ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​អ្វី​ធ្វើ​ឲ្យ​កំពត​មាន​ផលិតផល​ល្បី​ៗ​ដែល​​មាន​សក្ដានុពល​លើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពត​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា និង​ជា​ខេត្ត​ស្ថិត​នៅ​ជាប់មាត់​សមុទ្រ ដែល​មាន​អំណោយផល​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ហើយ​សម្រាប់​វិស័យ​កសិកម្ម គេ​សង្កេត​ឃើញ​ថា មាន​ដំណាំ​កសិកម្ម​មួយ​ចំនួន​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ក្នុងស្រុក រហូត​ដល់ទី​ផ្សារ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ កំពត​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា និង​ជា​ខេត្ត​ស្ថិត​នៅ​ជាប់មាត់​សមុទ្រ ដែល​មាន​អំណោយផល​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ហើយ​សម្រាប់​វិស័យ​កសិកម្ម គេ​សង្កេត​ឃើញ​ថា មាន​ដំណាំ​កសិកម្ម​មួយ​ចំនួន​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ក្នុងស្រុក រហូត​ដល់ទី​ផ្សារ​អន្តរជាតិ ជាក់ស្ដែង​ម្រេច​កំពត ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ ដែល​ធ្វើ​អោយ​ផលិតផល​នេះ​កាន់តែ​មាន​ទីផ្សារ​ល្អ​នៅ​អឺរ៉ុប ។

ថ្មី​ៗ​នេះ​ទៀត​សោត ដំណាំ​ចេកអំបូង​លឿង​ក៏​ត្រូវ​បាន​ប្រទេស​ចិន​យល់ព្រម​អោយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ផ្ទាល់ លែង​ពឹង​លើ​ទីផ្សារ​វៀតណាម និង​ថៃ​ទៀត​ហើយ ហើយ​ចេកអំបូង​នេះ​ដែរ ក៏​ត្រូវ​បាន​ដាំ នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ដែរ ។ ក្រៅពី​ចេក និង​ម្រេច ទុ​រ៉េ​ន​កំពត ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ផលិតផល​ល្បី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

តើ​អ្វី​ដែល​ធ្វើ​អោយ​កំពត​មាន​ផលិតផល​ល្បី​ៗ​ច្រើន​បែប​នេះ ? បើ​តាម​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា កំពត​ជាទី​តាំង​ភូមិសាស្ត្រ​មួយ​ល្អ​ប្រសើរ និង​អំណោយ​ផល​ចំពោះ​ដំណាំ​នាំ​ចេញ​មួយ​ចំនួន និង​ទទួល​បានការ​គាំទ្រ​ពី​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ក្នុង​នោះ​ដែរ ម្រេច​កំពត​ត្រូវ​បាន​ល្បី​សុះសាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​ក៏​ទទួល​បានការ​ចុះបញ្ជី​ការពារ​ម៉ាក​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ នៅ​សហភាព​អឺរ៉ុប ដែល​ធ្វើ​អោយ​ផលិតផល​នៃ​កាន់តែ​មាន​ទីផ្សារ និង​តម្រូវការ​ខ្ពស់​នៅ​អន្តរជាតិ ។ ក្រៅពី​ដំណាំ​ម្រេច ក៏​មាន​ដំណាំ​ទុ​រ៉េ​ន ដែល​ជា​ផលិតផល​តំណាង​អោយ​ខេត្តកំពត ហើយ​ជា​ផលិតផល​ទទួលស្គាល់​ថា​មាន​រស់ជាតិ​ឆ្ងាញ់​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ក៏​ប៉ុន្តែ​ផលិតផល​នេះ មិន​ទាន់​មាន​ក្រុម ហ៊ុន​ឬ​វិនិយោគិន​ណា​បណ្ដាក់ទុន​វិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ​នៅឡើយ ពោល​ដំណាំ​ទុ​រ៉េ​ន សព្វថ្ងៃ គឺ​ដាំ​តែ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ។ លោក​អភិបាល​ខេត្តកំពត ក៏​បាន​ស្នើ​អោយ​វិនិយោគិន ដាក់​ទុន​វិនិយោគ​លើ​ដំណាំ​ទុ​រ៉េ​ន ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ ខណៈ​តម្រូវការ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មាន​កាន់តែ​ច្រើន និង​អាច​ឈាន​ទៅ​ដល់ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មាន​តម្រូវការ​ដំណាំ​នេះ​ផង​ដែរ ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា « កំពត​ជា​ទឹកដី​នៅ​ជាប់មាត់​សមុទ្រ ដូច្នេះ​ហើយ​ដំណាំ​នានា ក៏​បាន​ទទួល​ជំនោរ​ខ្យល់​ពី​សមុទ្រ បូក​រួម​ជាមួយនឹង​ជីវជាតិ​ដី​ក៏​ល្អ​ប្រសើរ​ផង​ដែរ​នោះ ទើប​ធ្វើ​អោយ​ដំណាំ នានា ដូច​ជា​ម្រេច ទុ​រ៉េ​ន ចេក និង​ស្វាយ​ជាដើម​មាន​រស់ជាតិ​ឆ្ងាញ់ និង​មានគុណ​ភាព​ខ្ពស់ »​។

ចំណែក​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ខេត្តកំពត ក៏​ជា​សមរភូមិ​ដ៏​ក្ដៅ​គគុក​មួយ នៅ​អំឡុង​ឆ្នាំ​៩០​ប្លាយ ហើយ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពត​ក៏​សំបូរ​ទៅ​ដោយ​គ្រាប់​មីន​ផង​ដែរ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ តំបន់​សមរភូមិ​ចុង​ក្រោយ​មួយ​នេះ ក៏​បាន​ប្រែ​ក្លាយទៅជា​ចំការ​ម្រេច ចំការ​ទុ​រ៉េ​ន ចំការ​ចេក ដ៏​ស្រស់បំព្រង​ផង​ដែរ ។ លោក​បន្ត​ថា ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ប្រមាណ​៤​លាន​៣​សែន​តោន​ជា​ផ្លូវការ ហើយ​បើ​គិត​ទាំង​ផលិតផល​ដែល​នាំ​ចេញ​តាម​ច្រក​តូច​ៗ​ផ្សេង​ទៀត នៅ​ព្រំដែន​គោក សរុប​ក្នុង​មួយ​ឆ្នាំ​ៗ មាន​មិន​តិច​ជាង​៧​លាន​តោន​នោះ​ទេ ខណៈ​កម្ពុជា​អាច​ផលិត ផលិតផល​កសិផល​បាន​ប្រមាណ​៣០​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ ។

ដោយឡែក​មន្ត្រី​នៃ​អង្គការ​សេ​ដាក​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ខ្លួន​មិនមែន​ជា​អ្នកនាំពាក្យ​នៅ​អង្គភាព​នោះ បាន​និយាយ​ប្រាប់​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម បើ​ចង់​ឲ្យ​រីក​ចម្រើន​គឺ​ត្រូវ​មាន​ទីផ្សារ​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទាំងនោះ​ឲ្យ​ល្អ​ប្រសើរ ដោយ​មិន​ប្រើ​សារធាតុ​គីមី​ហាម​ឃាត់​លើ​ដំណាំ ។ ហើយ​បើសិនជា​កសិករ​នៅ​តែ​ប្រើ​ថ្នាំ​គីមី​ហាមឃាត់​លើ​ដំណាំ នោះ​នឹង​វា​ធ្វើ​អោយ​ទីផ្សារ​កាន់តែ​បាត់បង់ ថែម​ទាំង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដាំ​និង​អ្នក​បរិភោគ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​ក្រៅពី​ដំណាំ​កសិកម្ម ខេត្តកំពត​ក៏​មាន​កន្លែង​ផលិត​អំបិល និង​ត្រូវ​បាន​ទទួលស្គាល់​ពី​ផ្សារ​អន្តរជាតិ​ផង​ដែរ ជាក់ស្ដែង​កាលពីមុន​ប៉ុន្មាន​ថ្ងៃមុន​នេះ អំបិល​ដែល​ផលិត​ចេញពី​ខេត្តកំពត​ក៏​បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​បារាំង​ក្នុង​បរិមាណ​ប្រមាណ​១០០​តោន​ផង​ដែរ ដោយ​បារាំង​បាន​ផ្ដល់​គុណប្រយោជន៍​ខ្ពស់​លើ​គុណភាព​អំបិល​ធម្មជាតិ​ផលិត​នៅ​ក្នុង​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ