ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​រអាក់រអួល​ថាមពល​អគ្គិសនី ជះ​ឥទ្ធិ​ពល​​អវិជ្ជមាន​ចំពោះ​វិស័យ​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ថាមពល​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រឈម​ដូច​បច្ចុប្បន្ន​នេះ វិនិយោគិន​ក្នុង​វិស័យ​សំណង់​បាន​លើក​ឡើ​ថា វា​នឹង​មាន​បញ្ហា​សម្រាប់​វិស័យ​សំណង់ បើសិនជា​បញ្ហា​នេះ នៅ​តែ​អូស​បន្លាយ​យូរ ពីព្រោះ​រាល់​ការងារ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​គឺ​ត្រូវការ​ថាមពល​អគ្គ​សិ​នី​ជា​ចាំបាច់ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ថាមពល​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រឈម​ដូច​បច្ចុប្បន្ន​នេះ វិនិយោគិន​ក្នុង​វិស័យ​សំណង់​បាន​លើក​ឡើ​ថា វា​នឹង​មាន​បញ្ហា​សម្រាប់​វិស័យ​សំណង់ បើសិនជា​បញ្ហា​នេះ នៅ​តែ​អូស​បន្លាយ​យូរ ពីព្រោះ​រាល់​ការងារ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​គឺ​ត្រូវការ​ថាមពល​អគ្គ​សិ​នី​ជា​ចាំបាច់ ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ឲ្យ​ដឹង​ថា​ជា​ការ​ពិត​ណាស់ បញ្ហា​រអាក់រអួល​ថាមពល​អគ្គិសនី វា​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​ទាំង​មូល​ផង​ដែរ ។ នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ ជា​ចាំបាច់​ត្រូវការ​ថាមពល​អគ្គិសនី ដើម្បី​ដំណើរការ​សាង់​សង់​ចាប់តាំងពី​បុក​គ្រឹះ ខួង​សរសរ រហូត​ដល់​ចុងបញ្ចប់​នៃ​ការ​សាងសង់ ដូច្នេះ​បើសិនជា​មាន​បញ្ហា​រអាក់រអួល​ថាមពល អ្នក​សាងសង់​ត្រូវការ​បញ្ចេះ​ម៉ាស៊ីន ដើម្បី​ដំណើរការ ដែល​ទាមទារ​អោយ​ពួក​គេ​ត្រូវ ការ​ចំណាយ​ថ្លៃ​ទិញ​ម៉ាស៊ីនភ្លើង​មក​ទុក​ប្រើប្រាស់​នៅ​ពេល​ដាច់​ភ្លើង និង​ត្រូវ​ចំណាយ​ថ្លៃ​លើ​ប្រេងឥន្ធនៈ​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា អ្នក​វិនិយោគ​គេ​ប្រាកដជា​ស៊ើបសួរ​មុន​នឹង​ចូល​ទៅ​កាន់​ប្រទេស​ណាមួយ ថា​តើ​ប្រទេស​នោះ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​អោយ​គេ​វិនិយោគ​ឬ​នៅ ហើយ​នៅ​ពេល​ដែល​ដឹង​ថា​ប្រទេស​នោះ​មាន​បញ្ហា​ថាមពល​ធ្ងន់ធ្ងរ​គេ​ប្រាកដជា​ដកខ្លួន និង​រក​ប្រទេស​ណា​ដែល​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​គម្រោង​ណាមួយ​របស់​ពួក​គេ ។

លោក​នួន រឹ​ទ្ធី បន្ត​ថា «​សម្រាប់​កម្ពុជា បញ្ហា​រអាក់រអួល​ផ្នែក​ថាមពល​អគ្គិសនី​នេះ មិនមែន​កើត​មាន​ឡើង​រហូត​នោះ​ទេ គឺ​វា​កើតឡើង​តែ​នៅ​ក្នុង​រដូវក្ដៅ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល ក៏​បាន​សុំ​ការ​យោគយល់ និង​រក​វិធី​ដើម្បី​ដោះស្រាយ​ផង​ដែរ តែ​ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាល​ក៏​បាន​គៀងគរ​វិនិយោគិន ដើម្បី​វិនិយោគ​វិស័យ​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត អោយ​គ្រប់​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង ធ្វើ​យ៉ាងណា​អោយ​ថាមពល​សំបូរ​និង​មាន​តម្លៃ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​» ។

លោក ឃាង ពុ​ទ្ធី ប្រធាន​សមាគម​អ្នក ជំនាញ​អចលនទ្រព្យ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ជា​ការ​ពិត​ណាស់ យើង​មិន​អាច​ប្រកែក​បាន​នោះ​ទេ ពី​បញ្ហា​ប៉ះពាល់​ក្នុង​វិស័យ​សំណង់​ពី​ការ​រអាក់រអួល​ថាមពល​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​ប៉ះពាល់​អាច​និយាយ​បាន​ថា​តិចតួច​បំផុត ពីព្រោះ​ទំហំ​នៃ​ការ​ដាច់​ភ្លើង តែ​មួយ​ពេល​ៗ​មិនមែន​មួយ​ថ្ងៃ​ៗ​ពេញ ដូច្នេះ​ម្ចាស់​ការដ្ឋាន​សំណង់​ក៏​បាន​ត្រៀម​ម៉ាស៊ីនភ ្លើង ដើម្បី​ដំណើរការ​សាងសង់​បន្ត​ចំណែក​ការដ្ឋាន​សំណង់​មួយ​ចំនួន​តូច បាន​ផ្អាក​បណ្ដោះ​អាស​សន្ន​ពេល​ដាច់​ភ្លើង និង​ដំណើរការ​វិញ​ពេល​ភ្លើង​ត្រលប់​មក​វិញ ។

លោក​បន្ត​ថា បញ្ហា​អគ្គិសនី​នៅ​ឆ្នាំ​នេះ គឺជា​បទ​ពិសោធន៍​មួយ​សម្រាប់​អាជ្ញាធរ​អគ្គិសនី​ក្នុង​ការ​ស្វែងរក​ប្រភព​ថាមពល ដើម្បី​ផ្គត់ផ្គង់​នៅ​ឆ្នាំ​ក្រោយ​ៗ​បន្ត​ទៀត ដូច​ជា​ការ​ជំរុញ​ការ​វិនិយោគ​ថាមពល​អគ្គិសនី​បន្ថែម ស្វែងរក​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិតខាង ដើម្បី​ត្រៀម​នៅ​ពេល​មាន​តម្រូវការ​ខ្ពស់​ដូច​ឆ្នាំ​នេះ​ជាដើម។

លោក ឃាង ពុ​ទ្ធី បាន​បន្ត​ថា « បញ្ហា​រអាក់រអួល​អគ្គិសនី​នេះ ក្នុង​នាម​ជា​ពលរដ្ឋ​មិន​គួរ​អង្គុយចាំតែ​បន្ទោស និង​ជេរ​ប្រមាថ​នោះ​ទេ តែ​ត្រូវ​ចូលរួម​ផ្ដល់​ជា​យោបល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទាំងអស់​គ្នា ព្រោះ​នេះ ជា​ប្រទេស​របស់​យើង អ​ញ្ចឹ​ង​ហើយ​ត្រូវ​ចូលរួម​ដើម្បី​កសាង​ប្រទេស​យើង​ទាំងអស់​គ្នា » ។

លោក​បន្ថែម​ថា សម្រាប់​សតិអារម្មណ៍​របស់​វិនិយោគិន​វិស័យ​សំណង់​នៅ​កម្ពុជា អាច​នឹង​មាន​តិចតួច តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ​បញ្ហា​មាន​រយៈពេល​ខ្លី ជាក់ស្ដែង​ពេល​នេះ​អគ្គិសនី ហាក់​មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ហើយ ហើយ​ជឿ​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ថាមពល​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រលប់​មក​ប្រក្រតី​វិញ ដោយសារ​តែ​អាកាសធាតុ​ក៏​បាន​បន្ថយកម្ដៅ ធ្វើ​អោយ​អ្នក​ប្រើ​ថាមពល​ច្រើន​និង​កាត់​បន្ថយ ហើយ​អាច​សល់​សម្រាប់​ផ្គត់ផ្គង់​ទៅ​តាម​ការដ្ឋាន សហគ្រាស​នានា​ដូច​ប្រក្រតី​វិញ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នា​ពេល​កន្លង​មក​ថា សេចក្ដី​ត្រូវការ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី មានការ​កើន​ឡើងជា​ខ្លាំង​ជា​ពិសេស​វិស័យ​សំណង់​គឺ​ហក់​ឡើង​ដល់​ទៅ​៧០០​ភាគរយ​ដែល​នាំ​អោយ​ក្រុង​ធំ​ៗ​នៅ​កម្ពុជា​ជួប​ការ ខ្វះ​ថាមពល​អគ្គិសនី ។

បើ​តាម​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានអោយ​ដឹង ផង​ដែរ​ថា​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ ២០១៩​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​សរុប​ប្រមាណ ២.៧៤២​លាន ដុល្លារ​អា​មេ​រិ​ក​មាន​កំណើន​ប្រមាណ ៦៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​មកនេះ ។ ដូច្នេះ​អាច​វាយតម្លៃ​បាន​ថា វិស័យ​សំណង់​ក៏​បាន​ទាញ​ស្រូវ​យក​ថាម ពល​អគ្គិសនី​អស់​មួយ​ចំណែក​ធំ ដើម្បី​ដំណើរការ​សាងសង់ និង​បំពេញ​នៅ​តាម​អគារ​ខុន​ដូ អគារ​ការិយា ល័យ​ពាណិជ្ជកម្ម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ