ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ផឹក​​អត់​ឱ្យ​លុយ​​ខឹង​គេ​ទារទូទាត់​យ​ក​អាវុធ​មក​បាញ់

15 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ជន​សង្ស័យ​២នាក់​​ត្រូវ​បាន​​ប៉ូលិស​​ស្រុកបាទី​ឃាត់​ខ្លួន​ក្នុងចំណោម​បក្ស​ពួក​៣​នាក់ រួចបញ្ជូន​មក​ស្នង​ការ​ដ្ឋាននគរ​បាល​​​ខេត្ត ដើម្បី​កសាង​សំណុំរឿង​​បញ្ជូន​​បន្ត​ទៅ​សាលា​ដំបូងចាត់ការ​ទៅតាមច្បាប់ ខណៈ​ពេល​ដែល​ក្រុម​ជន​ស្ទាវ​ទាំង​នេះ បាន​យកកាំ​ភ្លើង​AK មួយ​ដើម​ធ្វើសកម្ម​ភាព​បាញ់រះ​​មានបំណង​សម្លាប់​​គូ​ទំនាស់​​របស់ខ្លួន​ និង​ធ្វើ​ឱ្យ​ខូច​ខាត​សំភារ​​ក្នុង​ហាង​​ស៊ី​ផឹក​​មួយ​កន្លែងដែល​ខ្លួន​ផឹក​អត់​លុយ​ទូ​ទាត់ ។

​ហេតុ​ការណ៍​ចាប់ខ្លួននេះ​​បាន​កើត​​ឡើង​​កាល​ពីថ្ងៃទី២ មីនា វេលាម៉ោង​៨ និង​៣០​នាទី​នៅភូមិ​ត្រពាំង​ឈូក ឃុំ​រវៀង ស្រុក​សំរោង ​។ ​លោក​វរ​សេនីយ៍​​ត្រី​ង៉ាន់ សារី ​អធិការ​​​នគរ​បាល​ស្រុកបាទី​បាន​ឱ្យ​ដឹង​ថា​ជន​សង្ស័យ​២​នាក់​ដែល​យើង​ចាប់ខ្លួន​​បាន​​​ ម្នាក់​ឈ្មោះ​ប៉ា គឹម ស្រេង ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​និងឈ្មោះ​ភួង ​បុរី ហៅ​ឈឿន ភេទប្រុស អាយុ​១៩​ឆ្នាំ ។ អ្នក​ទាំង​២​ រស់នៅ​ភូមិ​-ឃុំ​ខាង​លើ រួម​ជាមួយ​កាំ​ភ្លើង AK អត់ច្បាប់១​ដើម បង់​មួយ និង​គ្រាប់​១៩​គ្រាប់ ម៉ូតូ​១​គ្រឿង ធុនC125 ពណ៌ខ្មៅ ស៊េរី​២០០៦ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1A 7846 ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​​ និង​ជាម្ចាស់​កាំភ្លើង​បាន​រត់​គេច​ខ្លួន​បាត់ ។

​លោក​អធិការ​ស្រុក​បាន​ឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី១ មីនា នារសៀល​​​ក្រុម​​​ជន​សង្ស័យ​បាននាំ​គ្នា​ចូលទៅស៊ី​​ផឹក​ក្នុង​ហាង​មួយ​ឈ្មោះទី​ក្រុងថ្មី ស្ថិត​នៅភូមិស្មៅខ្ចី ​ឃុំត្រពាំង​​សាប ស្រុកបាទី។ ​លុះ​ស៊ីផឹក​បាន​មួយសន្ទុះ មិត្ត​គេ​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ​មាន់ គង្គា ​ភេទប្រុស អាយុ​២០​ឆ្នាំ បាន​ខឹង​​នឹងស្ត្រី​បម្រើ រួច​ក៏ទៅ​ផ្ទះ​មុន ។ ​ចំណែក​អ្នក​នៅសល់​ក៏​នៅ​ផឹក​បន្តទៀត​រហូត ដល់​ម៉ោង​៥ និង១៥នាទី ទើបពួក​គេ​ហៅ​ថៅ​កែ​មក​គិត​លុយ សរុប​អស់ចំនួន១៧៧.៥០០​រៀល ​តែ​ពួក​គេ​អត់លុយ​ឱ្យ ក៏ប្រើ​ល្បិច​គេច​ខ្លួនទាំង​៣​នាក់ ។ លុះ​ដល់​ម៉ោង​១៩ថ្ងៃដដែល​​ជន​សង្ស័យ​ឈ្មោះ​ប៉ា គឹមស្រេង ​ហៅ​ជាតិ បាន​ហៅមិត្ត​ភក្តិ ​២​នាក់​ទៀត​​ឱ្យ​ជូនទៅ​រក​ឈ្មោះ​ឆ្អឹង ហៅ​សុខ​ នី ​ដែលគេ​ធ្លាប់​មានទំនាស់​គ្នា​​ពី​មុន ។ ពេល​រកនោះ ត្រូវ​គេ​ប្រាប់​ថា ឃើញនៅ​ផឹក​ក្នុង​ហាង​ទីក្រុង​ថ្មីនោះដែរ តែ​រកអត់​ឃើញ​ក៏​ចេញ​មក​ក្រៅវិញ ក៏​ជួប​​​ឈ្មោះ​ភួង ​ពិសិដ្ឋ ​ហៅ​អ៊ឹង ​ជាប្អូនបង្កើត​ម្ចាស់​ហាង​ ក៏​បានទារ​លុយ​ពីឈ្មោះ​ប៉ា គឹម​ស្រេង ដែល​ផឹកស៊ី​មិនឱ្យ​លុយ។ 

តែ​ជន​សង្ស័យ​បាន​ប្រកែក​រួច​បាន​​ស្រែក​​ដាក់គ្នា ក៏​ក្លាយ​ជា​ទំនាស់​ ហើយ​ប្អូន​ថៅ​កែ ​ហាង​បាន​វាយពីរ​ដៃ​ទៅ​លើ​​ឈ្មោះប៉ា គឹមស្រេង ។ លុះ​ដល់ម៉ោង​៩ និង​៥០នាទីយប់ ជន​សង្ស័យ​ទាំង​៣​នាក់​បានជិះ​ម៉ូតូ១​គ្រឿង​ត្រឡប់​មក​វិញ ប្រដាប់​ដោយកាំ​ភ្លើង AK កាត់ស្នូកមួយ​ដើមផង ។ ពេល​ទៅដល់​​អ្ន​កនៅ​ក្នុងហាង​នាំគ្នា​គេចចេញអស់ ។ ចំណែក​ឈ្មោះ​ប៉ា គឹមស្រេង ជា​អ្នក​កាន់កាំភ្លើង​បាន​បាញ់​​​រះ​ចូល​ទៅក្នុង​ហាង​ចំនួន​១៥គ្រាប់ ខូច​ខាត​សំភារ​ តែ​មិនធ្វើឱ្យ​អ្នក​ណាមានរបួស​ឡើយ។

​ក្រុម​ជនសង្ស័យ​​បានសារភាព​ប្រាប់​ប៉ូលិស​ថា ​កាំភ្លើង​​នេះ​ជា​របស់ឈ្មោះ​ពុយ មីនា និងបាន​សារភាពថា ពិតជា​បានយក​កាំភ្លើង​មានបំណង​បាញ់​សម្លាប់ម្ចាស់​ហាងពិតប្រាកដ​មែន ។ បច្ចុប្បន្ន​​ជនសង្ស័យ​២​នាក់​ និង​កាំភ្លើងAK ​១​ដើម ត្រូវ​បានប៉ូលិស​ការិយា​ល័យ​កំរិតស្រាល ​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​កាត់​ទោស​ហើយ ៕