ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នពាក់ព័ន្ធ សូមស្តាប់អ្នក​ចិញ្ចឹម​ក្រពើ​ថ្ងូរ​ដូច​ព្រាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជីវករ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ត្អូញត្អែរ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពួក​គាត់​ផង ! ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ​និង​ក្រពើ​ធំ​យក​ទៅ​លក់​លើ​ទីផ្សារ ឯ​ប្រទេស​វៀតណាម​លក់​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មក​ទិញ​ក្រពើ​ពី​ពួក​គាត់​ដោយ​ឱ្យ​តម្លៃ​ថោក ។…

ខេត្តសៀមរាប ៖ អាជីវករ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ត្អូញត្អែរ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពួក​គាត់​ផង ! ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ​និង​ក្រពើ​ធំ​យក​ទៅ​លក់​លើ​ទីផ្សារ ឯ​ប្រទេស​វៀតណាម​លក់​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មក​ទិញ​ក្រពើ​ពី​ពួក​គាត់​ដោយ​ឱ្យ​តម្លៃ​ថោក ។

អ្នក​ចិញ្ចឹម​រៀបរាប់​ថា កូន​ក្រពើ​១​ក្បាល ឈ្មួញកណ្តាល​កំណត់​ឱ្យ​តែ​១១​ដុល្លារ និង​ក្រពើ​ធំ ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៣​ទៅ​៥​ដុល្លារ ដែល​តម្លៃ​នេះ​ថោក​ជាង​ឆ្នាំ​មុន ហើយ​ពួក​គាត់​ចង់​សុំ​ឱ្យ​អាជ្ញាធរ ឬ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដល់​ពួក​គាត់​ផង ដើម្បី​សុំ​ប័ណ្ណ​ស្របច្បាប់ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខ្លួនឯង ។ពួក​គាត់​បាន​ត្អូញត្អែរ​ថា ការ​ធ្វើ​ប័ណ្ណ​ម្តង​ៗ អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ ក្នុង​ម្នាក់​ៗ ហើយ​នៅ​តែ​មិន​បាន​ចេញ​ទៀត​នេះ​ក៏​ជា​បញ្ហា​ចោទ​ដែរ ។

លោក លី ជា​អាជីវករ​ចិញ្ចឹម​ក្រពើ​មាន​ចំនួន​សរុប​ជាង​១.០០០​ក្បាល ទាំង​តូច​ទាំង​ធំ​ដែល​រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា លោក​ចិញ្ចឹម​ក្រពើ​នេះ ជាង​១០​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ដែល​កាលពី​៥​ឆ្នាំ​មុន ពួក​គាត់​មានចិត្ត​ចង់​ចិញ្ចឹម​ណាស់ ព្រោះ​វា​បាន​ថ្លៃ ។ លោក​ថា មក​ដល់​បច្ចុប្បន្ន​មាន​ឈ្មួញកណ្តាល​មក​ប្រមូល​ដេញថ្លៃ ទិញ​ពី​សមាគម​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប​ទាំងអស់ ដូច្នេះ​ខាង​សមាគម បានឱ្យ​ពួក​ឈ្មួញ ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​រំភើយ អត់​គិត​ពី​ការ​ខាតបង់​ឬ​សុខទុក្ខ​របស់​ពួក​គាត់​ឡើយ ។

លោក​បាន​រៀបរាប់​បន្ត​ថា កូន​ក្រពើ​ក្នុង​១​ក្បាល កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ យក​ទៅ​លក់​នៅ​វៀតណាម​ខ្លួនឯង​តម្លៃ​ចាប់ពី​១៥​ទៅ​ដល់​១៨​ដុល្លារ ។ សព្វថ្ងៃ​ឈ្មួញកណ្តាល​មក​ទិញ​កូន​ក្រពើ​ក្នុង​១​ក្បាល​បាន​តម្លៃ​តែ​១០​ទៅ​១២​ដុល្លារ ហើយ​ក្រពើ​ធំ គេ​គិត​ឱ្យ​ជា​គីឡូក្រាម ក្នុង​១​គីឡូក្រាម ពួក​គេ​ឱ្យ​តម្លៃ​បាន​ត្រឹម​៣​ទៅ​៥​ដុល្លារ ។ លោក លី បាន​រៀបរាប់​បន្ថែម​ថា ក្នុង​ការ​ចិញ្ចឹម​ក្រពើ​រាល់ថ្ងៃ ពួក​វា​ស៊ីក្នុង​១​ខែ​២​ដង ហើយ ក្រពើ​មេ ក្នុង​១​ក្បាល​ពង​បាន​ចាប់ពី​៤០​ទៅ​៥០​ពង​ក្នុង​១​រដូវ គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា​ទើប​អស់​ពង ។ ចំណែក​ចំណី​ទិញ​ពី​គេ យក​មក​ឱ្យ​វា​ស៊ី​វិញ ឡើងថ្លៃ​ទៀត ។ កាលពីមុន​កូន​ត្រី​ទិញ​ចូល​ក្នុង​១​តោន តម្លៃ​១​លាន​៧០​ម៉ឺន​រៀល​ទៅ​២​លាន​១០​ម៉ឺន​រៀល ។ ដល់​ថ្ងៃ​បុណ្យ​ទាន ឡើងថ្លៃ​ក្នុង​១​តោន​តម្លៃ​ជិត​៣​លាន​រៀល​។​

ចំណែក លោក សេង ដែល​ជា​អាជីវករ​ចិញ្ចឹម​ក្រពើ​ជាង​១​ពាន់​ក្បាល​ដែរ រស់នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់ កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៩​នេះ​ថា លោក​ចិញ្ចឹម​ក្រពើ​ជិត​២០​ឆ្នាំ​ហើយ ដែល​មាន​ចំនួន​ជាង​១.០០០​ក្បាល មិន​ដែល​ត្អូញត្អែរ​ទេ តែ​នៅ​ឆ្នាំ​២០១៩​នេះ​ពិតជា​ប្រឈម​នឹង​ការ​លំបាក ព្រោះ​ក្រពើ​ចុះថ្លៃ​ហួស​ពី​ការ​ស្មាន ។ លោក​បាន​រៀបរាប់​ទៀត​ថា លោក​គ្មាន​អ្វី​និយាយ​ច្រើន​ទេ ក្រៅពី​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ជួយ​ដល់​ពួក​គាត់​ផង ។

ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ និង​ក្រពើ​ធំ​យក​ទៅ​លក់​ឱ្យ​វៀតណាម គេ​ឱ្យ​តម្លៃ​ថោក​ពេក ។ ដោយសារ​តែ​ប្រឈម​បែប​នេះ​ទើប​ពួក​គាត់ ចង់​សុំ​ធ្វើ​អាជ្ញាប័ណ្ណ​ដោយ​ខ្លួនឯង ដើម្បី​យក​ក្រពើ​ទៅ​លក់​ឱ្យ​វៀតណាម​ដោយ​ខ្លួនឯង ក្រែង​បាន​ថ្លៃ​ជាង​ឈ្មួញកណ្តាល ។ លោក​បាន​រៀបរាប់​បន្ត​ថា កូន​ក្រពើ ក្នុង​១​ក្បាល កាលពី​ឆ្នាំ​មុន​ៗ​យក​ទៅ​លក់​នៅ​វៀតណាម​ខ្លួនឯង តម្លៃ​ចាប់ពី​១៥​ទៅ​ដល់​១៨​ដុល្លារ ។ សព្វថ្ងៃ​ឈ្មួញកណ្តាល​មក​ទិញ​កូន​ក្រពើ​១​ក្បាល បាន​តម្លៃ​តែ​១០​ទៅ​១២​ដុល្លារ ហើយ​ក្រពើ​ធំ ក្នុង​១​គីឡូក្រាម ពួក​គេ​ឱ្យ​តម្លៃ​បាន​ត្រឹម​៣​ទៅ​៥​ដុល្លារ​ប៉ុណ្ណោះ ។​

រីឯ​អ្នកស្រី ណា​រី រស់នៅ​ភូមិ​ចុង​ឃ្លៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​រៀបរាប់​ប្រហាក់ប្រហែល​គ្នា​និង​លោក សេង ដែរ​ថា គាត់​ចិញ្ចឹម​ក្រពើ​ជាង​៦​ឆ្នាំ តាំងពី​ឆ្នាំ​២០០៩ រហូត​ដល់​បច្ចុប្បន្ន ។ តាំងពី​នៅ​ស្ថានីយ​ចិញ្ចឹម​ក្រពើ នៅ​ម្តុំ​អាង​ក្រពើ ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាលា​កំរើក​ម្ល៉េះ ។ អ្នកស្រី​ថា ឈ្មួញកណ្តាល​ដែល​ប្រមូល​ទិញ​ឱ្យ​តម្លៃ​ថោក ។

ប្រឈម​នឹង​បញ្ហា​នេះ​អ្នកស្រី​បាន​សំណូមពរ​ឱ្យ​ខ្មែរ​ជួយ​ខ្មែរ​ផង ជា​ពិសេស​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ផង ព្រោះ​សព្វថ្ងៃ ពួក​គាត់​បាន​ទៅ​ចងការ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​យក​មក​ទិញ​ចំណី​ឱ្យ​ក្រពើ​ស៊ី​តាំងពី​វា​នៅ​តូច រហូត​ដល់​ធំ​ឥឡូវ​ចំណី​ត្រី​ដែល​ទិញ​ពី​គេ​វា​ក៏​ឡើងថ្លៃ​ទៀត តើ​ឱ្យ​អ្នកស្រី រកស៊ី​ម្តេច​បាន​ចំណេញ​ទៅ​។ គាត់​ថាបើ​តម្លៃ​ក្រពើ​ចុះថ្លៃ​ដល់​ថ្នាក់​នេះ តើ​ឱ្យ​ពួក​ខ្ញុំ មានចិត្ត​ឯណា​ចង់​ចិញ្ចឹម​ទៀត ។

ជុំវិញ​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក សាយ អនុប្រធាន​សមាគម ក្រពើ​ខេត្តសៀមរាប​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ជួយ​ដោះស្រាយ​ដល់​អាជីវករ​ចិញ្ចឹម​ក្រពើ​បាន​កម្រិត​ណា?

អត្ថបទសរសេរ ដោយ