ឧស្សាហកម្ម ៤.០ អាច​ជំរុញ​ដល់ GDP វៀតណាម​ដល់​ទៅ ១៦%


ប្រទេស​វៀតណាម ៖ យោង​តាម​វិទ្យាស្ថាន​កណ្តាល​សម្រាប់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច (CIEM) ដែល​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៦ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​ទី​បួន​អាច​នឹង​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​រវាង​ពី ២៨.៥​ប៊ី​លាន​ដុល្លារ​ទៅ ៦២​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០៣០ ដែល​ស្មើ​រវាង ៧​ទៅ​១៦%​។

ទិន្នន័យ​ដែល​បាន​ចេញ​ដោយ CIEM នៅ​សិក្ខាសាលា​មួយ​ក្រោម​មូលបទ “​ប​ម្លា​ស់​ប្តូរ​ឌី​ជី​ថ​ល​ដើម្បី​ព​ន្លឿ​ន​អនាគត​ដែល​មាន​ចិ​រ​ភាព​” បាន​បង្ហាញ​ឲ្យ​ដឹង​ថា GDP per capita អាច​នឹង​កើនឡើង​ប្រមាណ​ពី ៣១៥​ដុល្លារ ទៅ ៦៤០ ដុល្លារ​ផង​ដែរ​ក្នុង​ឆ្នាំ ២០៣០ ព្រោះតែ​កំណើន​សមត្ថភាព​និង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផលិត និង​ឱកាស​ការងារ​ព្រោះតែ​ឧស្សាហកម្ម ៤.០​។

លោក Pham Hoang Mai ដែល​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ ការ​អប់រំ ធនធានធម្មជាតិ និង​បរិស្ថាន​ក្រោម​ក្រសួងផែនការ​និង​វិនិយោគ​បាន​និយាយ​ថា ការ​ងាក​ផ្នែក​ឧស្សាហកម្ម​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​។ លោក​បាន​និយាយ​ថា “​ឧស្សាហកម្ម ៤.០ ផ្តល់​ឱកាស​ច្រើន​ដល់​វៀតណាម​ក្នុង​ការ​បង្កើន​ភាព​ប្រកួតប្រជែង និង​គុណភាព​នៃ​ការ​លូតលាស់ ព្រមទាំង​ជួយ​ឲ្យ​ប្រទេស​ចាកចេញ​ពី​គ្រោះថ្នាក់​នៃ​ការ​ដើរ​មិន​ទាន់​ប្រទេស​ដទៃ​”​។

លោក​បាន​បន្ថែម​ថា បើ​ទោះជា​មាន​ចំណុច​ខ្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​ពិតមែន​ក្តី វៀត​ណាម​មាន​សក្តានុពល​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឧស្សាហកម្ម​៤.០​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​។ កត្តា​វិជ្ជមាន​រួម​មាន​ចំនួន​ប្រជាជន​ច្រើន​ដែល​ស្មើ​ជិត ១០០​លាន​នាក់ អត្រា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ខ្ពស់​និង​កម្លាំង​ពលកម្ម​វ័យក្មេង​ជា​ពិសេស​ក្នុង​វិស័យ​IT​។

លោក​បាន​បន្ត​ថា “​រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​លើ​គម្រោង​ជា​ច្រើន​ដើម្បី​ជំរុញ​ប្រទេស​ឲ្យ​ចូល​ក្នុង​ជំនាន់​ឧស្សាហកម្ម ៤.០​។ ប៉ុន្តែ​កត្តា​សំខាន់​គឺ​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​នៃ​ស្ថាន​ការ​អាជីវកម្ម​ក្នុងស្រុក​ដើម្បី​ជំរុញ​ដល់​ការ​បង្កើត​ថ្មី ជា​ពិសេស​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អនុវត្ត​ដូច​ជា​វិស័យ​ផលិតកម្ម កែ​ច្នៃ កសិកម្ម ហិរញ្ញវត្ថុ ដឹក​ជញ្ជូន សុខាភិបាល និង​ការ​អប់រំ​ជាដើម​”​។

លោក Johan Alvin ដែល​ជា​អគ្គ លេខាធិការ​រង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​កិច្ចការ​កុងស៊ុល​នៅ​ស្ថានទូត​ស្វ៊ី​ស​ក្នុង​ប្រទេស​វៀតណាម​បាន​និយាយ​ថា បញ្ហា​សម្រាប់​ប្រទេស​វៀតណាម​គឺ​ការ​សាងសង់​ទីក្រុង​វ័យឆ្លាត​ដែល​អាច​នាំ​ប្រជាជន​ឲ្យ​ចូល​ក្នុង​មជ្ឈមណ្ឌល​បង្កើត​ថ្មី​ដើម្បី​ចូលរួម​ក្នុង​ការ​ស្ថាបនា​ឧស្សាហកម្ម ៤.០៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ