ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទទ្វារ​«GCG Asia»…ឃាត់ប្តី-ប្រពន្ធ​ជា​ប្រធាន​ក្រុមហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា សមត្ថកិច្ច​បាន​ធ្វើការ​បិទទ្វារ​ក្រុមហ៊ុន GCG Asia ដែល​បើក​ស្នាក់​ការ​នៅ​វិមាន​កា​ណា​ឌី​យ៉ា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​ប្តី​-​ប្រពន្ធ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា សមត្ថកិច្ច​បាន​ធ្វើការ​បិទទ្វារ​ក្រុមហ៊ុន GCG Asia ដែល​បើក​ស្នាក់​ការ​នៅ​វិមាន​កា​ណា​ឌី​យ៉ា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​ប្តី​-​ប្រពន្ធ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​ក្រុមហ៊ុន​យក​ទៅ​សួរនាំ​ផង​ដែរ នៅ​ក្រសួងមហាផ្ទៃ ។ វិធានការ​ច្បាប់​ត្រូវ​អនុវត្ត​លើ​ក្រុមហ៊ុន GCG Asia Co., LTD នេះ​គឺ​បន្ទាប់​ពី​បាន​យកឈ្មោះ និង​រូបថត​សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​សម្តេច​តេ​ជោ​មាន​ប្រតិកម្ម កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៩ ។

មន្ត្រី​នគរបាល​ក្រសួង​មហា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាងលុយកខ្វក់ និង​ឆបោក​លុយ​ពី​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ។ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ជាមួយ​លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មុន​ពេល​ឈាន​ទៅ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ដោយ​ការ​ចុះ​បិទ​ក្រុមហ៊ុន​នេះ និង​នាំ​ខ្លួន​ថៅកែ​ក្រុមហ៊ុន GCG ប្តី​-​ប្រពន្ធ​យក​ទៅ​សាកសួរ ។

កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា «​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​» កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅ​ក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយ​ថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ឧសភា ២០១៩ ។

ទន្ទឹម​នឹង​នោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency) ។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​នៅ​កម្ពុជា គឺ​បញ្ជាក់​ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី មិន​ត្រឹមត្រូវ​ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង Black List» ផង​ដែរ ។ សម្តេច​បាន​គូសបញ្ជាក់​ថា «​ក្នុង​នាម​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​» ។

សម្តេច តេ​ជោ​ក៏​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជន​ខិលខូច​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ជា​បន្ទាន់ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅប្រទេស​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ការ​ឆបោក​ដ៏​ពិសពុល​មួយ ៕

អត្ថបទសរសេរ ដោយ