ្នាក់​ងារ​​ព័ត៌មាន​ចិនស៊ីនហួ​​រាយការណ៍​ថា ​ការវាយប្រហារ​​​ដោយ​យន្តហោះ​ចម្បាំង​​​របស់​ពួក​លោកខាង​លិច​​​ កាលពីយប់ថ្ងៃទី​​២៣ មីនា នៅភាគខាង​កើត​រដ្ឋ​ធានីទ្រីប៉ូលី បណ្តាល​ឱ្យ​​របួស​​ជនស៊ីវិល​​ជាច្រើននាក់ ។ ការផ្ទុះ​គ្រាប់ជា​ច្រើន​ត្រូវ​បានលាន់​ឮ​​នៅក្បែរ​ទីក្រុងទ្រីប៉ូលី ​កាលពី​​យប់ថ្ងៃទី​​២៣ មីនា នោះ ។ ដោយ​ឡែក​​ទីភ្នាក់ងារ​​​ព័ត៌មាន​​លីប៊ី រាយការណ៍​​​ឱ្យ​ដឹង​ថា ​ការ​វាយ​​ប្រហារ​​តាមអាកាស​ដោយកង​ទ័ព​​ប្រទេស​លោកខាង​លិចនៅភាគខាង​កើត​​​ទីក្រុង​ទ្រី​ប៉ូលី ​បណ្តាល​ឱ្យ​ស្លាប់ជន​ស៊ីវិល​​ជា​ច្រើន​នាក់។ អ្នកកាសែត​​ម្នាក់របស់​​ទីភ្នាក់ងារ​​ព័ត៌មាន​ស៊ីន​ហួ​​ដែល​​យកព័ត៌មាន​​នៅក្នុងទីក្រុង​ទ្រីប៉ូលី ​និយាយ​​ឱ្យ​​ដឹង​ថា ​យន្តហោះ​​ចម្បាំង​ជា​ច្រើន​​គ្រឿង​របស់ប្រទេស​លោកខាង​លិច បាន​ហោះ​ហើរ​​ឆ្វែល​​ពីលើទីក្រុង​​ទ្រីប៉ូលី ​ហើយ​កងទ័ព​រដ្ឋា​ភិបាល​​លីប៊ី​​បានបាញ់កាំភ្លើង​​​ប្រឆាំង​យន្តហោះ​​ក្នុងគោលបំណង​​​បាញ់ទម្លាក់​​​​យន្តហោះ​ចម្បាំង​​​ប៉ុន្តែ​​​ពុំត្រូវ​ឡើយ ៕​