រាជធានីភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថាការចង់ផ្លាស់ប្តូររបបដឹកនាំប្រទេសរបស់ក្រុមប្រឆាំងបានទទួលបរាជ័យ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ តាមរយៈធ្វើបាតុកម្មចង់ និងបដិវត្តន៍ពណ៌ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ ។ ថ្លែងក្នុងពិធីប្រកាស និងផ្ទេរតួនាទីអភិបាលខេត្តមបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា យ៉ាងដូច្នេះថា អ្នកនយោបាយខ្មែរគ្រប់និន្នាការបានស្រុះស្រួលគ្នាជ្រើសរើសយករបបមួយ ដែលអាចទទួលយកបានទាំងអស់គ្នា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស ។
សម្តេចបានបញ្ជាក់ថា « អីញ្ចឹងផ្លូវកំពុងតែដើរនេះទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានពេញចិត្ត ។ ប៉ុន្តែអ្នកដែលមាននិន្នាការទៅលើរបបនយោបាយណាមួយនោះ (ក្រុមប្រឆាំង) ពីអតីតកាលតែងតែងវិភាគរិះគន់ទៅលើសកម្មភាពរបស់រដ្ឋាភិបាលថា មិនស្របនឹងគំនិតរបស់ខ្លួន ។ ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា បដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងត្រូវបានបរាជ័យហើយ កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រកន្លងមក ។ សម្តេច ស ខេង បានបញ្ជាក់ការធ្វើបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងយ៉ាងដូច្នេះថា «រឿងអីមិ នថា បដិវត្តន៍ពណ៌ ព្រោះយកផ្កាកុលាប ផ្កាឈូក ទៅឲ្យកងរាជអាវុធហត្ថ កងនគរបាលជាតិឬសមត្ថកិច្ចឈរ ដើម្បីយាមការពារសន្តិសុខសណ្តាប់ធ្នាប់ ។ យកទៅពេលនឹងបើកកងទ័ពនគរបាល កងរាជអាវុធហត្ថទទួលយក នោះគេនឹងថា បដិវត្តន៍ពណ៌ទទួលបានជោគជ័យ ដោយហៅថា បដិវត្តផ្កាឈូក ឬបដិវត្តផ្កាកុលា ។ ប៉ុន្តែកងកម្លាំងមិនយក» ។
សម្តេចក៏បានអំពាវនាវឲ្យមានការកសាងលទ្ធិប្រជាធិបតេយ្យ ដោយកុំនាំគ្នាបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យបាននោះមិនត្រឹមតែតិចទាញ ឬរិះគន់ទេហៅលទ្ធិប្រជាធិបតេយ្យ ។ គឺត្រូវធ្វើជាក់ស្តែងដូចជា ចាត់តាំងការបោះឆ្នោតឲ្យគ្រប់អាណត្តិ និងដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា ។ មានសិទ្ធិបញ្ចេញមតិ ។ ឆ្លើយនឹងការចោទថា មានការរិតត្បិតសិទ្ធិបញ្ចេញមតិត្រូវបានសម្តេច ស ខេង បដិសេធន៍ថា មិនដូចទាំងស្រុងនោះទេ ព្រោះថា មានអ្នកសារព័ត៌មានសង្កមស៊ីវិលច្រើន ។ ជាងនេះរដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ការគ្រប់គ្រងរដ្ឋបាល ផ្លាស់ប្តូរទំលាប់ចាស់ … ។ ទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃការកសាងលទ្ធិប្រជាធិបតេយ្យដែរ ៕
ចែករំលែកព័តមាននេះ