ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មានកោះសន្តិភាព ស្ដីអំពីបឹងធំដែលជាបឹងធម្ម
ជាតិ បានរីងស្ងួតគោកអស់ ដែលមិនធ្លាប់មានពីមុនមក គឺបណ្ដាលមកពីមន្ទីរជំនាញបានបង្ហូរទឹកចេញ
ក្នុងគោលបំណងស្តារបាតបឹងឱ្យមានជម្រៅជ្រៅស្តុកទឹកបានច្រើន ប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់
នៅរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផលជុំវិញបឹងរួចមក កាលពីព្រឹកថ្ងៃទ០៧ ឧសភា លោកប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក រួមនឹងមន្ត្រីជំនាញមួយចំនួនទៀត បានចុះទៅពិនិត្យមើលស្ថានភាពទឹកបឹងធំ នឹងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋដែលរងការប៉ះពាល់ ។
នៅក្នុងឱកាសនោះ លោកប៉ុញ សច្ចៈ បានមានប្រសាសន៍ថា ដោយយោងតាមសំណើស្នើសុំរបស់សហគមន៍ប្រើប្រាស់ទឹកទួលអំពិល ក្នុងគោលបំណងស្តារបាតបឹង ឬអាងឱ្យបានជ្រៅ ដើម្បីរក្សាទឹកទុក ប្រើប្រាស់បានច្រើន ទើបក្រសួងធនធានទឹកនិងឧតុនិយមអនុញ្ញាត្តឱ្យតាមសំណើ ។ ប៉ុន្តែដោយសារក្រសួងធនធានទឹក មិនមានលទ្ធភាពដោះស្រាយ ទើបសហគមន៍រកដៃគូឯកជនមកចូលរួមស្តារហើយ ដើម្បីស្តារបាតបឹងនេះបាន លុះត្រាតែធ្វើការបង្ហូរទឹកចេញនិងយកគ្រឿងចក្រមកដាក់ ។
លោកបានបញ្ជាក់ថា រាល់ផលប៉ះពាល់ សហគមន៍ត្រូវតែចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋ ព្រោះសហគមន៍ក៍បានប្រយោជន៍ពីការស្តាបឹងនេះដែរ ។ ហើយរឿងនេះ ជាកំហុសរបស់សហគមន៍ដែលមិនបានផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋបានដឹងអំពីគម្រោងការមួយនេះ ។ លោករដ្ឋលេខធិការ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ធំនេះមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់ការស្រោចស្រប់ ស្រែចំការ ជុំវិញបឹងម្យ៉ាងទៀតក្នុងបឹងនេះក៏មានទឹកល្អជាងទឹកទន្លេសាប ដែលនៅខែប្រាំងមានព្រាំ ។
បឹងធំមួយនេះ វាក៏បានបំរើអោយវិស័យទេសចរណ៍ និងជាផ្នែកមួយទទួលស្តុកទឹកនៅពេលខែវស្សា ដែលទឹកបានហូរចាក់មកពីគ្រប់កន្លែងចូលបឹងមួយនេះដែរ ។ ដោយឡែក លោក ម៉ម សារឿន ប្រធានសហគមន៍ប្រើប្រាស់ទឹកទួលអំពិលបាននិយាយឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋនៅចំណុចមុខ លូ ជប៉ុន ដែលរងការប៉ះពាល់ លោកបានសន្យានឹងដោះស្រាយជូនពួកគាត់ហើយ៣គ្រួសារ ក្នុងចំណោម៦ គ្រួសារ ដែលធ្វើស្រូវប្រាំង ដោយសន្យាសងការប៉ះពាល់ ៥០% នៃផល ដែលគាត់ធ្វើបាន ។ ដោយឡែក ប្រជាពលរដ្ឋដែលរងការប៉ះពាល់លើផ្នែកដាំឈូក សហគមន៍នឹងចេញសំណងថ្លៃពូជនិងថ្លៃពលកម្មផងដែរ ចំណែកនៅផ្នែកផ្សេងទៀតនឹងដោះស្រាយបន្ត ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋបាននិយាយថា៖ បឹងធំនេះ មានវិសាលភាពធំណាស់ គឺចាប់ពីចំណុចទំនប់បា
រាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រហូតដល់ភូមិកងមាស ស្រុករលាប្អៀរ ។ ពេលនេះបានគោករាក់អស់ហើយ មិនប៉ះពាល់ត្រឹមតែផលដំណាំនោះទេ សូម្បី តែត្រីក៍មានងាប់អស់ដែរ ដែលបញ្ហានេះ មិនគួរឱ្យមានការបង្ហូរទឹកចេញបែបនេះឡើយ ហើយក៏ខុសពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលកន្លងមកធ្លាប់បានប្រកាសអោយបងប្អូនប្រជាពលរដ្ឋ រក្សាទឹកទុក គ្រប់ទីកន្លែង ក្នុងរដូវប្រាំងក្តីហួតហែង ដែលនឹងធ្វើអោយបឹងបួរ មួយចំនួនត្រូវរីងស្ងួតដែរ ។
ចែករំលែកព័តមាននេះ