នៅក្នុងត្រៃកូដគឺកំពូលនៃធម៌ទាំងបីក្នុងនោះក៏មានពាក្យថា សច្ចៈមួយដែរ ដែលបរិយាយយ៉ាងលំអិតអំពីផលនៃការរក្សាសច្ចៈនឹងបានផលច្រើនទាំងក្នុងជាតិនេះនិងបរលោក ។ ដូចនៅក្នុងសម័យពុទ្ធកាលមានស្ត្រីម្នាក់ មិនបានឲ្យទាន មិនបានធ្វើបុណ្យ មិនបានស្តាប់ធម៌អ្វីទេ គឺគ្រាន់តែរក្សាពាក្យសច្ចៈមួយប៉ុណ្ណោះ លុះស្លាប់ទៅបានកើតក្នុងស្ថានទេវលោក សោយទិព្វសម្បត្តិបានសុខសួស្តី មានបរិវាររាប់រយ ។
កាលនោះព្រះមហាមោគ្គល្លាន លោកមានឫទិ្ធច្រើន បានថ្វាយបង្គំទូលលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ស្ថានទេវលោក ដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងៗ និងសួរបុញ្ញកម្មខ្លះៗ យកមកផ្សាយក្នុងជម្ពូទ្វីបនេះ ។
កាលព្រះសាស្តាអនុញ្ញាតហើយ ក៏និមន្តទៅឋិតនៅទៀបទ្វារនៃទេពធីតាអង្គមួយ។ ពេលទេពធីតានោះឃើញព្រះសង្ឃហើយក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរព ។ព្រះថេរៈសួរថា នាងធ្វើបុញ្ញកម្មដូចម្តេច បានជាមានសម្បត្តិស្តុកស្តម្ភយ៉ាងនេះ ។
ទេពធីតាហាក់ដូចជាអៀនខ្មាសនឹងព្រះថេរៈណាស់ ប្រាប់ទាំងចុងមាត់ចុងកថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះកុរណាមិនដែលបានធ្វើបុណ្យកុសលអ្វីនឹងគេទេ កាលកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចៈប៉ុណ្ណោះ សម្បត្តិទាំងនេះក៏កើតឡើងដោយពាក្យសច្ចៈ ដែលខ្ញុំបានរក្សាហើយ ។
ព្រះថេរៈកាលបើបានជ្រាបដំណឹងសព្វគ្រប់ហើយ ក៏ត្រឡប់ពីទេវលោកមកវិញ ចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តជេតពន ទូលសួរថាបពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន បុគ្គលដែលគ្រាន់តែរក្សានូវសច្ចៈ មិនបានធ្វើបុណ្យទានអ្វីទេ តើបានទៅកើតក្នុងទេវលោកសោយសម្បត្តិទិព្វដែរឬ?
ព្រះសាស្តាត្រាស់ថា នែមោគ្គល្លាន ម្តេចក៏អ្នកចាំមកសួរតថាគតធ្វើអ្វី ក្រែងរឿងរ៉ាវទាំងនេះទេពធីតាប្រាប់អ្នកដោយសព្វគ្រប់ហើយតើ ។
នែមោគ្គល្លានសត្វទាំងឡាយដែលគ្រាន់តែរក្សានូវសច្ចៈមួយខ្វះអីទៅកើតក្នុងទេវលោក សោយទិព្វសម្បត្តិ រស់ដោយសុខសួស្តីមានគគោក ។
ចែករំលែកព័តមាននេះ