ខេត្តកណ្តាល ៖ ជនសង្ស័យយម្នាក់បានត្រូវនគរបាលប៉ុស្តិ៍សិត្បូរធ្វើការឃាត់ខ្លួន រួចប្រគល់អោយនគរបាលក្រុងតាខ្មៅវិញ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះថា ចាញ់បោកជនសង្ស័យ ពេលជិះម៉ូតូជាមួយគ្នាទៅហូបកាហ្វេនៅសួនច្បារមាត់ទន្លេតាខ្មៅ ។ បន្ទាប់មកជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ខ្លួនដោយប្រាប់ថា ជិះទៅរកទិញអីហូបមួយភ្លែត រួចក៏ជិះយកទៅលក់បាត់ ហើយយកលុយស៊ីចាយលេងល្បែងចាញ់អស់ វិលត្រឡប់មកផ្ទះវិញត្រូវនគរបាលឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧និង០០នាទី ចំណុចសួនច្បារតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ។ ជនរងគ្រោះមានឈ្មោះឆាយ ឃុន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប ។
ជនសង្ស័យមានឈ្មោះអុល បុប្ផា ហៅលឿង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ សេរី២០១៩ ផ្លាកលេខ ភ្នំពេញ 1AH-1845 (របស់ជនរងគ្រោះ)។ ចំពោះវត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាក Suzuki Gixcer ពណ៌ខ្មៅ ផ្លាកលេខ ប.មានជ័យ 1A-9189(របស់ជនល្មើស) ។
សាក្សីបានអោយដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនជាមួយជនសង្ស័យទៅហូបកាហ្វេនៅសួនច្បារមាត់ទន្លេតាខ្មៅ ។ បន្ទាប់មកជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថា ជិះទៅរកទិញអីហូបមួយភ្លែត រួចក៏ជិះយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណនៅម្តុំផ្សារថ្មីបានលុយ៩០០ដុល្លារ ហើយយកលុយស៊ីចាយលេងល្បែងចាញ់អស់ទៅ ។ លុះមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១១ព្រឹកក៏ត្រូវម្ចាស់ម៉ូតូឃើញជនសង្ស័យបានចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ