រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះនៅចំណុចលើសួនច្បារផ្សារចាស់(ខាងជើងផ្សារចាស់) ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនោះមានហេតុការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយកើតឡើងទៅដល់កម្លាំងមានសមត្ថកិច្ចខណ្ឌដូនពេញ ។
ដោយបានចុះមកកដល់កន្លែងកើតហេតុដោយមានគេស្រែកតាមវិទ្យុទាក់ទងកាណាល់អាយឌីរបស់ខណ្ឌដូនពេញថា «កម្លាំងនគរបាលផ្សារចាស់ម្នាក់បានធ្វើសកម្មភាពមកកញ្ឆក់យក ថង់លុយ ពណ៌ខ្មៅមួយពីស្ត្រីម្នាក់នៅលើសួនច្បារផ្សារចាស់» ខណៈដែលចុះរៀបចំធ្វើសណ្តាប់ធ្នាប់នោះ ។
ស្ត្រីម្នាក់ឈ្មោះ ច័ន្ទ បុប្ផា អាយុ២៨ឆ្នាំ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុនាងបានមកអង្គុយលក់ឆ្នោតកោសរបស់ខ្មែរ នៅចំណុចក្រោមដើមឈើលើចិញ្ចើមផ្លូវលើសួនច្បារផ្សារចាស់ខាងលើ ដូចសព្វមួយដង ហើយមីងរបស់ខ្លួនម្នាក់មានអាយុប្រមាណជាជាង៥០ឆ្នាំម្នាក់ ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅ នៅក្នុងផ្សារដោយមានកាន់ថង់ខ្មៅមួយជាប់នឹងខ្លួនផង ដែរនោះបានមកអង្គុយហូបនំបញ្ចុកនៅក្បែរកន្លែងរបស់នាងលក់ ។ ពេលនោះក៏មានកម្លាំងមានសមត្ថកិច្ចរបស់ផ្សារចាស់មួយក្រុមនាំគ្នាចុះមកដើរធ្វើសណ្តាប់ធ្នាប់នៅទីនេះ ហើយក៏បានហៅមីងរបស់នាងធ្វើការសួរនាំ និងប្រាប់អោយមីងរបស់នាងបើកថង់ខ្មៅមួយដែលនៅជាប់ និងខ្លួន ហើយពួកគាត់ក៏បានយកអាយកូបទៅកូរមើលខាងក្នុងក្រែងមានក្រដាស់កន្ទុយលេខ ។
ព្រោះកន្លងមករូបគាត់ធ្លាប់បានលួចកត់ឆ្នោតយួន និងឈប់វិញ ក្រោយពីមានការព្រមានចាប់អំពីសំណាក់កម្លាំងអាជ្ញាធរនាពេលកន្លងមកនេះ ហើយរូបគាត់ក៏បានប្តូរទៅលក់ទឹកអំពៅនៅក្នុងផ្សារជាមួយ និងប្តីរបស់គាត់វិញហើយដែរ តែដោយរកមិនឃើញទើបពួកគាត់អនុញ្ញាតិអោយមីងរបស់គាត់ត្រឡប់ទៅវិញ និងមិនឃើញត្រូវបានគេដកហូតយកអ្វីឡើយផងដែរ ។ លុះបន្តិចក្រោយមកក៏នាងបានឃើញមានកម្លាំងមានសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ចុះមកដល់កន្លែងរបស់នាងព្រោងព្រៀត និងសួរនាំរឿងថា «មាននគរបាលផ្សារចាស់ម្នាក់បានកញ្ឆក់យកថង់ លុយពណ៌ខ្មៅពីស្ត្រីម្នាក់» នេះកើតឡើងតែម្តង ។
លោក ទិត្យ វិសាល បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីនេះដែរ ក្នុងនាមរូបលោកជានគរបាលមានតួនាទីប្រចាំការ នៅផ្សារចាស់នេះមួយរូបដែរនោះ គឺរូបលោកមិនបានដឹងរឿងអ្វីឡើយ ហើយក៏មិនមានកម្លាំងរបស់លោកណាម្នាក់ចុះ មកធ្វើសណ្តាប់ធ្នាប់នៅចំណុចខាងលើដែរ ។ ខណៈដែលរូបលោកកំពុងតែស្ថិតនៅក្នុងផ្សារនោះក៏ស្រាប់ តែមានសំឡេងស្រែកតាមវិទ្យុទាក់ទង (អាយឌី) មួយបានស្រែកឡើងសួរថា«តើនគរ បាលផ្សារចាស់ណាម្នាក់បានកញ្ឆក់យកថង់លុយ ពណ៌ខ្មៅមួយពីស្ត្រីម្នាក់ឬទេ? » ។
លោកក៏បានប្រាប់បន្តទៀតថា ពេលដែលមានការភ្ញាក់ផ្អើលថា «មានរឿងនគរបាលម្នាក់មកកញ្ឆក់យកលុយពីស្ត្រីម្នាក់» ភ្លាមនោះលោកក៏បានចុះមកដល់ រួម និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញជាច្រើននាក់បានចុះធ្វើការស្រាវជ្រាវតែមិនបានឃើញមានស្ត្រីរងគ្រោះដូចការស្រែកតាមអាឌីនោះឡើយ ហើយរឿងនេះដែរ ទំនងជាអាចកើតឡើងពីការភាន់ច្រឡំប៉ុណ្ណោះ ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុមានបុរសម្នាក់ទំនងជាមន្ត្រីថ្នាក់ខ្ពស់របស់នគរបាលខណ្ឌដូនពេញម្នាក់បានស្រែកសួរគេឯងតាមវិទ្យុទាក់ទង (អាយឌី)ថា «តើមាននគរបាលផ្សារចាស់ណាម្នាក់បានមកកញ្ឆក់យកថង់លុយពណ៌ខ្មៅមួយពីស្ត្រីម្នាក់នៅលើសួនច្បារទេ?» ទំនងជាមានអ្នកប្តឹងនោះ ។ ទើបភ្លាមនោះបង្កអោយការភ្ញាក់ផ្អើលដេញដោលសួរនាំគ្នាយ៉ាងខ្លាំង មិនតែប៉ុណ្ណោះក៏មានកម្លាំងនគរបាលសាលាខណ្ឌដូនពេញ យ៉ាងច្រើនចុះមកដល់លើសួនច្បារ ផ្សារចាស់ព្រោងព្រៀតធ្វើការសួរនាំពីរឿងនេះ អស់រយៈពេលយ៉ាងយូរដែរ តែមិនមានជនរងគ្រោះណាម្នាក់ចេញមុខមកអះអាងឡើយ ទើបកម្លាំងមានសមត្ថកិច្ចទាំងនោះវិលលត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ