ពលរដ្ឋ​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​តវ៉ា​ម្នាក់ (មានវីេដអូ​)


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្រជាពលរដ្ឋ​ម្នាក់ បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះ​ទៅ​លើក​ទំនប់​ព័ទ្ធ​ផ្ទៃ​បឹង​សំរោង ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ហើយ​ឃាត់ខ្លួន​អ្នក​តវ៉ា​ម្នាក់​នោះ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំរោង​ខាងត្បូង ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ក្រោម​ការ​ទ្រ​ហ៊ោ​យំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​នោះ ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ត្រូវអាជ្ញាធរ​​ចាប់ខ្លួន​ឈ្មោះ​យ៉​ន គឹ​ម យ៉ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​លំនៅ ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ បាន​កាន់កាប់​និង​អាស្រ័យ​ផល​លើ​ផ្ទៃដី​ប្រមាណ​ជាង​២​ហិ​កតា ក្នុង​ចំណោម​ដី​រាប់​ហិ​កតា ដែល​រង​ផល​ប៉ះពាល់​លើ​ផ្ទៃ​បឹង​សំរោង​នេះ​។ ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ថ្មី​ៗនេះ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​យក​គ្រឿងចក្រ និង​ការពារ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ទៅ​ឈូស​ឆាយ ដោយ​អះអាង​ថា​កាយ​ដី​ធ្វើ​ជា​ទំនប់​ និង​ធ្វើ​ជា​ព្រំ​ព័ទ្ធ​ផ្ទៃ​បឹង​សំរោង​តាម​ការ​កំណត់ ។ នៅ​ក្នុង​ការ​កាយ​ដី​ដោយ​ពុំ​មាន​ដំណោះស្រាយ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់ ។ នៅ​វេលា​ថ្ងៃត្រង់ ខណៈ​ពេល​ដែល​ពួក​គាត់​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ពិសា​បាយ ស្រាប់តែ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​និង​គ្រឿង​ចុះ​ទៅ​កាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈនោះ​ស្ត្រី​ជា​ម្តាយ​របស់​ឈ្មោះ យ៉​ន គឹ​ម​យ៉ុ​ន បាន​ស្ទុះ​រារាំង​រត់​ចូល​ទៅ​ឃាត់​គ្រឿង ហើយ​ឈ្មោះ យ៉​ន គឹ​ម​យ៉ុ​ន បានរ​ត់ទៅ​ជួយ​ម្តាយ ក៏​ត្រូវកម្លាំង​សណ្តាប់​ខណ្ឌ និង​នគរបាល​នាំ​គ្នា​ចាប់​ក្រៀក ហើយ​អូស​យក​ដាក់​លើ​ម៉ូតូ​នាំ​យក​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​តែ​ម្តង​។

ទន្ទឹម​នេះ​ការ​ចាប់ខ្លួន​អ្នក​តវ៉ា ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ ដើម្បី​ទាមទារ​អោយ​ដោះ​លែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ផង​ដែរ​។ ប្រជាពលរដ្ឋ​ក៏​បានអោយ​ដឹង​ទៀត ថា ពួក​គាត់​មិន​ជំទាស់​ការ​ស្តា​របឹង​នោះ​ទេ តែ​សូម​អោយ​មានការ​ដោះស្រាយ ព្រោះ​ពួក​គាត់​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ ១៩៩០ មុន​ចេញ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ទៅ​ទៀត​។

ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​បោះ​ព្រំ​ស្តា​របឹង​សំរោង​បាន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន និង​អ្នកមាន​មុខមាត់ ហើយ ត្រូវ​បាន​គេ​ដោះស្រាយ​កាត់​ឆ្វៀល​ចេញ​អស់ហើយ ដូច​ជា​ដី​របស់​ក្រុមហ៊ុន ម៉ែ​ន សា​រុន​, ក្រុមហ៊ុន​របស់​តេ​លា និង​ដី​របស់​លោក​ជឹ​ម សា​រ៉េ​ត ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​ព្រមទាំង​ដី​មួយ​ចំនួន ទៀត ។ ចំណែក​ដី​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​ឈូស​រំលោភ​យក​។

លោក ស៊ឹ​ម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បានអោយ​ដឹង​ថា ការ​ប្រើ​គ្រឿងចក្រ​ស្តា​របឹង​សំរោង អាជ្ញាធរ​បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា ស្តារ​ផ្ទៃ​បឹង​ឡើង​វិញ​អោយ​ហើយ​នៅ​ក្នុង​រដូវប្រាំង​នេះ​ស្រប​តាម​ផែនការ​គ្រោងទុក​។ លោកនាយក​រដ្ឋបាល​ក៏​បានអោយ​ដឹង​ទៀត​ថា នៅ​ពេល​អាជ្ញាធរ​ចុះ​កាយ​ដី​នេះ ប្រជាពលរដ្ឋ អាស្រ័យ​ផល​ក៍បាន​នាំ​គ្នា​តវ៉ា រារាំង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ចេញពី​គ្រឿងចក្រ បញ្ជូន​មក​កាន់​សាលា​ខណ្ឌ​ធ្វើ​កិច្ចសន្យា​អប់រំ​ហើយ​ដោះ​លែងអោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

គួរ​បញ្ជាក់​ថា ផ្ទៃ​បឹង​សំរោង​ដែល​បាន​កំណត់​ដោយ​អនុ​ក្រិ​ត្យ ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ទំហំ​៣៣៦​ហិ​កតា ។​ទន្ទឹម​អនុ​ក្រិ​ត្យ​នោះ​បឹង​សំរោង​ជា​បឹង​ធម្មជាតិ​ត្រូវ​បាន​ប្រជាពលរដ្ឋ ហើយ​ភាគច្រើន​ជា​អ្នកមាន​អំណាច​និង​មាន​លុយ​បាន​នាំ​គ្នា​ទៅ​បោះបង្គោល​រំលោភ​យក​ស្ទើរ​អស់​ទៅ​ហើយ លុះ​ក្រោយមក​សាលា​រាជធានី​ភ្នំពេញ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្ទៃ​បឹង និង​បោះបង្គោល​កំណត់​ព្រំ​ដឹ​បឹង​ទៅ​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ហើយ ពេល​នេះ​ក៏​បាន​ប្រើ​គ្រឿងចក្រ​ចុះ​ទៅ​កាយ​ដី​លើ​ជា​ទំនប់​ការពារ​ផ្ទៃ​បឹង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ