ភាពខ្ជិលច្រអូសបើមាននៅក្នុងខ្លួនបុគ្គលណាហើយ រមែងដឹកនាំអ្នកនោះឲ្យដើរផ្លូវខុស ដឹកនាំឲ្យក្រ ឲ្យល្ងង់ខ្លៅ ឲ្យថោកទាប ឲ្យវិនាសអន្តរាយចាកប្រយោជន៍គ្រប់យ៉ាង ព្រោះហេតុនោះហើយទើបមានភាសិតមួយកន្លែងបង្គាប់ឲ្យសម្លាប់មារយាទថោកទាបនេះ គឺឲ្យបោះបង់ចោល បើមិនដូច្នោះទេ រមែងទទួលនូវវិបត្តិគ្រប់យ៉ាងសម្រាប់ជីវិត ។
ការខ្ជិលច្រអូសនេះ គេមិនត្រូវបណ្ដោយទុកឲ្យនៅក្នុងសន្ដានឡើយ ត្រូវតែលះបង់ចោលឲ្យស្រឡះពីសន្តាន ព្រោះវានាំឲ្យថោកទាប នាំឲ្យក្រីក្រ នាំឲ្យសៅហ្មងគ្រប់យ៉ាង ។ កាលបើលះបង់កោសជ្ជៈចេញហើយ ត្រូវប្រឹងប្រែងបំពេញកិច្ចការគ្រប់យ៉ាង ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ត្រូវពិចារណាឲ្យស្គាល់ហេតុផលគ្រប់យ៉ាង ប្រកបដោយបញ្ញា និងការចងមិត្តផងដែរ ។
កុំដេកចាំព្រេងសំណាង តាមធម្មតាទ្រព្យសម្បត្តិមិនដែលរត់ចូលមកក្នុងដៃអ្នកខ្ជិលច្រអូសនោះឡើយ លុះណាតែបុគ្គលមានព្យាយាម គឺការក្រោកធ្វើការ ខំប្រឹងប្រែង ខ្មីឃ្មាត សង្វាតក្រោកឡើងធ្វើការផ្សេងៗ អត់ទ្រាំនឹងឧបសគ្គគ្រប់យ៉ាងមាន ត្រជាក់ ក្ដៅ បរិស្ថានការងារ និងហានិភ័យផ្សេងៗជាដើមគឺ មិនខ្ជិលច្រអូស មិនអាងហេតុដទៃៗ មានហេតុថា ល្ងាចពេក ព្រឹកណាស់ អស់កម្លាំងពេក ហើយមិនប្រកបការងារជាដើមនោះឡើយ ដូចភាសិតថា បើចង់ចេះ ឲ្យសម្លាប់អាចារ្យ អាចារ្យក្នុងទីនេះគឺអាចារៈ សំដៅយកមារយាទអន់ មារយាទខ្ជិលច្រអូសគឺកោសជ្ជៈហ្នឹងឯង ។
កាលបើបានកាន់ប្រព្រឹត្តដូចការរៀបរាប់មកខាងលើនេះហើយ សង្ឃឹមថា ទ្រព្យសម្បត្តិគ្រប់យ៉ាងរមែងកើតឡើងដល់ខ្លួនជាអ្នកប្រកបនោះជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ