ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពាមរក៌ និងស្រុកព្រះស្តេចបានលើកឡើងថា រាល់ថ្ងៃនេះនៅពេលដែលពួកគាត់ធ្វើដំណើរទៅណាមកណាម្តងៗនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះសុវត្ថិភាព ដោយសារតែផ្លូវទាំង២នេះមានរថយន្តដឹកខ្សាច់ដឹកថ្មធំៗធ្វើចរាចរណ៍ដោយមិនគោរពបទដ្ឋានបច្ចេកទេសនោះទេ ។
ពលរដ្ឋទាំងនេះបានបញ្ជាក់ថា ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម គេដាក់ខ្ពស់ហួសទ្រង់ ពេលបើកនៅលើដងផ្លូវតែងតែជ្រុះដី និងថ្មលើដងផ្លូវអោយរដឹក ព្រោះគេមិនបានគ្របបិទអោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយមានគ្រោះថ្នាក់ជាញឹកញាប់ ពិសេសលើអ្នកដំណើរដែលជិះម៉ូតូ ហើយក៏ធ្វើអោយបែកកញ្ចក់រថយន្តអ្នកដំណើរជារឿយៗផងដែរ ដោយសារតែជិះនៅពីក្រោយរថយន្តដឹកថ្មទាំងនោះ ហើយត្រូវថ្មធ្លាក់ត្រូវ ។
ដោយឡែករថយន្តដឹកខ្សាច់វិញ រថយន្តខ្លះដឹកខ្សាច់ទាំងសើមជោគធ្វើអោយទឹកហូរស្រោចពេញដងផ្លូវ ខ្លះទៀតដឹកខ្សាច់ស្ងួត តែមិនបានគ្របធ្វើអោយខ្សាច់ហុយពេញផ្លូវធ្វើអោយចូលភ្នែកច្រមុះអ្នកដំណើរដែលជិះកង់ម៉ូតូ រឺម៉ក និងបង្កអោយមានគ្រោះថ្នាក់ជាញឹកញាប់ផងដែរ ហើយការដឹកជញ្ជូនបង្កនូវហានិភ័យបែបនេះបានកើតមានឡើងជាយូរយារណាស់មកហើយ ប៉ុន្តែគេពុំដែលឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ចាត់វិធានការទប់ស្កាត់ឡើយ ។
ចំពោះបញ្ហាខាងលើនេះលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេចបានអោយដឹងថា រឿងក្រុមរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ធំៗដឹកជញ្ជូនខុសបទដ្ឋានបច្ចេកទេសនេះ គឺពិតជាកើតមានដូចការលើកឡើងខាងលើមែន ហើយលោកក៏មានផែនការទប់ស្កាត់ផងដែរ ប៉ុន្តែទន្ទឹមគ្នានោះ គឺទាមទារអោយមានការចូលរួមពីអាជ្ញាធរដើមទីផងដែរ ដូចជា រថយន្តដឹកថ្ម ដឹកចេញពីស្រុកបាភ្នំ រថយន្តដឹក ខ្សាច់ដឹក ចេញពីស្រុកពាមរក៌ ដូច្នេះសូមអោយអាជ្ញាធរស្រុកទាំង២នោះ ជួយទប់ស្កាត់ផងដែរ ទើបមានប្រសិទ្ធិភាព ។
ដោយឡែកលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៌បានអោយដឹងដែរថា ចំពោះរថយន្តដឹកខ្សាច់ទាំងនោះលោកស្រីបានចាត់អោយមន្ត្រីជំនាញធ្វើការកោះហៅក្រុមម្ចាស់រថយន្តទាំងនោះមកធ្វើការណែនាំដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារតែមានការងាររវល់ពេកទើបមន្ត្រីជំនាញមិនទាន់បានចេញធ្វើការរឿងនេះ តែទោះយ៉ាងណាលោកស្រី និងទាក់ទងទៅខាងមន្ទីរជំនាញសុំសហការចុះធ្វើការងារនេះអោយបានឆាប់បំផុត ។
ពាក់ពន្ធ័ និងករណីនេះដែរអ្នកយកព័ត៌មានកោះសន្តិភាពបានព្យាយាមទាក់ទងទៅលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែងដែលជាមន្ទីរជំនាញ ដើម្បីសុំការបំភ្លឺផងដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបានដោយសារតែទូរសព្ទ័របស់លោកខលចូលហើយគ្មានអ្នកទទួល ៕
ចែករំលែកព័តមាននេះ