ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿង សោ​ភ័​ណ្ឌ ប្រកាស​សងសឹក​ជើង​ខ្លាំង​ថៃ​លើ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​កក្រើក​ទៀត​ហើយ សម្រាប់​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ពេល​មានការ​ប្រកាស​ថា កីឡាករ​កម្ពុជា​រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​ប្រចាំ​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឱ្យ​ប្រកួត​សង​សឹក​ជាមួយ​កីឡាករ​ថៃ ឌី​សែ​ល ឡេ​ក…

រាជធានី​ភ្នំពេញ ៖ ពិតជា​កក្រើក​ទៀត​ហើយ សម្រាប់​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ពេល​មានការ​ប្រកាស​ថា កីឡាករ​កម្ពុជា​រឿង សោ​ភ័​ណ្ឌ ជើង​ខ្លាំង​ប្រចាំ​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឱ្យ​ប្រកួត​សង​សឹក​ជាមួយ​កីឡាករ​ថៃ ឌី​សែ​ល ឡេ​ក ឧត្តម​មឿ​ន ដែល​ធ្លាប់​ឈ្នះ ពិន្ទុ​គេ​ម្ដង​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ឱ្យជើង​ខ្លាំង កម្ពុជា​រូប​នេះ​បាន​អស់ចិត្ត ។

ការ​ប្រកួត​សងសឹក​រវាង​កីឡាករ​ជើង​ខ្លាំងទាំង​២​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិ​ត្យ​ ទី​១៩ ឆ្នាំ​២០១៩ ស្អែក​នេះហើយ ដែល​​ត្រូវ​បាន​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​និយាយ​ថា រឿង សោ​ភ័​ណ្ឌ
មិន​អាច​សងសឹក​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ទេ ដោយសារ​បើ​មើល​លើ​កម្ពស់ វិជ្ជា​គុន រាប់​តាំង​ពី​កណ្ដាប់ដៃ​វាយ​ចេញ​ឡើង​ទៅ​ឃើញ​ថា រឿង សោ​ភ័​ណ្ឌ ចាញ់​ប្រៀប​ស្ទើរ​ទាំងស្រុង ។ ទោះបី យ៉ាងណា រឿង សោ​ភ័​ណ្ឌ បាន​បន្លុយ​ពាក្យ​តប ទៅ​នឹង​ការ​យល់​ឃើញ​នេះ​ថា មិន​ឱ្យ​អ្នកគាំទ្រ គេ​ខកចិត្ត​ទេ ព្រោះ​មួយ​រយៈ​មក​នេះ គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ ដើម្បី​យកឈ្នះ កីឡាករ​ថៃ​ឌី​សែ​ល​ឡេ​ក ឱ្យ​ទាល់តែ​បាន​។

នៅ​លើ​សង្វៀន​ដដែល កីឡាករ​កម្ពុជា ពុ​យ វណ្ណៈ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត​ធួន​ថង ប្រាន​សង​ហុ​ក ក្នុង​ថា​នៈ​ជា​គូ​រង​ឯក​អន្តរជាតិ ។ កីឡាករ​ថៃ​ម្នាក់​នេះ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​​​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ដែរ​ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ ។ គូ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ល្អមើល​មិន​ចាញ់​គូ​សងសឹក​នោះ​ទេ ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជោកជាំ​ដូច​គ្នា​និង​មាន​ទម្លាប់ មិន​វាយ​លាក់​ដៃ​ស្រាប់ ។ គ្រាន់តែ​គេ​អាច​ទាយ​ដឹង​មុន​ថា អ្នក​ណា​អាច​សម្រេច​គោលដៅ​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​សម្រាប់​ការ​ប្រកួត​លើក​នេះ​ប៉ុណ្ណោះ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ តាំង តាក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត បន្ទាយ​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ។

កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ ខេន ខ្នឹ​ង មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប និង​គូ​ចុង​ក្រោយ កីឡាករ​ឈុត ប្រាក់​កាក់ មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​ខេត្តព្រៃវែង ប្រកួត​ជាមួយ​កីឡាករ ឡុ​ង អា​ឆើត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ