ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក​ជំរុញ​ឱ្យ​មាន​អនុ​គណៈ​​កម្មាធិការ​បន្ថែម​នៅ​តាម​ខេត្ត


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​កីឡា​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក​កម្ពុជា ជំរុញ​ឱ្យ​មានការ​បង្កើត អនុ​គណៈ​កម្មាធិការ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​កបាន​ច្រើន​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស ខណៈ​បច្ចុប្បន្ន​មាន​ចំនួន​១៣​រួច​ហើយ ។ នេះ​បើ​តាម​លោក សែ​ម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ប្រជុំ​បូក​សរុប​ការងា​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៩ ។

លោក​រដ្ឋលេខាធិការ សែ​ម សុខា ថ្លែង​ថា បច្ចុប្បន្ន​អនុ​គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក កម្ពុជា​មាន​ចំនួន​១៣​គឺ រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ស្វាយរៀង ខេត្តតាកែវ ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម ។

លោក​បន្ត​ថា គោលបំណង​សំខាន់​ក្នុង​ការ​បង្កើត​អនុ​គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក​ឱ្យ​កាន់តែ​ច្រើន​បែប​នេះ គឺ​ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ជន​មាន​ពិការ​ភាព និង​ជា​ការ​រួមចំណែក​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​កម្ពុជា ។ ជាង​នេះ​ទៀត ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​សមាគម​នានា សម្រាប់​ធ្វើការ​គ្រប់គ្រង​ហ្វឹកហាត់​ដល់​ក្មួយ​ៗ​ខ្សោយសតិ​បញ្ញា​បាន​ធ្វើការ​ហ្វឹកហាត់​ដិត​ដល់ សម្រាប់​ចូលរួម​ប្រ​កួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រ​​ទេស ។

លោក​រដ្ឋលេខាធិការ សែ​ម សុខា មាន​ប្រសាសន៍​ទៀត​ថា ដោយ​ការ​អភិវឌ្ឍ​នៅ​មាន​កម្រិត ជា​ពិសេស​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក​ពឹងផ្អែក​លើ​ការ​ជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា​ពី​អង្គការ​ជាតិ​-​អន្តរជាតិ និង​សប្បុរសជន​នានា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា បាន​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ឧបត្ថម្ភ​ថវិកា​ដល់​ចលនា​កីឡា​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក រួម​ទាំង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នក​ថែទាំ​ជាដើម ។

ជាក់ស្ដែង ថ្ងៃនេះ​ក៏​មាន​ធ្វើការ​ប្រគល់​ប្រាក់​រង្វាន់​ជ័យ​លា​ភី​ដល់​កីឡាករ​កីឡាការិនី គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នក​មើលថែ ពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ថ្នាក់​អនុ​តំបន់​មេគង្គ តាំងពី​ឆ្នាំ​២០១៤ មក​ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​២២០.៥០០.០០០​រៀល ។ ដោយឡែក ចំពោះ​ជ័យ​លា​ភី​បាន​មក​ពី​ការ​ប្រកួត​ថ្នាក់​អនុ​តំបន់​មេគង្គ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នៅ​ពុំ​ទាន់​ទទួល​បាន​នៅឡើយ​ទេ​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ