ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវក្នុងទីរួមខេត្តនិងផ្លូវជាតិខូចយូរហើយ សួរថា…ពេលណាបានធ្វើ ?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​នាំ​គ្នា​និយាយ​ថា ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ​ហាក់រង​ការ​ខូចខាត​យ៉ាងដំណំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ខាង​ណាមួយ​មានវិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ថែទាំ​ផ្លូវ​ទាំងនេះ​សោះឡើយ ។ ពួក​គាត់​មើលឃើញ​ទៀត​ថា ជញ្ជីង​ថ្លឹង រថយន្ត​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ដាក់​ដល់​ទៅ​២​កន្លែង…

ខេត្តសៀមរាប ៖ ពលរដ្ឋ​នាំ​គ្នា​និយាយ​ថា ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ​ហាក់រង​ការ​ខូចខាត​យ៉ាងដំណំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ខាង​ណាមួយ​មានវិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ថែទាំ​ផ្លូវ​ទាំងនេះ​សោះឡើយ ។ ពួក​គាត់​មើលឃើញ​ទៀត​ថា ជញ្ជីង​ថ្លឹង រថយន្ត​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ដាក់​ដល់​ទៅ​២​កន្លែង គឺ​ក្នុងស្រុក​ពួក​១ និង​ស្រុក​ប្រាសាទបាគង​
១ សម្រាប់​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ដឹក​ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ។

ជុំវិញ​ករណី​ខាងលើ​នេះ មហាជន​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ទ្រុង​វែង​ៗ ដឹកឈើ​ឆ្លងកាត់​ជញ្ជីង​ទាំង​២​កន្លែង​ខាងលើ​យ៉ាង​រំភើយ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ។ ក្នុង​នោះ ក៏​គេ​មិន​ដែល​ឃើញ​មន្ត្រី​ឈរជើង​នៅ​ទីនោះ​កាក់​ទម្លាក់​អីវ៉ាន់​ដែល​ដឹក​លើស​ទម្ងន់​ចេញ​ទេ ។ គេ​សង្ស័យ​ថា ទ​ង្វើ​បែប​នេះ​អាច​ជា​អំពើ​ពុក​រលួយ​ដែល​មានការ​ឃុបឃិត​គ្នា​ទទួល​លុយ​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប ។ មន្ត្រី​មួយ​ចំនួន​អាច​ប្រព្រឹត្ត​បែប​នេះ ទើប​បានជា​ផ្លូវ​សំខាន់​ៗមួយ​ចំនួន​ក្នុង​ខេត្តសៀមរាប ដែល​ជា​ខេត្ត​មាន
សក្តានុពល​ខាង​ទេសចរណ៍​រង​ការ​ខួច​ខាត​យ៉ាងដំណំ​បែប​នេះ ។

មហាជន​បាន​បន្ថែម​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​និង​ជា​ច្រើន​អាណត្តិ​មក​ហើយ ដែល​ខេត្តសៀមរាប​បាន​ប្រែ​មុខមាត់​ថ្មី និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ស្អាត​ៗ​ជា​ច្រើន ។ ប៉ុន្តែ​បញ្ហា​ស្មុគស្មាញ​ច្រើន​ហាក់​គ្មាន​ដំណោះ​ស្រាយ​សោះ ព្រោះតែលូ​ក៏​ស្ទះ ផ្លូវ​ក៏​ខូច ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹងសម្បា តែបើ​ផ្លូវ​ធ្វើ​រួច​ឃើញ​តែ​កាយ​ដាក់​លូ និង​កាយ​បង្កប់​ខ្សែភ្លើង​ឥត​ឈប់​ឈរ ហើយ​ផ្លូវ​ក៏​ខូច​ទៅ​វិញ ។ មហាជន​សំណូមពរ​ទៅ​លោក​អភិបាលខេត្ត​សូម​ជួយ​ពិនិត្យ​មើល​រថយន្ត​ធុន​ធំ​ៗ​ដែល​ធ្វើ​ឱ្យខូច​ផ្លូវ ហើយ​គួរ​មាន​វិធានការ​ចំពោះ​មន្ត្រី​ខិលខូច​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក គឹ​ម ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ដោយសារ​ការ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល ។ ទោះជា​យ៉ាងណា​សង្ឃឹមថា លោក​អភិបាលខេត្ត​នឹង​មាន​វិធានការ​ចំពោះ​កង្វល់​របស់​មហាជន​​​ពី​​បញ្ហា​ផ្លូវ​ដែល​ខូច​នេះ​ជា​ពុំខាន ៕​​

អត្ថបទសរសេរ ដោយ