ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហោ​ហាងចិនដាក់​អក្សរ​ខ្មែរ​អត់​ដែល​យល់…​ស្តែង​«សាច់មាន់លោក»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ចិន​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​ខ្លឹមសារ​កន្លង​មក ឃើញ​កើត​មានតែ​នៅ​ក្រុងព្រះសី ហនុ​ទេ តែ​ពេល​នេះ ​បាន​ឆ្លង​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ស្រប​ពេល​ដែល​ហាង​ជនជាតិ​ចិន​ បាន​ដុះដាល​ព្រោងព្រាត​នៅ​តាម​ដង​វិ​ថី​នានា ។…

រាជធានី​ភ្នំពេញ ៖ ហាង​ចិន​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​ខ្លឹមសារ​កន្លង​មក ឃើញ​កើត​មានតែ​នៅ​ក្រុងព្រះសី ហនុ​ទេ តែ​ពេល​នេះ ​បាន​ឆ្លង​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ស្រប​ពេល​ដែល​ហាង​ជនជាតិ​ចិន​ បាន​ដុះដាល​ព្រោងព្រាត​នៅ​តាម​ដង​វិ​ថី​នានា ។ បញ្ហា​ដែល​កំពុង​កើត​មាន គឺ​ប្រើប្រាស់​ពាក្យពេចន៍​មិន​ត្រូវ​ដែល​គ្មាន​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​វា​បាន​ប៉ះពាល់​ដែល​គួរតែ​ចាត់វិធានការ​កែ​លម្អ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា អាជ្ញាធរ​ខណ្ឌចំការមន បាន​ចាត់វិធានការ​ឱ្យ​ថៅកែ​ចិន​រុះរើ​ឈ្មោះ​ហាង​របស់​ខ្លួន ដែល​សរសេរ​ឈ្មោះ​ជា​អក្សរ​ខ្មែរ​ខុស​យ៉ាង​រញ៉េរញ៉ៃ មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ ។ វិធានការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​ហាង​ចិន​មួយ​កន្លែង បន្ទាប់​ពី​មានការ​រិះគន់​ពី​សំណាក់​មហាជន ព្រោះ​ហាង​មួយ​នេះ​សរ​សេរ​ឈ្មោះ​ហាង​របស់​ខ្លួន​ មិន​ត្រូវ​រហូត​មិន​អាច​ទទួលយក​បាន ដោយសរសេរ​ឈ្មោះ​ហាង​ថា «​សាច់​មាន់​លោក​» ស្ថិតនៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ដែល​មិនដឹង​ជា​មាន​ន័យ​យ៉ាងម៉េច​ពិតប្រាកដ តែ​តាម​ការ​សរ​សេរ​បែប​នេះ​ប្រហែលជា​សំដៅ​ទៅ​លើ​ការ​សរសេរ​ជា​ភាសា​អង់គ្លេស «Mr Chicken» តែ​បែរជា​ប្រែ​មក​ជា​«​សាច់​មាន់​លោក​»​ទៅ​វិញ ។

ករណី​ជនជាតិ​ចិន​បើកហាង​រកស៊ី​ពេញ​ទឹកពេញ​ដី​នេះ បាន​បង្ក​ផល​ប៉ះពាល់​លើ​ការ​សរសេរឈ្មោះ​ជា​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ និង​បាន​កើត​ឡើងជា​ហូរហែ​ធ្វើ​ឲ្យ​មហាជន​រិះគន់​ដល់​អាជ្ញាធរ​ថា ខ្វះ​ការ​យកចិត្តទុកដាក់​ចំពោះ​សណ្តាប់ធ្នាប់សាធារណៈ ជា​ពិសេស​វិធានការ​គ្រង់​គ្រង​អក្សរសាស្ត្រ​ជាតិ ។ ឈ្មោះ​ហាង​ចិន​ជា​ច្រើន​នៅ​ក្នុង​រាជា​ធានី​ភ្នំពេញ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង តែងតែ​សរសេរ​អក្សរ​ខ្មែរ​ខុស ឬ​សរសេរ​ឈ្មោះ​មិន​អាច​យល់​បាន ។ ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​យកចិត្តទុកដាក់​ក្នុង​ចំណោម​សមត្ថកិច្ច​សាធារណៈ ជា​ពិសេស​ស្ថាប័ន​គ្រប់គ្រង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ឯកជន និងស្លាក​​ឈ្មោះ​ពាណិជ្ជកម្ម ដោយ​មហាជន​រិះគន់​ស្ថាប័ន​នេះ​ថា ស្គាល់​តែ​លុយ មិន​ស្គាល់​តម្លៃ​អត្តសញ្ញាណ​និង​អក្សរសាស្ត្រ​ជាតិ ។

ការ​ប្រឈម​នឹង​មតិ​រិះគន់​នេះ វា​ជា​ការ​ខ្វះចន្លោះ​មួយ​នៃ​ការ​ផ្សព្វផ្សាយ​ផ្លូវច្បាប់​ដល់​ជនជាតិ​ចិន ដែល​ខ្លះ​ចូល​​មក​វិនិយោគ​មិន​ចោទ​ជាបញ្ហា​ទេ​តែ​ក្រុម​អ្នក​មក​រកស៊ី ច្រើន​ចោទ​ជា​បញ្ហា​ខុស​ពី​ជាតិ​សាសន៍​ដ​ទៃ ដែល​មក​បើកហាង​ដូចគ្នា ។ ពួក​គេ​ច្រើន​បកប្រែ​ជា​ភាសា​ខ្មែរ​តាម​Google ហើយ​ទោះបី​អ្នក​បោះពុម្ព​ប្រាប់​ថា​ខុស​ក៏​មិន​ស្តាប់​ដែរ គឺ​តម្រូវ​ឱ្យ​បោះពុម្ព​តាមតែ​ខ្លួន​កុម្ម​ង់ ។ នៅ​មាន​ហាង​ជនជាតិ​ចិន​ច្រើន​ទៀត ដែល​ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស​នេះ​ដែរ អាជ្ញាធរ​កំពុង​បន្ត​ការ​ត្រួតពិនិត្យ ។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា ការ​រុះរើ​ស្លាក​យីហោ​នេះ​គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​ពាណិ​ជ្ជ​កម្ម សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​មួយ​កន្លែង​ខាងលើ ដែល​មាន​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​យីហោ​«​សាច់​មាន់​លោក​» ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រក​ច្បាប់​អនុញ្ញាតអាជីវកម្ម​និង​ច្បាប់​លើក​ស្លាក​យីហោ​ហាង ដោយមិន​មានច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រុះរើ​ស្លាក​យីហោ «​សាច់​មាន់​លោក​»​ទម្លាក់​ចេញ​តែ​ម្តង ។

លោក​អភិបាល​ខណ្ឌថ្លែង​ទៀត​ថា ស្លាកយីហោ​«​សាច់​មាន់​លោក​» ដែល​ត្រូវ​បាន​ទម្លាក់​នេះ​ក៏​សរសេរ​អក្សរ​ខុស​ទៅ​នឹង​ខ្លឹមសារ​ដែរ ដែលពាក្យ​ថា​«​លោក​»​នេះ មហាជន​យើង​ភាគច្រើន ពួក​គាត់​យល់​ថា «​ជា​ព្រះសង្ឃ​» ដែល​ជា​ការ​ធ្វើ​ឱ្យ​ខុស​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង ។ ភោជនីយដ្ឋាន​ខាងលើ​ទើបតែ​រៀបចំ​និង​លើក​ស្លាក​យីហោ​«​សាច់​មាន់​លោក​»​នេះបាន​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​មិនឃើញ​មានច្បាប់​អនុញ្ញាត ក៏​ធ្វើការ​រុះរើ​ទម្លាក់​ស្លាក​នេះ​ចុះ​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ