ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សិត​ប៉ក់… អាជីវករ​អាចរក​បាន​​​មួយ​ថ្ងៃ​ពី​២៥​​ម៉ឺន​រៀល​ដល់​ជាង​៦៣​ម៉ឺន​រៀល​ឯ​ណោះ​

4 ឆ្នាំ មុន
  • ព្រះវិហារ

ព្រះ​វិហារ ៖ ខណៈ​រដូវ​ផ្សិត​ប៉ក់​កំពុង​មក​ដល់​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ច្រក​ទ្វា​អានសេះ​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ទឹកដី​ខេត្តព្រះវិហារ កំពុង​តែ​ផ្អែមមាត់​នឹង​រកបាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ច្រើន​គួរសម តាម​រយៈ​ការ​លក់​ផ្សិត​ប៉ក់ ជា​រៀងរាល់ថ្ងៃ ក្នុង​ចន្លោះ​ចាប់ពី​១​តោន​ឡើង​ទៅ​ឲ្យ​ជនជាតិ​ថៃ សម្រាប់​យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​របស់​ពួក​គេ ។…

ព្រះ​វិហារ ៖ ខណៈ​រដូវ​ផ្សិត​ប៉ក់​កំពុង​មក​ដល់​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ច្រក​ទ្វា​អានសេះ​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ទឹកដី​ខេត្តព្រះវិហារ កំពុង​តែ​ផ្អែមមាត់​នឹង​រកបាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ច្រើន​គួរសម តាម​រយៈ​ការ​លក់​ផ្សិត​ប៉ក់ ជា​រៀងរាល់ថ្ងៃ ក្នុង​ចន្លោះ​ចាប់ពី​១​តោន​ឡើង​ទៅ​ឲ្យ​ជនជាតិ​ថៃ សម្រាប់​យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​របស់​ពួក​គេ ។

បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី ថន ស្រី​មុំ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ ច្រក​ទ្វារ​អានសេះ​ទឹកដី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្តាល​ខែមេសា​មក​ដល់​ពេល​នេះ អាជីវករ​ខ្មែរ​រកស៊ី​លក់ដូរ​នៅ​ច្រក​ទ្វារ​អាន​សេះ បាន​នាំ​គ្នា​ប្រមូល​ទិញ ផ្សិត​ប៉ក់​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ដើម្បី​យក​មក​លក់​ឲ្យ​ជនជាតិ​ថៃ ដែល​ចូល​មក​ទិញ​ជា​រៀងរាល់ថ្ងៃ ក្នុង​តម្លៃ​ច្រើន​គួរសម ដែល​ធ្វើ​ឲ្យ​អាជីវករ​កាក់កប​ឡើង​ផ្អែមមាត់ ។

សូម​បញ្ជាក់​ថា​ផ្សិត​ប៉ក់​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ផ្សិត​នេះ​នឹង​ដុះ រហូត​ដល់​ពេល​ដែល​ភ្លៀង​ធ្លាក់​ជោគ​ជាំ ទើប​ផ្សិត​នេះ​ឈប់​ដុះ ហើយ​កសិករ​អាច​ដើរ​ជីក​ផ្សិត​នេះ​បាន​យក​មក​លក់ ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​ដល់​ខែកក្កដា ទើប​ផ្សិត​នេះ​ផុត​រដូវ​កាល​សម្រាប់​ប្រមូល​ផល ។

អ្នកស្រី ថន ស្រី​មុំ បាន​បន្ថែម​ថា​ក្នុង​មួយ​ថ្ងៃ​ៗ អាជីវករ នៅ​ក្នុង​ផ្សារ​ច្រក​ទ្វារ​អានសេះ​នេះ អាច​លក់​បាន​ចន្លោះ​ពី​២០​គីឡូក្រាម ទៅ​៥០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូក្រាម ទទួល​បាន​តម្លៃ ចាប់ពី ៤៥០​បាត ទៅ​៥០០​បាត (​ប្រមាណ​ជា ៥៧,០០០ ទៅ ៦៣,០០០ រៀល​) ទៅ​តាម​គុណភាព​ផ្សិត ហើយ​អាច​ឲ្យ​អាជីវករ​រក​ប្រាក់​ចំណូល​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី ២០០០ បាត ទៅ ៥០០០ ពាន់​បាត ដែរ (​ប្រមាណ​ពី ២៥​ម៉ឺន​រៀល ដល់​ជាង ៦៣ ម៉ឺន​រៀល​) ។ ក្នុង​រដូវ​កាល​នេះ​ផង​ដែរ ក្រៅពី​ផ្សិត​ប៉ក់ ដែល​ដុះ​ដោយ​ធម្មជាតិ​នោះ អាជីវករ​ខ្មែរ ក៏​មាន​បន្លែ​ព្រៃ​ជា​ច្រើន​មុខ​ទៀត​ដូច​ជា ផ្កាចា​ហ៊ួ​យ ស្លឹក​ព្រិច ជាដើម ពោល​គឺ​អាជីវករ​នៅ​ទីនោះ លក់​បន្លែ​ព្រៃ​ទៅ​តាម​រដូវ​នីមួយ​ៗ ហើយ​បន្លែ​ទាំង​អស់នេះ​ជា​អាហារ​ដ៏​ពេញ​និយម​បំផុត​របស់​ជនជាតិ​ថៃ ។

ជាមួយ​គ្នា​នេះ​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ចូល​មក​ទិញ​បន្លែ និង​ទំនិញ​ផ្សេង​ៗ​នៅ​ទឹកដី​កម្ពុជា​ក្នុង​ផ្សារ​ច្រក​ទ្វា​អានសេះ​នេះ បាន​លើក​ឡើង​ថា​មូលហេតុ​ដែល​ពួក​គេ​បាន​នាំ​គ្នា​មក​ទិញ​ផ្សិត​ប៉ក់ ក៏​ដូច​ជា​បន្លែ​ព្រៃ​ផ្សេង​ៗ​​នេះ​ពី​អាជីវករ​ខ្មែរ​ដោយសារ​តែ​នៅ​ក្នុង​ទឹកដី​ថៃ ពុំ​សូវ​មាន បន្លែ​ប្រភេទ​ទាំង​អស់នេះ​ទេ ម្យ៉ាង​វិញទៀត​នៅ​ក្នុង​ព្រៃ​ទឹកដី​របស់​ពួក​គេ​សម្បូរ​គ្រាប់​មីន ដូច្នេះ​ហើយ​ទើប​ពុំ​មាន​នរណា​ម្នាក់ ចូល​ទៅ​រក​បន្លែ ទាំងនេះ​យក​មក​លក់ ។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​ច្រក​ទ្វា​អានសេះ​នេះ​មិន​ទាន់​ក្លាយជា​ច្រក​អន្តរជាតិ​ក្តី តែ​ការ​ផ្តោះ​ប្តូរ​ទំនិញ​រវាង​ប្រជាជន​ទាំង​ពីរ កម្ពុជា​-​ថៃ បាន​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ច្រើន​មាននៅ​ក្នុង​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ