ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឹ​ម គង់ ៖ មួយ​ជីវិត​ខ្ញុំ​គឺ​ការងារ​អភិរក្ស​ជួសជុល និង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​!

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​លឹ​ម គង់ មាន​អាយុ​៥៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោក​បេង សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ត​សៀម បាន​ចំណាយពេល​អស់​រយៈពេល​១៥​ឆ្នាំ…

ខេត្តសៀមរាប ៖ លោក​លឹ​ម គង់ មាន​អាយុ​៥៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោក​បេង សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ត​សៀម បាន​ចំណាយពេល​អស់​រយៈពេល​១៥​ឆ្នាំ ជា​អ្នក​ជួសជុល​ប្រាសាទ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​រហូត​ក្លាយជា​អ្នកជំនាញ​រៀប​ថ្ម ត​ថ្ម ដែល​ទទួល​បានការ​ងារ​ជា​ហូរហែ ហើយ​បាន​បង្រៀន​ដល់​អ្នក​ជំនាន់​ក្រោយ អំពី​វិជ្ជាជីវៈ​ជំនាញ​របស់​ខ្លួន​ទៀត​ផង ។

សព្វថ្ងៃ​លោក​លឹ​ម គង់ កំពុង​បំពេញភារកិច្ច​ជា​មេក្រុម​មួយ​ផ្នែក​លើ​ការ​ជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច​ដែល​ជា​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ។ បើ​ទោះបី​មិនមែន​ជា​អ្នកជំនាញ​ដែល​ទទួល​បានការ​អប់រំ​ថ្នាក់​បរិញ្ញាបត្រ ឬ​បណ្ឌិត​ជំនាញ​ជួសជុល​ប្រាសាទ​ក៏​ពិតមែន​ក៏​មេក្រុម​ជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច​រូប​នេះ​មានបទពិសោធន៍​គ្រប់គ្រាន់​ច្បាស់លាស់​ក្នុង​កា​រត​ថ្ម រៀប​ថ្ម ដាប់ថ្ម លាយ​កាវ និង​បង្រៀន​កូនក្រុម​អំពី​ការងារ​បាន​យ៉ាង​ល្អ ។

ក្នុង​នាម​ជា​អ្នក​ជួសជុល​ប្រាសាទ​ដូនតា​មួយ​រូប​លោក​គង់ បាន​បង្ហាញ​នូវ​ឆន្ទៈ និង​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ខ្ញុំ​ចង់​ធ្វើ​តែ​ប្រាសាទ​មួយ​ជីវិត​ខ្ញុំ នៅ​តែ​ចង់​បន្ត​ធ្វើ​ការងារ​នេះ​រហូត​ឱ្យ​តែ​នៅ​មាន​កម្លាំង ព្រោះ​ខ្ញុំ​ចង់ឱ្យ​បេតិកភណ្ឌ​ពិភពលោក​កាន់តែ​រីក​ចម្រើន​តទៅ​មុខ កុំឱ្យ​រលុះ​បាក់បែក ។ ខ្ញុំ​សោកស្តាយ​ណាស់ ដែល​ប្រាសាទខ្មែរ​ជា​ច្រើន​ខូចខាត​ខ្ទេចខ្ទាំ ខ្ញុំ​ចង់​ជួសជុល​ថ្មី​ឱ្យ​បាន​ល្អ​ដូច​បុរាណ​វិញ តាម​សមត្ថភាព និង​ការ​ចេះ​ដឹង​របស់ខ្ញុំ​» ។ លោក​ជា​មេក្រុម​បាន​បញ្ជាក់​ដែរ​ថា បទ​ពិសោធន៍​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ដំបូង​ឡើយ លោក​បាន​ធ្វើការ​ជាមួយ​អ្នកជំនាញ​ចិន​ដែល​ជួសជុល​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ ។

ក្រោយ​ចប់​គម្រោង​លោក​ក៏​បាន​បន្តការងារ​ជាមួយ​អ្នកជំនាញ​ឥណ្ឌា​នៅ​ប្រាសាទតាព្រហ្ម និង​ជាមួយ​អ្នកជំនាញ​ខ្មែរ​ដែល​ធ្វើការ​ជួសជុល​នៅ​ប្រាសាទ​បា​សែត ប្រាសាទ​នៅ​អូរ​ជីក និង​នៅ​បន្ទាយឆ្មារ ។ ការ​អនុវត្ត​ជា​ប្រចាំ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​អាច​ស្គាល់​ពី​គុណភាព​ថ្ម រៀប​ថ្ម​ឱ្យ​ជាប់​មាំទាំ ជិត​ល្អ​ដូច​បុរាណ ហើយ​មាន​សមត្ថភាព​អាច​សង្គ្រោះ​ប្រាសាទបុរាណ​បាន ។

លោក​ក៏​សង្ឃឹមថា មិនយូរ​ទេ​ប្រាសាទ​ក្នុង​ប្រទេស​ខ្មែរ​នឹង​ទទួល​បានការ​អភិរក្ស​ជួសជុល ឱ្យ​រួច​ផុត​ពី​ហានិភ័យ ហើយ​សូម​ឱ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​ការពារ​ថែរក្សា​ប្រាសាទ​ដូនតា​ជា​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​គ្នា ។ ចំពោះ​លោក​វិញ​លោក​មាន​មោទនភាព​ណាស់ ហើយ​ប្តេជ្ញា​នឹង​បន្តការងារ​នេះ​រហូត ព្រោះ​បាន​បន្សល់​នូវ​ស្នាដៃ​ថ្មី​លើ​វត្ថុ​បុរាណ​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ