ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់រួមជាមួយបក្ខពួកចំនួន៤នាក់ទៀតធ្លាប់ធ្វើសកម្មភាពលួចយកឈើធ្នង់ជិត៣០កំណាត់ដែលកសិករម្នាក់ទិញយកមកទុកសម្រាប់ធ្វើទ្វារបង្អួចផ្ទះកាលពី៧ខែមុន បន្ទាប់មកក្រុមជនសង្ស័យទាំង៥នាក់បានយកឈើធ្នង់ទាំងនោះទៅលក់ចែកលុយគ្នារួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព និងមិនត្រូវនរណាម្នាក់ស្គាល់ឡើយ។ លុះមកដល់ពេលនេះជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ខាងលើបានចូលធ្វើសកម្មភាពលួចមួកសុវត្ថិភាព១នៅក្នុងផ្ទះរបស់បុរសម្នាក់ ប៉ុន្តែមិនបានសម្រេចត្រូវបានម្ចាស់ដឹងទាន់ក៏ចាប់ខ្លួនប្រគល់ឱ្យនគរបាលធ្វើការសាកសួរ ទើបធ្លាយរឿងលួចឈើធ្នង់ខាងលើ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យម្នាក់ខាងលើឈ្មោះថន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិតាពេច ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកម្ចាស់មួកសុវត្ថិភាពឈ្មោះសួន ណារុន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិទួលសេរី ឃុំទួលព្រេច ស្រុកអង្គស្នួល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៧៩៤៩ ចូលទៅលួចយកមួកសុវត្ថិភាពរបស់បុរសឈ្មោះសួន ណារុន ប៉ុន្តែភ្លាមៗនោះត្រូវបុរសជាម្ចាស់មួកសុវត្ថិភាពឃើញទាន់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ព្រមទាំងចាប់ខ្លួនបាន និងប្រគល់ឱ្យនគរបាលប៉ុស្តិ៍ម្កាក់នាំទៅសាកសួ រួចទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួលធ្វើការសួរនាំជាបន្តទៀត។
តាមប្រភពព័ត៌មានបានបន្តថា ក្រោយពេលចាប់ខ្លួន និងសាកសួរជនសង្ស័យ ស្រាប់តែបែកធ្លាយករណីលួចឈើធ្នង់ជាច្រើនកំណាត់កាលពី៧ខែមុន ហើយដែលករណីនោះកម្លាំងកំពុងធ្វើការស្រាវជ្រាវស្រាប់ផង ហើយក៏មិនខុសពីការរកអុសប្រទះឈើងាប់ឡើយ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ខ្លួនរួមនឹងបក្ខពួកចំនួន៤នាក់ទៀត ក្នុងនោះរួមមាន១-ឈ្មោះ រិន រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះហេង សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិតាពេច ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្តាល និងបក្ខពួកចំនួន២នាក់ផ្សេងទៀតមិនស្គាល់ឈ្មោះឡើយ បានចូលទៅធ្វើសកម្មភាពលួចឈើធ្នង់នៅក្នុងផ្ទះបុរសម្នាក់ឈ្មោះអ៊ូច ភឺន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយលួចបានឈើធ្នង់ចំនួ២៨កំណាត់បន្ទាប់មកពួកខ្លួនបានយកទៅលក់ឲ្យសិប្បកម្មទ្វារបង្អួចមួយកន្លែងស្ថិតនៅក្នុងភូមិពង្រ សង្តាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យបានឆ្លើយសារភាពបន្តថា បន្ទាប់មកពួកខ្លួនបានចែកលុយគ្នាចាយដោយមិនដឹងថាឈើនោះលក់បានប៉ុន្មានទេ ព្រោះបក្ខពួកជាអ្នកយកទៅលក់ ចំណែកខ្លួនមិនបានទៅជាមួយទេ ប៉ុន្តែខ្លួនទទួលបានចំណែកត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ ហើយក្រោយពេលចែកលុយគ្នារួចក៏បានគេចខ្លួនដោយសុវត្ថិភាពរៀងៗខ្លួន ។ លុះដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ខ្លួនតែម្នាក់ឯងបានជិះម៉ូតូចូលទៅធ្វើសកម្មភាពលួចមួកសុវត្ថិភាព១នោះ ប៉ុន្តែមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់ក៏ដេញតាមចាប់ខ្លួនបានតែម្តង៕
ចែករំលែកព័តមាននេះ